«ចាប់ពីថ្ងៃនេះទៅ ហាមនាងចេញទៅណាជាមួយមិត្តភក្តិ។
ត្រូវចូលផ្ទះមុនម៉ោង៨យប់។
គ្មានលក្ខខណ្ឌអីដែលត្រូវអនុញ្ញាតឳ្យនាងធ្វើអ្វីតាមចិត្តទៀតនោះទេ។ បើនាងធ្វើមិនបាន
ត្រៀមបង្វិចខោអាវចេញពីផ្ទះទៅ!»
ខ្ញុំទាញមួកសុវត្ថិភាពមកពាក់ ហើយក៏អូសម៉ូតូចេញក្រៅ
ទាំងមិនហ៊ានងាកទៅមើលមុខម៉ាក់។
ខ្ញុំធ្វើមិនខ្វល់ពីសម្ដីម៉ាក់ តែចិត្តខ្ញុំដូចជាត្រូវនរណាម្នាក់កំពុងតែយកកាំបិតចុងមុតមកចាក់
ចាក់ហើយចាក់ទៀតមិនដកដៃសោះ។
ខ្ញុំជិះម៉ូតូបណ្ដើរយកដៃខ្ទប់ទ្រូងបណ្ដើរ ព្រោះវាស្រាប់តែឈឺពើតឡើង។
ខ្ញុំឈឺចាប់តែមិនស្រក់ទឹកភ្នែកទេ។ គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ
រហូតធ្វើឳ្យម៉ាក់ខឹងដល់ថ្នាក់នេះ។ ម៉ាក់ខឹងណាស់ ខឹងរហូតដល់ប៉ាក្លាយជាស្ងាត់មាត់។
ខ្ញុំមកដល់សាលាជាមួយអារម្មណ៍ឈឺចាប់ដ៏ស្ងៀមស្ងាត់។ អារម្មណ៍នេះនឹងធឹង
តែហេលហាល ស្ងៀមស្ងាត់តែឈឺចាប់។ គ្រប់គ្នានៅក្នុងថ្នាក់ កំពុងតែឆ្ងល់ជាមួយនឹងភាពសោះកក្រោះរបស់ខ្ញុំ។
ខ្ញុំក៏ចង់ប្រាប់ពួកគេ កុំឳ្យបារម្ភដែរ តែខ្ញុំធ្វើមិនបាន។
ខ្ញុំហាក់អស់កម្លាំងចម្លែក មិនអាចសូម្បីតែបញ្ចេញស្នាមញញឹមទៅកាន់ពួកគេ។
មេរៀនរំលងពីគ្រូមួយទៅគ្រូមួយ ឯខ្ញុំនៅតែបន្តស្ងៀមស្ងាត់ប្រៀបដូចជាផែនដីនឹងរលាយនៅថ្ងៃស្អែក។
នៅសុខៗស្រាប់តែមានមិត្តម្នាក់មកកេះដៃខ្ញុំ «ហេយ! ម៉េចហើយ?»។
ខ្ញុំងាកទៅមើលគេយឺតៗតាមបែបមនុស្សអស់កម្លាំង។
បន្ទាប់ពីឃើញមុខអ្នកសួរខ្ញុំក៏ប្រែជាស្ងៀមឈឹងម្ដងទៀត។
ខ្ញុំសម្លឹងមុខគេប្រហែលពីរនាទីជាមួយនឹងសភាពនឹងធឹងជាទីបំផុត។
ខ្ញុំគ្មានចម្លើយប្រាប់គេ ហើយគេក៏មិនហ៊ានសួរខ្ញុំទៀត។ ក្រសែភ្នែកគេបង្ហាញពីភាពទទួលកំហុស
ព្រមទាំងសូមឳ្យខ្ញុំអភ័យទោស។ ប៉ុន្តែក្រសែភ្នែកខ្ញុំដែលសម្លឹងគេ បែរជាគ្មានប្រតិកម្មអ្វីបន្តិច។
វាប្រៀបដូចជាក្រសែភ្នែករបស់មនុស្សស្លាប់ ដែលកំពុងតែវង្វេងនៅកន្លែងណាមួយ ហើយរកវិធីចូលខ្លួនប្រាណវិញមិនបាន។
ម៉ោងប្រហែលជា១០ព្រឹក ម៉ោងដែលសិស្សក្នុងបន្ទប់ E04 ទាំងអស់ត្រូវចូលប្រជុំដើម្បីបែងចែកក្រុមធ្វើកិច្ចការរួមគ្នា។ ខ្ញុំដើរចេញពីបន្ទប់រៀន
សំដៅទៅកាន់បន្ទប់ប្រជុំ។ ខ្លួនឯងកាន់សៀវភៅមួយក្បាលទុកសម្រាប់កត់ត្រា
និងប៉ិចពណ៌ខៀវមួយដើម។
តែ...របស់ពីរនេះប្រៀបដូចជាដុំថ្មទម្ងន់រយតោនតោងខ្ញុំជាសម្ពាយអ៊ីចឹង។
ខ្ញុំមានអារម្មណ៍ថាធ្ងន់រហូតលើកជើងដើរទៅមុខមិនចង់រួច។ «មេត្តា???»
ខ្ញុំដើរជិតដល់បន្ទប់ប្រជុំ ហើយក៏ជិតសន្លប់នៅសរសរទីបីរាប់ពីសាលប្រជុំមកដែរ។
នរណាម្នាក់ហៅមេត្តា? «មេត្តា! មេត្តា!» នរណាម្នាក់កំពុងតែហៅមេត្តាហើយ ឯណាមេត្តា?
អូហ៎! គឺខ្ញុំនេះឯងជាមាត្តា។ ខ្ញុំឈ្មោះថាមេត្តា ហើយនរណាម្នាក់កំពុងហៅឈ្មោះខ្ញុំ។
តែខ្ញុំគ្មានកម្លាំងនឹងងាកទៅរកគេទេ។ ខ្ញុំចង់ទម្លាក់ខ្លួនអង្គុយទីនេះ គេងទីនេះ!
ទេ!ខ្ញុំចង់សន្លប់ទី
នេះ។ «មេត្តាចាំផង!»។ សម្រេចហើយ ខ្ញុំនឹងងាកទៅមើកអ្នកដែលហៅឈ្មោះខ្ញុំ
ហើយឳ្យគេជួយយកភួយខ្នើយមកឳ្យខ្ញុំតែម្ដង។ ខ្ញុំងាកក្រោយយឺតប្រៀបដូចជាមនុស្សចាស់ងាកក្រោយដើម្បីឆ្លងផ្លូវ។
«មេត្តា! យប់មិញជិះទៅដល់ផ្ទះស្មានណា?» ខ្ញុំស្រាប់តែស្ងៀមទ្រឹង
ដូចមានអ្វីមួយមកបញ្ឈប់សកម្មភាព បញ្ឈប់ការគិតបស់ខួរក្បាល។
ហើយ...បញ្ឈប់ចង្វាក់បេះដូង!
ខ្ញុំប្រៀបដូចជារុក្ខជាតិមួយដើមដែលមកប្រជែងដុះនៅក្នុងអគារបស់បន្ទប់ប្រជុំ។ ខ្ញុំប្រៀបដូចជាមនុស្សយន្តមួយដែលមនុស្សពិតប្រាកដកំពុងតែស្ដីរក។
ភ្លាមៗ បន្ទាប់ពីធ្វើចិត្តបានប្រសើរបន្តិច
ទឹកភ្នែកដែលចង់់តែចេញមកក្រៅតាំងពីពេលម៉ាក់ស្ដីឳ្យម៉្លេះ
ក៏ដណ្ដើមច្រកទ្វារកែវភ្នែកទាំងគូររបស់ខ្ញុំដើម្បីចេញមកក្រៅ។
ចេញមកក្រៅឳ្យមនុស្សប្រុសចំពោះមុខខ្ញុំនេះ ដឹងពីភាពទន់ជ្រាយរបស់ខ្ញុំ
ដឹងពីការខូចចិត្តរបស់ខ្ញុំ។ គឺម្នាក់នេះហើយ! ម្នាក់ចំពោះមុខខ្ញុំនេះ
ដែលធ្វើឳ្យខ្ញុំក្លាយជាមនុស្សម្នាក់ផ្សេងទៀត ដែលខ្ញុំមិនដែលជួបពីមុន។
ខ្ញុំក្លាយជាមេត្តាម្នាក់ទៀត បន្ទាប់ពីរឿងរ៉ាវយប់មិញ។
(បន្ត...)
No comments:
Post a Comment