I Wake Up and We Became Strangers ភាគបញ្ចប់


«ដេត! មានរឿងអីទៀតហើយ?» ខ្ញុំក៏ផ្ដើមសំណួរបន្ទាប់ពីសម្រួលអារម្មណ៍ហត់ដែលលួចចេញពីផ្ទះមក
«នាងមិនត្រូវការខ្ញុំទៀតទេ» ដេតតបបែបមនុស្សស្រវឹងស្រា ហើយក៏ចង់យំផងដែរ
«គេយ៉ាងម៉េច? ហើយឈ្លោះគ្នារឿងអី?»
«គេមិនទទួលទូរស័ព្ទខ្ញុំទេ ហិហិហិ»
«គេអាចរវល់ក៏ថាបានណា៎!» ខ្ញុំព្យាយាមលួងលោមមនុស្សប្រុសដែលខ្លួនស្រលាញ់ នៅពេលដែលគាត់ឈ្លោះគ្នាជាមួយមិត្តស្រីគាត់
«អត់ទេ! គេទូរស័ព្ទមកខ្ញុំវិញ»
«អាហ៎! ហើយយ៉ាងម៉េចទៀត?»
«គេ! គេ! គេ......»
«គេយ៉ាងម៉េច?»
«គេសុំខ្ញុំបែកគ្នា ហិហិហិ»
ព្រះ! នេះដេតជួបរឿងនេះទៀតហើយមែនទេ? ហួសហេតុពេកហើយ នេះមួយរយៈដែលដេតទាក់ទងសុជាតា គឺពួកគេដូចជាស្អិតរមួតជាមួយគ្នាណាស់។ ឯសុជាតាក៏ស្រលាញ់់ដេតណាស់ដែរ ហេតុអីក៏គេមកសុំបែកគ្នាងាយៗបែបនេះ?

ខ្ញុំសុំដេតចេញមកក្រៅបន្តិច ដោយទុកឳ្យគេនៅយំដូចកូនក្មេងតែម្នាក់ឯង ហើយប្រថុយទូរស័ព្ទទៅសុជាតា។ ខ្ញុំដឹងថាខ្ញុំចូលដៃក្នុងរឿងពួគេ ប៉ុន្តែខ្ញុំក៏មិនអាចបណ្ដោយឳ្យដេតមកខូចចិត្តដោយសារតែពាក្យបែករបស់នាងបែបនេះនោះដែរ។
ខ្ញុំស្រាប់តែស្ងាត់មិនមានពាក្យអីតបទៅសុជាតាទៀតបន្ទាប់ពីនិយាយជាមួយនាងរួច។ ខ្ញុំស្ថិតនៅក្នុងសភាពដែលពិបាកពណ៌នា។ ខ្ញុំមិនច្បាស់ថាខ្ញុំត្រូវធ្វើអ្វីបន្តទៀត។

ខ្ញុំត្រឡប់មកតុដែលដេតកំពុងតែលើកកែវស្រាអក ហើយក៏ឆ្លេចសួរគេមួយសំណួរទាំងមិនបានត្រៀមចិត្តថាត្រូវសួរ
«ដេត បែកគ្នាជាមួយជាតាមែនទេ?» ខ្ញុំទាញកៅអីមកអង្គុយដូចដូចដើមវិញ
«អត់ទេ!» ល្អ! ដល់ពេលដែលខ្ញុំត្រូវស្ដាប់ការបកស្រាយរបស់មនុស្សប្រុសដែលខ្ញុំលួចស្រលាញ់មកជាយូរហើយដែរ។
«ដេតបែកគ្នាជាមួយជាតាយូរហើយមែនទេ? ដេតអាចប្រាប់ខ្ញុំបាន ដេតប្រហែលជាត្រូវការអ្នកនិយាយជាមួយ។ ខ្ញុំនៅទីនេះនិយាយជាមួយដេតបាន» ខ្ញុំនិយាយទាំងអារម្មណ៍អស់ពីខ្លួនរលីង ព្រោះដឹងថាអ្វីដែលខ្ញុំនឹងឮអាចនឹងធ្វើឳ្យខ្ញុំគាំងបាន
ខ្ញុំកំពុងតែស្ដាប់ដេតរៀបនិយាយដោយយកចិត្តទុកដាក់ ហើយក៏មិនភ្លេចត្រៀមចិត្តទទួលយករឿងដែលខ្ញុំមិនដឹងពីមុនមក ស្របពេលដែលម៉ាក់បានទូរស័ព្ទមកខ្ញុំចំនួន៧ដងទៅហើយ។ ខ្ញុំយកដៃដែលកំពុងតែញ័រតិចៗ ចុចបិទទូរសព្ទរបស់់ម៉ាក់។
«ខ្ញុំបែក...នឹងជាតាតាំងពី៤ខែមុន» ដេតអកស្រាអស់ពីកែវហើយទម្លាក់វាលើតុតិចៗ។ ខ្ញុំចាក់ស្រាឳ្យគេបន្ថែមព្រោះ ស្រាដែលគេកុម្ម៉ង់មកទុកលើតុនៅសល់ច្រើនទៀត
«ពេលនោះខ្ញុំលួចទាក់ទងក្មេងស្រីម្នាក់រៀននៅវិទ្យាល័យ ក្រោយមកជាតានាងដឹងរឿងហ្នឹង ទើបនាងសុំខ្ញុំបែកគ្នា» ល្អ! ដែលដេតផឹកប៉ះស្រានិយាយការពិតចេញ
«យើងក៏បែកគ្នា ហើយខ្ញុំក៏ទាក់ទងក្មេងស្រីនោះ បានមួយខែ។ ព្រោះតែនាងនៅក្មេងពេក ទើបនាងមិនចង់ទាក់ទងអ្នករៀនសាកលវិទ្យាល័យដូចខ្ញុំ នាងថានាងស្រលាញ់មនុស្សប្រុសរៀននៅវិទ្យាល័យជាង។ ហិហិហិ» ខ្ញុំស្ដាប់ដេតដោយអារម្មណ៍នឹងនរជាទីបំផុត សូម្បីតែសម្លេងយំរបស់គេក៏មិនបានធ្វើឳ្យចិត្តខ្ញុំពេលនេះរង្គើដែរ។ យំទៅដេត!
«ខ្ញុំខូចចិត្តណាស់មេត្តា ម៉េចក៏ខ្ញុំជួបតែរឿងបែបហ្នឹង? ហិហិហិ...»
«ចឹង! ដេតមកយំទីនេះព្រោះតែក្មេងស្រីម្នាក់នោះមែនទេ?» ខ្ញុំ!ខ្ញុំ!សួរដេតទាំងបេះដូចឈឺពឺតៗ ភាពខ្លោចផ្សាកំពុងតែវាយលុយបេះដូងដ៏បរិសុទ្ធរបស់ខ្ញុំយ៉ាងស្ងៀមស្ងាត់ពេលនេះ
«អត់ទេ!» អ៊ឹម! និយាយទៀតមកដេត។ ខ្ញុំដូចជាល្ងង់ណាស់។ ដេតជួយនិយាយឳ្យខ្ញុំឈប់ដើរតួជាស្រីល្ងង់ចាប់ពីយប់នេះទៅផង
«ខ្ញុំបានទាក់ទងនឹងមនុស្សស្រីម្នាក់ទៀត យើងជួបគ្នានៅក្រៅបានច្រើនដែរ។ មើលទៅគេដូចជាស្រលាញ់ខ្ញុំណាស់ មិននឹកស្មានថាគេមានសង្សាររួចទៅហើយសោះ។ គេយកខ្ញុំគ្រាន់តែបញ្ឈឺសង្សារគេប៉ុណ្ណោះ ព្រោះពេលនោះគេឈ្លោះគ្នា តែឥឡូវគេត្រូវគ្នាវិញហើយ គេក៏សុំខ្ញុំបែកគ្នា។ គេមិនចង់ឳ្យសង្សារបស់គេមានការយល់ច្រឡំតទៀត។»
«ជាហេតុធ្វើឳ្យដេតមកអង្គុយផឹកម្នាក់ឯងមែនទេ?»
«ហិហិហិ! ខ្ញុំឈឺចិត្តណាស់មេត្តា។ អារ័ត្នវាមិនមកកំដរខ្ញុំទេ! វារវល់តែជាមួយសង្សារថ្មីរបស់វាហ្នឹង» អូហ៎! បែបហ្នឹង!

អស់ហើយ ខ្ញុំគ្មានអ្វីត្រូវសួរដេតទៀតទេ។ ក្នុងខួរក្បាលខ្ញុំពេលនេះគឺទទេរស្អាត ខណៈពេលដែលបេះដូងខ្ញុំកំពុងឈឺពើត។ ខ្ញុំអង្គុយបញ្ច្រកស្រាដេត។ ទេ! គឺដេតខ្លួនឯងដែលកុម្ម៉ង់ស្រាជាច្រើនដបមក ខ្ញុំគ្រាន់តែចិត្តល្អអង្គុយចាក់ស្រាឳ្យគេផឹកឳ្យឆាប់អស់តែប៉ុណ្ណោះ។ ដេតស្រវឹងកាន់តែខ្លាំង ឯខ្ញុំក៏ស្រវឹងដែរ ខុសត្រង់ដេតស្រវឹងស្រា ខ្ញុំស្រវឹងអារម្មណ៍។
បន្ទាប់ពីផឹកស្រាអស់ខ្ញុំក៏យកកាបូបលុយគេទាញលុយមកគិត។ ខ្ញុំអាចចិត្តល្អអង្គុយចាក់ស្រាឳ្យគេផឹកមែន តែខ្ញុំមិនមែនជាអ្នកមានដែលអាចចំណាយលុយលើរឿងគ្មានបានការរបស់គេនោះដែរ។ ខ្ញុំឌុបគេទៅផ្ទះដោយឳ្យគេជិះឳបខ្ញុំពីក្រោយ។ ដេតមិនត្រឹមតែស្រវឹងខ្លាំងនោះទេ គេថែមទាំងក្អួតដាក់អាវក្រៅរបស់ខ្ញុំទៀតផង តែមិនអីទេដេត ខ្ញុំនឹងល្អដាក់លោកឳ្យចប់ចុងចប់ដើម។

ខ្ញុំយកគេមកដល់មុខផ្ទះរបស់គេ ដោយម៉ាក់គេចេញមកទទួលបន្ទាប់ពីខ្ញុំចុចកណ្ដឹងហៅ។ ខ្ញុំបានយកអាវដែលគេក្អួតដាក់ញាត់ចូលក្នុងកាតាបរបស់គេ។ ម៉ាក់គេសម្ដែងក្ដីត្រកអរមកកាន់ខ្ញុំដែលបានជូនកូនប្រុសរបស់គាត់មកផ្ទះ ព្រោះគាត់ព្យាយាមទាក់ទងដែរតែដេតបិទទូរស័ព្ទគាត់។

ខ្ញុំមកដល់ផ្ទះជាមួយនឹងអាវយឺតដៃខ្លីពណ៌សរបស់ខ្ញុំ ដែលមានក្លិនស្រា និងក្លិនក្អួតចង្អោរមកជាមួយ។ ខ្ញុំយកម៉ូតូទុក ហើយក៏ដើរចូលទៅក្នុងផ្ទះទាំងអារម្មណ៍ស្មើរធឹង។
«នាងទើបមកពីណា?» សម្លេងដ៏ខ្លាំងរបស់ម៉ាក់ធ្វើឳ្យខ្ញុំភ្ញាក់ព្រឺត។ នេះម៉ោង១២យប់ទៅហើយម៉ាក់និងប៉ាមិនទាន់ចូលសម្រាន្តទៀត។ ព្រះអើយ! រឿងធំហើយខ្ញុំ
«នាងថ្លើមធំណាស់នាងមេត្តា។ ខ្ញុំសួរម្ដេចនាងមិនឆ្លើយ?»
«អូន! បានហើយ»
«នាងចេញទៅក្រៅទាំង​យប់ ចូលផ្ទះវិញពាក់កណ្ដាអធ្រាត្រទាំងសភាពបែបនេះ សម្ដែងថាយ៉ាងម៉េច? នាងជួយនិយាយប្រាប់ខ្ញុំផងមើល» ម៉ាក់ក្រោកចេញពីសាឡុងមកឈរសម្លឹងមុខខ្ញុំ។ ខ្ញុំពេលនេះ គ្មានអារម្មណ៍នឹងខូចចិត្ត គ្មានអារម្មណ៍នឹងយំ ហើយក៏មិនឈឺនឹងសម្ដីម៉ាក់់ថាឳ្យដែរ។ ចិត្តខ្ញុំស្ពឹកហើយ
«ខ្ញុំទៅជូនមិត្តភក្តិទៅផ្ទះព្រោះម៉ូតូគេខូចតាមផ្លូវ» ខ្ញុំប្រមូលអស់ភាពក្លាហានមកនិយាយជាមួយម៉ាក់។ ទេ! គឺមកកុហកម៉ាក់។ តែ......
ផាំង!!!!!
អូយ!
«អូនប៉ុណ្ណឹងបានហើយ ឳ្យកូនគេឡើងទៅបន្ទប់ទៅ» ប៉ាស្ទុះមកចាប់ដៃម៉ាក់ ឯខ្ញុំបានត្រឹមយកដៃមកអង្អែលថ្ពាល់ឆ្វេងដែលម៉ាក់ទះយ៉ាងខ្លាំងអំបិញមិញ។
ព្រះអើយ! ឈឺណាស់!
«នាងនៅពោលពាក្យមុសាទាំងកណ្ដាលយប់បែបនេះមែនទេ? ខ្ញុំបានបង្រៀននាងឳ្យចេះពោលពាក្យមុសាឬយ៉ាងណា? ខ្លួននាងធំក្លិនស្រាឳ្យង៉ោង នាងបែរកុហកថាជួយជូនមិត្តទៅផ្ទះ? នាងគិតថាខ្ញុំល្ងង់ឬយ៉ាងណា?»
ខ្ញុំសុំទោសម៉ាក់...ខ្ញុំបានត្រឹមសុំទោសម៉ាក់ ទាំងមិនហ៊ាននិយាយពាក្យនេះចេញក្រៅនៅពេលនេះ...ទីនេះ...
«ខ្ញុំហត់នឹងនិយាយជាមួយនាងណាស់ នាងមេត្តា។ នេះខ្ញុំពិតជាចង់ដឹងណាស់ ថាហេតុអ្វីបាននាងថ្លើមធំហ៊ានល្មើសនឹងច្បាប់ក្នុងគ្រួសារនេះ? ហើយនាងនៅបន្តដល់ពេលណា?» ស្ដីហើយម៉ាក់ក៏ដើរចេញទៅ
«យ៉ាងម៉េចហើយកូន ឈឺខ្លាំងទេ?» ខ្ញុំស្រាប់តែស្រក់ទឹកភ្នែកមួយតំណក់បន្ទាប់ពីឮសំណួររបស់ប៉ា
«មើល! ឳ្យប៉ាមើលបន្តិចមើល» ប៉ាទាញថ្ពាល់ខាងឆ្វេងរបស់ខ្ញុំទៅមើល ឯខ្ញុំបានត្រឹមទឹកភ្នែករលីងរលោង ហិហិហិ...
«កូនអត់អីទេប៉ា! ឳ្យកូនសុំទោសផងដែលធ្វើឳ្យប៉ាត្រូវអត់ងងុយបែបនេះ។ កូនសុំទោស! ហិហិហិ.......» ទឹកភ្នែកដែលត្រៀមតែនឹងចេញក៏ចេញមកដោយមិនអាចឃាត់បាន ហើយខ្ញុំបានត្រឹម​ឈ្មុលមុខចូលក្នុងទ្រូងប៉ា ហើយយំខ្លាំងៗ

ឥឡូវនេះម៉ោង១និង៣០នាទីរំលងអធ្រាត្រ ម៉ោងនៅក្នុងបន្ទប់ដ៏ស្ងៀមស្ងាត់របស់ក្មេងស្រីឈ្មោះថា មេត្តា។ ហើយពេលនេះខ្ញុំសូមនិយាយរឿងក្នុងចិត្តឳ្យបានធូរស្បើយ៖
     ដេត? ហេតុអី? ហេតុអីក៏ជាខ្ញុំ? ហេតុអីក៏ជាខ្ញុំដែលត្រូវក្លាយជាមនុស្សស្រីរងគ្រោះព្រោះតែក្ដីស្រលាញ់ទៅលើលោក? ហេតុអីក៏ខ្ញុំមិនមែនជាមនុស្សស្រីដែលលោកគួរតែមានទំនាក់ទំនងជាមួយ? ខ្ញុំមិនល្អត្រង់ណា? ខ្ញុំតែងតែធ្វើល្អៗដាក់លោក ព្រោះខ្ញុំស្រលាញ់លោក។ រឿងហ្នឹងលោកក៏ដឹង ពេលនោះម្ដេចលោកចាំបាច់សម្ដែងធ្វើជាល្អដាក់ខ្ញុំបើលោកនៅតែមិនជ្រើសរើសយកខ្ញុំ? បន្ទាប់ពីខ្ញុំសារភាពហើយហេតុអីក៏លោកមិនអាចប្រាប់ខ្ញុំមួយម៉ាត់ថា យើងមិនអាចចាប់ផ្ដើមទំនាក់ទំនងលើសពីមិត្តភាព? ល្អដេត! ខ្ញុំតែងតែចិញ្ចឹមចិត្តស្រលាញ់ជូនលោកទោះជាដឹងថា លោកមិនជ្រើសយកខ្ញុំ ហើយលោកចាប់ផ្ដើមក្ដីស្រលាញ់ជាមួយជាតា។ ក្រោយនោះខ្ញុំពិតជាល្ងង់ណាស់ ដែលមិនដឹងថាលោកលួចក្បត់ជាតាទៅទាក់ទងក្មេងស្រីម្នាក់។ ខ្ញុំក៏បន្តល្ងង់ទៀតដែលមិនដឹងថាលោកបែកពីជាតាហើយ ទៅចាប់ផ្ដើមជាមួយក្មេងស្រីនោះ។ ខ្ញុំពិតជាមិនដឹងសោះថាលោកបន្តបែកគ្នាជាមួយនាង ហើយទៅទាក់ទងមនុស្សស្រីម្នាក់ទៀតដែលមិនមែនជាខ្ញុំ។ បន្ទាប់ពីបែកគ្នាពីនាង លោកគ្មាននរណានៅក្បែរសូម្បីតែមិត្តភក្តិជិតស្និទ្ធរបស់លោក។ គេរវល់ជាមួយសង្សារថ្មីរបស់គេមែនទេ? ហេតុអីមុននេះគេប្រាប់ខ្ញុំថាយាយគេឈឺមិនអាចមកកំដរលោកផឹកបាន? ហេតុអីក៏ជាខ្ញុំដែលត្រូវទទួលយកភាពឯការបស់លោកនៅពេលដែលអ្នកផ្សេងគេបោះបង់លោកចោល? ហេតុអីក៏មុននេះលោកផ្ញើសារទុក្ខសោកមកខ្ញុំ បើខ្ញុំមិនមែនជាមនុស្សស្រីសំខាន់ដែលលោកគួរស្រលាញ់? លោកនិយាយថាលោកដូចជាកង់សាគួររបស់គេ ចុះខ្ញុំវិញ មុននេះខ្ញុំក៏ជាកង់សាគួររបស់លោកដែរមែនទេ? មែនហើយដេត ខ្ញុំជាកង់សារគួរបស់លោកពិតមែន តែស្អែកនេះ ខ្ញុំមិនមែនទៀតទេ។ ខ្ញុំនឹងគេងឳ្យលក់ក្នុងពេលបន្តិចទៀត ក្រោយពីនោះ ខ្ញុំភ្ញាក់ពីគេង ហើយយើងបានក្លាយជាអ្នកដទៃ។ លាហើយដេតដែលនឹងក្លាយជាអ្នកដទៃនៅព្រឹកថ្ងៃស្អែក!

យើងកំពុងនៅក្នុងបន្ទប់ប្រជុំ ហើយខ្ញុំកំពុងតែទាញកៅអីអង្គុយចុះបន្ទាប់ពីមុននេះខ្ញុំបានក្រោកបង្ហាញពីគោលគំនិតទៅកាន់សមាជិកក្រុម។ ទាំងអស់គ្នាក៏បានទះដៃទទួលយកនូវគោលគំនិតរបស់ខ្ញុំ ឯលោកគ្រូគម្រោងសរសើរមិនដាច់ថាគំនិតខ្ញុំល្អ! តែថាមុននេះខ្ញុំរកកលតែនឹងដួលទេតើ? ម្ដេចក៏ពេលនេះខ្ញុំក្លាយជាមនុស្សថ្មីម្នាក់ដែលមានកម្លាំមាំមួន និងមានបញ្ញាខ្ពស់យ៉ាងដូច្នេះ? ហឹស! អរគុណមនុស្សម្នាក់ដែលឈរហៅឈ្មោះខ្ញុំនៅក្រៅបន្ទប់ប្រជុំមុននេះ គ្រាន់តែឃើញមុខគេភ្លាម កម្លាំងកម្ហែងដែលខ្ញុំបាត់ទៅមួយព្រឹកក៏ត្រឡប់មកវិញ ថែមទាំងទ្វេរដងទៀតផង។ ខ្ញុំទទួលបានគ្រប់យ៉ាងមកវិញ កម្លាំង ភាពស្រស់ស្រាយ ស្នាមញញឹម ភាពវាងវៃ។ ខ្ញុំដើរចេញពីគេទាំងធ្វើដូចជាមិនមានអ្វីកើតឡើងសោះ។ ឯគេបានត្រឹមអង្គុយធ្វើមុខស្លឺមើលមកខ្ញុំទាំងចម្លែកចិត្ត។

ដេត! ពិតហើយដែលថា ខ្ញុំភ្ញាក់ពីគេងហើយយើងក្លាយជាអ្នកដទៃ!  (ចប់)

សូរិន្ទ , ប្រទេសថៃ ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ម៉ោង ១១៖០៧ នាទីយប់

No comments:

Post a Comment

ព្រោះ...ព្រោះខ្ញុំមានថាមពលពិសេស

ឆាកជីវិតមនុស្សប្រែប្រួលលឿនណាស់។ ឲ្យជាក់ស្ដែងទៅ យើងកំពុងតែរស់នៅក្នុងថ្ងៃនេះ ទាំងដែលម្សិលមិញកន្លងផុតពីជីវិតយើងទៅក្នុងរយៈពេលប៉ុន្មានម៉ោងប៉...