យប់មិញមានរឿងអីកើតឡើង?
ខ្ញុំសួរខ្លួនឯងជាមួយនឹងសំណួរដ៏ល្ងីល្ងើមួយនេះ។
យប់មិញខ្ញុំធ្វើអ្វីខ្លះ? ខ្ញុំជួបអ្វីខ្លះ? ហេតុអីក៏ខ្ញុំភ្លេចលឿនម៉្លេះ?
ហេតុអីខ្ញុំចាំបាច់សួរសំណួរនេះមកកាន់ខ្លួនឯងម្ដងទៀត? ទេ! ខ្ញុំត្រូវតែសួរសំណួរនេះ
ដើម្បីរំឭកខ្លួនឯងរាល់ថ្ងៃថាខ្ញុំគួរនៅចំណុចណានៃសម្ព័ន្ធភាពមួយនេះ?
យប់មិញម្នាក់ចំពោះមុខខ្ញុំនេះបានផ្ញើសារមកខ្ញុំ។
ម៉ោង១០យប់ទៅហើយ ប៉ាម៉ាក់មិនទាន់ចូលសម្រាន្តទេ
ឯខ្ញុំកំពុងនៅផ្ទះបាយចាក់ទឹកដោះគោ។ ខ្ញុំ
ប៉ានិងម៉ាក់កំពុងតែអង្គុយនៅបន្ទប់ទទួលភ្ញៀវមើលទូរទស្សន៍ទាំងអស់គ្នា
ស្រាប់តែដេតផ្ញើសារមកប្រាប់ថាកំពុងផឹកម្នាក់ឯងនៅផាប់ជិតផ្ទះខ្ញុំ។
នេះមានរឿងអីទៀតហើយមែនទេ?
«ហេយ, មកកំដរតិចបានអត់?»
«ហ្អាហ៎? កើតអីមែន?»
«ខូចចិត្ត!»
«អ្ហា៎! ហើយថីទៀតហើយ?»
«ជួយមកមើលផង។ ខ្ញុំស្រវឹងហើយ»
នេះគឺដេត ម្នាក់ដែលខ្ញុំលួចស្រលាញ់តាំងពីរៀនទី១២។ ដំបូងឡើយដេតប្តូរមកនៅភ្នំពេញពេលពួកយើងរៀនទី១២។
ខ្ញុំក៏បានក្លាយជាមិត្តនឹងគេ ហើយក៏បានលួចស្រលាញ់គេតាំងពីពេលនោះមកដែរ។
តែដេតមិនដឹងខ្លួនទេ។ ពេលចូលរៀនមហាវិទ្យាល័យ យើងចូលចិត្តការរចនាដូចគ្នា។
ដេតគេសម្រេចចិត្តថាចូលរៀនផ្នែកដេគ័រ ឯខ្ញុំទម្រាំសុំម៉ាក់បាន ត្រូវរកព័ត៌មានទាក់ទងនឹងជំនាញ
អំណះអំណាងពីទេពកោសល្យដែលខ្ញុំមានទាក់ទងនឹងជំនាញ ហើយធ្វើការបកស្រាយប្រាប់ម៉ាក់ថាខ្ញុំពិតជាអាចទៅរួចជាមួយនឹងជំនាញនេះ។
គ្រានោះប៉ាបានត្រឹមអង្គុយមើលខ្ញុំធ្វើបទបង្ហាញជូនម៉ាក់ហើយញញឹមតែម្នាក់ឯងប៉ុណ្ណោះ
ព្រោះប៉ាប្រាប់ថា គ្រប់យ៉ាងគឺប៉ាតាមម៉ាក់។
បន្ទាប់មកយើងក៏សម្រេចចិត្តរៀននៅមហាវិទ្យាសិល្បៈសូរ៉ាមជាមួយគ្នា។ ខ្ញុំនៅតែបន្តលួចស្រលាញ់ដេត
ទាំងដឹងថាពេលនោះដេតមានសង្សាររួចទៅហើយ។ ខ្ញុំគិតថាបើដេតបែកពីសង្សារ ខ្ញុំនឹងប្រាប់គេថាខ្ញុំលួចស្រលាញ់គេយូរហើយ
ពេលនោះដេតកំពុងតែខូចចិត្ត ហើយត្រូវបានខ្ញុំជាអ្នកក្បែរខ្លួនមើលថែទៀត គេប្រាកដជាងាកមកសម្លឹងខ្ញុំវិញមិនខាន។
មិនយូរប៉ុន្មានបន្ទាប់ពីចូលរៀនហើយ ដេតក៏បានបែកពីសង្សារគេមែន
ហើយហេតុផលដែលដេតប្រាប់ខ្ញុំនោះគឺ ខាងស្រីមានគេចូលដណ្ដឹង
ទើបគេសម្រេចចិត្តសុំបែកគ្នាជាមួយដេត។ ឮហេតុផលនោះហើយ
កាន់តែធ្វើឳ្យខ្ញុំមានទំនុកចិត្តលើដេត។
ខ្ញុំគិតថាដេតជាមនុស្សប្រុសម្នាក់ដែលស្មោះស្ម័គ្រ នេះបើសិនខាងស្រីគេមិនដោះដៃទេ
ខ្ញុំក៏គ្មានឳកាសដែរ។ មួយទៀតដេតប្រាប់ថាគេជាមួយខាងស្រីស្រលាញ់គ្នា៣ឆ្នាំហើយ
រឿងនេះកាន់តែធ្វើឳ្យខ្ញុំមានទំនុកចិត្តលើដេតថែមទៀត។ ពេលនោះដេតខូចចិត្តខ្លាំងណាស់
ហើយខ្ញុំក៏សម្រេចចិត្តថាចូលក្បែរដេតឳ្យខ្លាំងជាងមុន។
តាមពិតទៅខ្ញុំពិតជាមិនហ៊ានសារភាពប្រាប់ដេតថាខ្ញុំលួចស្រលាញ់គេនោះទេ ព្រោះខ្ញុំមិនដែលចាប់ចិត្តស្រលាញ់នរណាម្នាក់កាលនៅរៀនឡើយ។
ខ្ញុំក៏មានការភ័យខ្លាចថាដេតអាចនឹងមានអារម្មណ៍មិនល្អបន្ទាប់ពីឮសម្ដីខ្ញុំ
ព្រោះគេទុកខ្ញុំត្រឹមតែជាមិត្តធម្មតា។ ខ្ញុំខ្លាចថាទំនាក់ទំនងពួកយើងនឹងអាចប្រែពីមិត្តជិតស្និទ្ធទៅជាមិត្តធម្មតា
ដែលត្រឹមតែឃើញមុខគ្នាហើយញញឹមបន្តិចរួចក៏ដើរចេញ។ តែខ្ញុំត្រូវតែក្លាហាន
ហើយក៏ត្រៀមសម្រាប់គ្រប់យ៉ាង។ ខ្ញុំត្រៀមថា បើដេតបដិសេធខ្ញុំក៏ធ្វើធម្មតា
ហើយនៅតែព្យាយាមបន្តទំនាក់ទំនងនេះឳ្យនៅដូចដើម រួចក៏កាត់ចិត្តពីដេតម្ដងបន្តិចៗ។
ថ្ងៃមួយខ្ញុំឆាតទៅដេតបន្ទាប់ពីឃើញគេផុស
status ថា «លើលោកនេះ ខ្ញុំជាមនុស្សប្រុសដែលកំសត់ស្នេហ៍ជាងគេ!»។ ខ្ញុំសរសេរថា
«កំខូចចិត្តអី!» ពេលនោះដេតក៏ឆាតមកបបួលខ្ញុំទៅហាងកាហ្វេ ខ្ញុំក៏ទទួលយល់ព្រមភ្លាម។
នៅហាងកាហ្វេមានតែយើងពីរនាក់ទេ ដេតមិនបានហៅមិត្តភក្តិគេមក
ហើយខ្ញុំក៏មិនសូវមានមិត្ត។ យើងនិយាយគ្នាពីនេះពីនោះ ខ្ញុំចេះតែរកអីប្លែកៗ ឆ្កួតៗ
ឡប់ៗ ដើម្បីឳ្យដេតសប្បាយចិត្ត។ ពេលនោះដេតសើចច្រើនណាស់
ស្នាមញញឹមរបស់គេធ្វើឳ្យខ្ញុំកាន់តែមានចិត្តក្លាហាក្នុងការសារភាពប្រាប់គេ។
មួយសន្ទុះក្រោយមកយើងក៏សម្រេចចិត្តចេញទៅផ្ទះវិញ។
ពេលកំពុងតែរៀបចំខ្លួននៅលើម៉ូតូខ្ញុំក៏ប្រាប់ដេតតិចៗ នៅក្បែរនោះថា «ដេត! ខ្ញុំស្រលាញ់ដេត!»
ពេលនោះដេតនៅស្ងៀមមួយភ្លែត។ ខ្ញុំភ័យណាស់មិនដឹងថាត្រូវធ្វើអីបន្តទៀតទេ។
ខ្ញុំសម្រេចចិត្តថា ញញឹមដាក់គេហើយលើកដៃបាយបាយគេ។ ខ្ញុំធ្វើវាមែន តែក៏បន្ថែមថា
ពេលដល់ផ្ទះជួយប្រាប់ផង។ ឃ្លានេះល្បីណាស់ចំពោះគូរស្នេហ៍ក្នុងសម័យនេះ
ហើយត្រូវបានគេយកមកផុសព្រោងព្រាតក្នុងហ្វេសប៊ុក។ ខ្ញុំលួចសង្ឃឹមក្នុងចិត្តថាដេតនឹងផ្ញើសារប្រាប់បន្ទាប់ពីគេទៅដល់ផ្ទះ
បើទោះបីជាខ្ញុំមិនបានទទួលចម្លើយអ្វីមួយពីគេមុននេះក៏ដោយ។
ពេលទៅដល់ផ្ទះមួយសន្ទុះខ្ញុំស្រាប់តែទទួលបានសាររបស់ដេតប្រាប់ថា
មកដល់ហើយ! ខ្ញុំស្រាប់តែអរភើត។ ហើយរឹតតែមានសង្ឃឹមទៅទៀត។
បន្ទាប់ពីថ្ងៃនោះមកដេតហាក់ដូចជាយកចិត្តទុកដាក់ខ្ញុំខុសពីរាល់ដង
ហើយពួកយើងក៏កាន់តែស្និតស្នាលជាងមុនដែរ។
ទង្វើរបស់គេធ្វើឳ្យខ្ញុំគិតថាគេក៏ស្រលាញ់ខ្ញុំវិញដែរ
តែគេមិនទាន់បាននិយាយអីទាក់ទងនឹងទំនាក់ទំនងពួកយើងទេ។ ខ្ញុំនិងគេនៅតែបន្តទំនាក់ទំនងពាក់កណ្ដាលមិត្តនពាក់កណ្ដាលសង្សារបែបនេះ។
ប្រហែលជាមួយខែក្រោយមកខ្ញុំ ដឹងរឿងមួយពីដេត។
គេមានសង្សារថ្មី នាងឈ្មោះថាសុជាតារៀនផ្នែកគំនូរវិចិត្រកម្ម។
ពេលនោះខ្ញុំស្ទើរទប់កំហឹងខ្លួនឯងមិនបាន ឃើញដេតម្ដងៗ ចង់តែដាល់គេឳ្យបែកមុខបែកមាត់
នឹងអាលឳ្យសមមុខខ្លះ។ គេហួសហេតុណាស់ ទាំងដឹងហើយថាខ្ញុំលួចស្រលាញ់ ហេតុអីមិនមែនជាខ្ញុំដែលត្រូវក្លាយជាសង្សារបន្ទាប់របស់គេ?
តែគិតៗទៅគេមិនបានខុសទេ គេមានសិទ្ធិក្នុងការរើសមនុស្សស្រីដែលគេពេញចិត្ត។
ខ្ញុំខូចចិត្តពិតមែន តែក៏ព្យាយាមធ្វើចិត្តបាន។ ដំបូងៗដេតមិនហ៊ាននិយាយរកខ្ញុំទេ
ខ្ញុំឃើញមិនទំនងក៏ព្យាយាមរាក់ទាក់គេធម្មតាៗវិញ។ ព្រោះ! មិនចង់ឳ្យទំនាក់ទំនងដែលខំសាងមកជាង២ឆ្នាំត្រូវមកបញ្ចប់ព្រោះតែគេមិនស្រលាញ់ខ្ញុំវិញ។
ម្យ៉ាងខ្ញុំអាចមិនមែនក្លាយជាសង្សារនឹងគេ តែអាចក្លាយជាប្រពន្ធរបស់គេក៏ថាបាន។
ខ្ញុំព្យាយាមលួងខ្លួនឯងបែបនេះ ហើយខ្ញុំក៏បានធូរស្រាលឡើង។ ហើយខ្ញុំក៏បានសន្យានឹងខ្លួនឯងថា
នឹងមិនធ្វើឳ្យមានបញ្ហារវាងទំនាក់ទំនងមួយនេះដែរ។ ខ្ញុំតែងតែនៅក្បែរគេពេលគេមានបញ្ហា
ខ្ញុំតែងតែជួយលើកទឹកចិត្តគេពេលគេពិបាកចិត្តម្ដងៗ ទាំងអស់នេះធ្វើឳ្យខ្ញុំស្ងប់ចិត្តណាស់ហើយ
យ៉ាងណាៗក៏ខ្ញុំបានដឹងពីសុខទុក្ខមនុស្សដែលខ្លួនស្រលាញ់ដែរ។
តែនៅយប់នេះ! យប់នេះដេតផ្ញើសាររកខ្ញុំ គេប្រាប់ថាគេកំពុងតែផឹកស្រាម្នាក់ឯងនៅក្នុងផាប់ក្បែរផ្ទះខ្ញុំ
ហើយសុំឳ្យខ្ញុំចេញទៅជួប ព្រោះគេស្រវឹងមិនអាចជិះម៉ូតូទៅខ្លួនឯងបាន។
«ប៉ា! ម៉ាក់ទៅណាបាត់ហើយ?» ខ្ញុំសួរប៉ាបន្ទាប់ពីចេញពីផ្ទះបាយ
ហើយមិនឃើញម៉ាក់នៅអង្គុយមើលទូរទស្សន៍ទៀត
«ម៉ាក់កូនចូលទៅយកឯកសារមកឳ្យប៉ាមើល។ ហើយកូនមានរឿងអីមែនទេ?»
ខ្ញុំស្រាប់តែអរភើតព្រោះអាចលួចចេញទៅភ្លាមៗ បើម៉ាក់ទាន់ខ្ញុំយ៉ាប់មិនខាន
«ប៉ា! ខ្ញុំចេញទៅយកមិត្តភក្តិបន្តិច
ឥឡូវនាងនៅក្រៅម្នាក់ឯង។ ខ្ញុំនឹងឆាប់ត្រឡប់មកឆាប់ៗណា៎ប៉ា!»
ខ្ញុំក៏ប្រញាប់ប្រាប់ប៉ា បន្ទាប់ពីចូលទៅយកកូនសោរក្នុងបន្ទប់ ព្រោះខ្លាចម៉ាក់មកទាន់(បន្ត...)
No comments:
Post a Comment