ឆាកជីវិតមនុស្សប្រែប្រួលលឿនណាស់។
ឲ្យជាក់ស្ដែងទៅ យើងកំពុងតែរស់នៅក្នុងថ្ងៃនេះ
ទាំងដែលម្សិលមិញកន្លងផុតពីជីវិតយើងទៅក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។
ចំណែកឯថ្ងៃស្អែករបស់យើង នឹងមករកយើងក្នុងរយៈពេល៥ឬ៦ម៉ោងទៀតនោះឯង។
នៅពេលថ្ងៃស្អែកមកដល់ យើងឈប់រស់នៅក្នុងថ្ងៃនេះទៀតហើយ។ ជីវិតយើងថ្ងៃនេះ
ទង្វើយើងថ្ងៃនេះ កាយវិការយើងថ្ងៃនេះ ពាក្យសម្ដីយើងថ្ងៃនេះ ស្នាមញញឹមយើងថ្ងៃនេះ
ទឹកភ្នែកយើងថ្ងៃនេះ នឹងចាកចេញពីយើងទៅហាក់មិនស្រណោះអ្វីសោះ។ វាចាកចេញទៅជាមួយនឹង
ថ្ងៃ....ទី....ខែ....ឆ្នាំ.... របស់យើងថ្ងៃនេះ។ វាមិនស្ដាយយើងទេ
ព្រោះវាគិតថាវាបានទុកឱកាសរយៈពេល២៤ម៉ោងនៅក្នុងថ្ងៃនេះឳ្យយើងប្រតិបត្តិខ្លួនរួចហើយ។
វាមិនមានតួនាទីណាមួយបញ្ជាឲ្យយើងធ្វើនេះ ធ្វើនោះ សម្រេចចិត្តបែបណា នោះទេ។
វាមាននាទីត្រឹមតែពាំនាំពេលវេលាដែលកំណត់ច្បាស់លាស់មកឲ្យយើងប្រើប្រាស់តែប៉ុណ្ណោះ។
ក្រៅពីនោះ ឆាកជីវិតយើង វិថីយើង ការសម្រេចចិត្តរបស់យើង ខ្លូនយើងជាអ្នកអនុវត្តទៅតាមវិធីដែលយើងស្រឡាញ់រាងៗខ្លួន។ រាល់ថ្ងៃរបស់ខ្ញុំ ខ្ញុំតែងតែសួរខ្លួនឯងថា
តើថ្ងៃរបស់ខ្ញុំមួយនេះបានផ្លាស់ប្ដូរខ្ញុំយ៉ាងណា? បានធ្វើឲ្យខ្ញុំកែប្រែអ្វីខ្លះ? ខ្ញុំបានប្រើវាឲ្យសមរម្យឬទេ? រឹតតែចោទសួរខ្លួនឯងថា
តើខ្ញុំតបស្នងបានអ្វីខ្លះទៅកាន់រយៈពេល២៤ម៉ោងដែលខ្ញុំទទួលបាននោះ? សំណួរទាំងអស់នេះអាចធ្វើឲ្យខ្ញុំដឹងថា
ខ្ញុំបានប្រើប្រាស់រយៈពេលនេះយ៉ាងសមរម្យបំផុត។ ពិតមែន! ខ្ញុំមិនបានខ្ជះខ្ជាយវាទេ។
ថ្ងៃពុធមួយនោះ ខ្ញុំបានក្រោកពីគេងម៉ោង៦។
ប៉ុន្តែខ្ញុំមិនបានក្រោកពីគ្រែគេងថ្មើរនោះទេ។ ជាធម្មតាខ្ញុំគេងទ្រមក់ណាស់ ខ្ញុំតែងតែពន្យារពេល៥នាទីហើយ៥នាទីទៀត
ព្រោះតែភាពមិនទាន់ស្កប់ស្កល់។ ពេលនោះខ្ញុំនិយាយខ្សឹបៗជាមួយខ្លួនឯងថា «សុំ៥នាទីទៀត» ហើយខ្ញុំក៏បិទភ្នែកគេងវិញទៅដោយទាញភួយមកគ្របមុខយ៉ាងជិត។
បន្ទាប់ពី៥នាទីនោះហាក់មានអ្វីម្យ៉ាងមកដាស់ធ្វើឲ្យខ្ញុំភ្ញាក់ឡើងវិញម្ដងទៀត។
ពេលខ្លះខ្ញុំក៏លួចក្បត់សន្យាខ្ញុំកាលពី៥នាទីមុន។ ពេលខ្លះក៏មានគំនិតមួយមកប្រាប់ខ្ញុំថា
“គេកំពុងតែមកទារសន្យាហើយ គេកំពុងតែធ្វើឳ្យខ្ញុំគោរពសន្យាដែលខ្លួនបានសន្យាហើយ”។
គំនិតនោះបានធ្វឳ្យខ្ញុំសម្រេចចិត្តលើកជើងស្ដាំ
ទម្លាក់វាចុះពីលើគ្រែ ហើយដាក់លើរនាបផ្ទះទាំងអារម្មណ៍ខ្ចិលច្រអូស។ បន្ទាប់ពីខ្ញុំចូលទៅសម្អាតខ្លួននៅក្នុងបន្ទប់ទឹកហើយ
នាឡិកាប៉ោលធំ ដែលម៉ាក់ដាក់ព្យួរនៅនឹងសសរកណ្ដាលនោះ
វាបានប្រាប់ខ្ញុំថាម៉ោង៦ជិតកន្លះហើយ។ ខ្ញុំក៏គិតឃើញថា
“ខ្ញុំចំណាយពេលសម្អាតខ្លួនក៏មិនតិចនាទីដែរ។ ចំជាចំណាយពេលឥតប្រយោជន៍មែន!” ។
បន្ទាប់នោះ ខ្ញុំក៏រៀបចំស្លៀកពាក់ទៅសាលា។ ខ្ញុំមិនចាំបាច់រៀបចំអ្វីច្រើននោះទេ
គ្រាន់តែស្លៀកពាក់ តែងខ្លួនឲឳ្យស្អាតសាកសមជា និមិត្តរូប(អាយដល)របស់នារីៗទៅបានហើយ។
សម្ពាធ(កាតាប) ខ្ញុំបានរៀបចំសៀវភៅសម្រាប់រៀនតាំងពីយប់។ ស្នាមញញឹមមួយបានលេចឡើងលើផ្ទៃមុខរបស់ខ្ញុំ
“ខ្ញុំក៏ចេះសន្សំសំចៃពេលវេលាដែរ។ ចំជាឆ្លាតមែន!”។ ខ្ញុំចេញពីបន្ទប់
បន្ទាប់ពីរៀបចំរួចរាល់ ដោយមិនភ្លេចរបស់សំខាន់នោះគឺទូរស័ព្ទ កាសសៀតត្រចៀក
ដែលរបស់នេះគ្រាន់នឹងអាចធ្វើឲ្យខ្ញុំចំណាយពេលខ្ជះខ្ជាយបានខ្លះ។
តែពេលខ្លះវាក៏មានប្រយោជន៍ដែរ។ ខ្ញុំក៏មិនភ្លេចទាញយកសៀវភៅចំណេះដឹងទូទៅទុកអានពេលទំនេរគ្រាន់នឹងបានភ្លឺស្វាងខ្លះ។
ចេញពីបន្ទប់របស់ខ្ញុំ ក៏បង្ហួសទៅផ្ទះបាយបន្តច ដើម្បីយកអាហារ
និងលុយដែលម៉ាក់ទុកឲ្យមុនគាត់ចេញទៅធ្វើការ។
ចេញពីនោះមកខ្ញុំក៏ក្រឡេកភ្នែកមើលទៅអាប៉ោលៗដែលព្យួរនៅសសរកណ្ដាលបន្តិច។
ពេលនោះម៉ោង៦និង៣៥នាទីល្មមនឹងសល់១៥នាទីជិះម៉ូតូទំនើបរបស់ខ្ញុំទៅសាលា
ហើយសល់ពេលបន្តិចបន្តួចដើរទៅបន្ទប់រៀន
ព្រោះសាលាកំណត់ឳ្យសិស្សចុះមកគោរពទង់ជាតិនៅម៉ោង ៧:០៥ នាទី។
ដោយសារតែអគារវិទ្យាល័យដែលខ្ញុំរៀនមានបីជាន់
ហើយបន្ទប់រៀនគឺនៅជាន់ទីបីនោះឯង ទើបការដើរតាមជណ្ដើរដ៏ទូលាយរបស់សាលា ធ្វើឳ្យខ្ញុំធុញមិនស្ទើរ។
ខ្ញុំបានគិតឃើញថា “ម្ដេចក៏សាលាមិនធ្វើជណ្ដើរយន្តមួយទៅ? បែរជាឳ្យសិស្សរាប់ពាន់អ្នកចំណាយពេលឥតប្រយោជន៍ឡើងអាផ្លេក(ជណ្ដើរ)ទៅវិញ
ហើយថែមទាំងហត់ទៀត។ ទម្រាំតែដល់បន្ទប់រៀន
សិស្សម្នាក់ៗស្ទើរតែធ្លាក់អណ្ដាតដូចសុនខទៅហើយ។”
ក្រោយពីនោះ
ខ្ញុំបានចូលរៀនតាមកាលវិភាគដែលកំណត់សម្រាប់ថ្ងៃពុធ។ រៀនពេញមួយម៉ោងនៅពេលព្រឹក
ចេញលេងម៉ោងទីមួយបានប្រាប់ឡើងតាមរយៈស្នូរជួង ដែលវាយដោយពូពេជ្រ។
ពូពេជ្រនេះបើតាមខ្ញុំដឹង គាត់ជាបុរសមានមន្តស្នេហ៍ណាស់។
មិត្តភក្តិប្រុសៗខ្ញុំចេះតែលួចច្រណែនគាត់ជានិច្ច។ នៅពេលឃើញមុខពូពេជ្រម្ដងៗ
អាវណ្ណតែងនិយាយថា «អញឆ្ងល់ដល់ហើយ! ពូពេជ្រមុខឡើងដូចក្រុងរាពណ៍ តែស្រីតាមឡើងញឹក។
ឯអញ!មុខឡើងដូចព្រះរាម តែមិនមានស្រីណាតាមស្រឡាញ់សោះ។ មិនថាទេស្រីសួគ៌មកពីឋានលើ
សូម្បីតែនាងសីតាដែលជាគូរនឹងអញ កើតឬស្លាប់ហើយក៏មិនដឹងផង។» ខ្ញុំតបទៅវាវិញថា «ឯងទៅខ្វល់អី
គាត់ចំណាយពេលវេលារបស់គាត់ទៅលើរឿងតាមចែចង់ស្រីៗ
គាត់សម្បូរស្រីស្រឡាញ់សាកសមនឹងការប្រឹងប្រែងរបស់គាត់់ហើយ។ ឯឯងគិតពីចំណាយពេលប្រឹងប្រែងរៀនសូត្រទៅ
វាគង់នឹងប្រឡងជាប់ដូចគ្នាទេ។ កុំទៅចំណាយពេលឥតប្រយោជន៍ដូចគាត់នោះ
តិចដល់ពេលស្ដាយក្រោយ អាងរកពុទ្ធោ។»
ពេលចុះមកដល់កុងទីនខ្ញុំក៏ហៅនំប៉័ងប្រហិតពូគី។
ពូគីនេះគាត់ស្មោះនឹងប្រពន្ធគាត់ខ្លាំងណាស់
ខ្លាំងរហូតដល់ក្លាយជាខ្ញុំបម្រើប្រពន្ធខ្លួនឯងហើយ។ គាត់ជាអ្នកលក់បំប៉័ងប្រហិតប្រចាំតូបលេខ
៦ខ
តែរាល់ថ្ងៃគេឃើញតែពូគីម្នាក់គត់ដែលរវល់ញាប់ដៃញាប់ជើងចៀននំប៉័ងឳ្យសិស្សរាប់រយនាក់ពេលចេញលេងម្ដងៗ។
ថ្ងៃខ្លះសិស្សច្រើនពេកពូគីចៀនមិនទាន់
មិនដឹងថានំប៉័ងដាក់ជីរជារបស់សិស្សម្នាក់ណាម្នាក់ណីទេ។ អ្នកខ្លះហៅនំប៉័ងដាក់់ទឹកសៀង
គាត់បែរជាយកនំប៉័ងដាក់ទឹកម្ទេសឳ្យទៅវិញ។ ថ្ងៃខ្លះទៀតគាត់ចៀនមិនទាន់ឲ្យក្មេងៗទី៧
ពួកនោះរអ៊ូង៉ូវៗហើយក៏ដើរចេញបាត់។ ពេលពូគីចៀនហើយក៏បាត់អ្នកទិញល្មម។
ក្មេងដទៃទៀតតែងតែបង្អាប់គាត់ថា “នំប៉័ងបាត់ម្ចាស់ហើយពូ”។
ប្ដីរវល់ដល់ងងឹតមុខយ៉ាងនេះហើយ
មិនឃើញមីងណែតប្រពន្ធពូគីអើតមុខមកជួយសោះ។ ថ្ងៃមួយនោះខ្ញុំទៅផ្សារជាមួយមិត្តភក្តិឯទៀត
ដើរៗទៅស្រាប់តែឃើញមីងណែតអង្គុយឳ្យអ្នកសាឡនលាបក្រចកជើងឳ្យយ៉ាងរំភើយទៅវិញ
ហាក់ដូចជាមិនខ្វល់អីសោះ។ អាវណ្ណមិត្តភក្តិខ្ញុំឃើញហើយគ្រវីក្បាលចោលមួយ
ហើយបោះសម្ដីថា «មើលមីងណែតចុះ! ធ្វើខ្លួនដូចមិនជំពាក់នរណាមួយរៀល អាណិតតែពូគី។ ឈប់ពីលក់ទៅដល់ផ្ទះដាំបាយធ្វើម្ហូបឳ្យប្រពន្ធឆីទៀត។
ចំជាគួរឲ្យអាសូរមែន!» ខ្ញុំហួសចិត្តដែរ អាវណ្ណវាតាមទៅមើលពូគីបម្រើប្រពន្ធដល់ផ្ទះទៀត។ សើចហើយខ្ញុំក៏តបទៅវាវិញថា «ឯងគិតចឹងត្រូវហើយ ពូគីគាត់ពេញចិត្តនឹងធ្វើ ព្រោះគាត់បានចំណាយពេលមួយថ្ងៃរបស់គាត់យ៉ាងមានតម្លៃបំផុត គាត់មិនដែលចំណាយពេលឥតប្រយោជន៍ដូចប្រពន្ធគាត់ទេ។
ឯកម្រៃដែលគាត់រកបានក៏សាកសមទៅនឹងការចំណាយពេលពេញមួយថ្ងៃរបស់គាត់ដែរ។
អាណិតតែមីងណែតទៅវិញទេ ដែលចំណាយពេលមួយថ្ងៃសម្រាប់ខ្លួនឯងយ៉ាងខ្ជីខ្ជាបំផុត។
ឯងចាំទៅ!ឆាកជីវិតគាត់ក៏អត់ន័យទៅតាមហ្នឹងដែរ។»
បន្ទាប់ពីហៅនំប៉័ងរួច
ខ្ញុំនិងមិត្តភក្តិក៏ទៅអង្គុយនៅតុខាងក្រោយចាំនំប៉័ង។
គ្រប់គ្នាដកយកទូរស័ព្ទពីហោប៉ៅខោមកចុចលេងរៀងៗខ្លួន។
គ្រប់គ្នាប្រើប្រាស់កម្មវិធីទូរសព្ទទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ អ្នកខ្លះបើក Messenger ឬ Facebook, Instagram, YouTube, Game។ ខ្ញុំក៏ដូចពួកគេដែរ។ ឳ្យខុសគ្នាយ៉ាងដូចម្ដេចកើត បើបែបនោះមែន មិនមែនអាចដើរជាមួយគ្នាបានរាល់ថ្ងៃទេ។
តែក៏មានចំណុចដែលពួកយើងអាចបំពេញគ្នាទៅវិញទៅមកដែរ មនុស្សាមិនមែនជាទេវតាឯណា!
តែងមានចំណុចខ្វះចន្លោះចៀសមិនផុតទេ។ ខ្ញុំបើកហ្វេសប៊ុក អូសចុះអូសឡើង
ក៏ឃើញរូបមីងណែតបង្ហោះក្នុងគណនីរបស់គាត់។ ខ្ញុំភ្ញាក់ឳ្យក្រញ៉ាង នឹកគិតថា “យីអើ!
មីងណែតគាត់ទៅហូបការពីណាទាំងព្រឹកព្រលឹមបែបនេះ? រូបដែលបង្ហោះនោះច្បាស់ណាស់ ទាំងការតុបតែងមុខ ផាត់មុខ
ធ្វើម៉ូតសក់ ពាក់គ្រឿងអលង្ការ ជាពិសេសនោះគឺរ៉ូបសម័យពណ៌ស៊ីលៀបរបស់គាត់តម្ដង
ដែលបញ្ជាក់ប្រាប់ខួរក្បាលខ្ញុំយ៉ាងច្បាស់ថា គាត់ប្រាកដជាទៅចូលរួមពិធីមង្គលការហើយ។
នៅពេលឃើញខ្ញុំធ្វើមុខស្លើ អាវណ្ណក៏ឆក់យកទូរសព្ទរបស់ខ្ញុំទៅមើល។
បន្ទាប់មកក៏ឮវាឧទានខ្លាំងៗថា «ចំ! មីងណែតស្អាតម៉្លេះ!?» គ្រប់គ្នាក៏នាំគ្នាមើលរូបមីងណែតនៅក្នុងទូរស័ព្ទខ្ញុំ
ពេលនោះខ្ញុំឃើញពូគីងាកមកតុខ្ញុំញឹកញាប់ ហើយធ្វើភ្នែកឡង់ៗ
ព្រោះប្រហែលគាត់ឮថាមីងណែតប្រពន្ធគាត់ស្អាតហើយ។ ខ្ញុំទាយទុកក្នុងចិត្តថា
“ពូគីក៏ចង់មកតុខ្ញុំដើម្បីមើលរូបប្រពន្ធគាត់ដែរ តែជាប់ដៃចៀននំប៉័ង
ទើបបានត្រឹមតែធ្វើភ្នែកឡង់ៗដូច្នោះ” ក្រោយពីនោះពូគីលែងមានសតិក្នុងការចៀននំប៉័ង
ធ្វើឳ្យនំប៉័ងខ្លះខ្លោច ឯប្រហិតខ្លះក៏ខ្លោចទៅទៀត។ ប្រហែលគាត់គិតទៅមីងណែតហើយ
បានជាគ្មានអារម្មណ៍ធ្វើការយ៉ាងនេះ។
ឃើញបែបនោះខ្ញុំក៏ធ្វើជាសញ្ញាប្រាប់់មិត្តភក្តិឳ្យស្ងាត់បន្តិច
ព្រោះកុំឲ្យពូគីបាត់ការតាំងចិត្តធ្វើការ ខាតពេលវេលារបស់គាត់។
ក្រោយពីមិត្តភក្តិនៅតុខ្ញុំស្ងាត់បានមួយសន្ទុះធំ ខ្ញុំក៏តបបែបខ្សឹបទៅវណ្ណវិញថា «ស្អាតនោះគឺស្អាតហើយ!
តែយើងឆ្ងល់ថាគាត់តែងខ្លួនទៅហូបការពីណាទាំងព្រឹកព្រលឹមបែបនេះ? ហើយគាត់ណា៎ពូកែតែងខ្លួនទៀត
រើសរ៉ូបពណ៌ស៊ីលៀបសមនឹងថ្ងៃពុធដែលប្រពៃណីគេស្លៀកពណ៌ស៊ីលៀបនៅថ្ងៃពុធនេះ»។ និយាយហើយពូគីយកនំប៉័ងមកឳ្យល្មម តែគួរឳ្យហួសចិត្តណាស់ដែរសម្រាប់អាវណ្ណ
គឺអ្វីដែលវាបានហៅ(កុម៉្មង់) គឺមិនបានដូចចិត្តទេ ព្រោះតែពូគីបាត់បងសតិកក្នុងការចៀននំប៉័ងហ្នឹងឯង។
ខ្ញុំខ្សឹបប្រាប់វាថា «ហ្នឹងហើយ! មាត់មិនមានគម្រប។ សម្លេងឮឲ្យដល់តូប ក តូប ខ ។
មិនចេះគិតថាអាចប៉ះពាល់អារម្មណ៍អ្នកដទៃសោះ។»។
ហូបនំប៉័ងបណ្ដើរ ពួកគេលេងទូរស័ព្ទបណ្ដើរ។
ភ្លាមៗនោះស្រាប់តែមានគំនិតមួយទៀតហើយផុសមកក្នុងខួរក្បាលរបស់ខ្ញុំ “ហូបបាយ
តែមិនដឹងរសជាតិបាយ។ ហូបនំប៉័ង តែមិនដឹងថានំប៉័ងឆ្ងាញ់ឬអត់? ព្រោះតែដៃច្រកនំប៉័ងក្នុងមាត់
ឯភ្នែកនិងរសជាតិអារម្មណ៍នៅឯទូរស័ព្ទឯណោះ។ ពិតជាខ្ជះខ្ជាយមែន!
ធ្វើបែបនេះហូបនំប៉័ងមួយប៉ុន្មាននាទីទើបអស់? ខាតពេលទទេរ!»។ ខ្ញុំឈប់សម្លឹងមើលពួកគេ ហើយមកប្រឹងហូបនំប៉័ងឳ្យឆាប់អស់វិញ។
ទីបំផុតខ្ញុំហូបអស់មុនពួកគេមែន។ ហូបហើយក៏យកទូរស័ព្ទមកលេងវិញ។
ខ្ញុំប្លែកខុសពីគេត្រង់ខ្ញុំជាមនុស្សដែលមានឧយោជភ្លាមៗ
ខ្ញុំតែងតែគិតឃើញអ្វីប្លែកៗដែលអាចជួយខ្លួនឯង និងអ្នកដទៃក្នុងការអភិវឌ្ឍខ្លួនបាន។
ខ្ញុំនឹកឃើញគំនិតមួយ ហើយក៏និយាយក្នុងចិត្តខ្លួនឯងថា “ហេតុអីក៏ខ្ញុំមិនយកពេលលេងទូរស័ព្ទនេះ
មករៀនអង់គ្លេសតាមសៀវភៅដែលខ្ញុំបានទាញមកទុកក្នុងទូរស័ព្ទទៅ? ឯសៀវភៅអង់គ្លេសដែលខ្ញុំទាញតាមគេហទំព័រទុកក៏មានច្រើន
ទាំងប្រភេទអំណាន ប្រភេទបង្រៀនសរសេរ ប្រភេទវេយ្យាករណ៍ វីឌីអូស្ដាប់
ម្ដេចក៏យកពេលនេះទៅចំណាយលើរឿងមិនសូវបានការទៅវិញ? ចំជាចំណាយពេលឥតប្រយោជន៍មែន!”។ ដាស់សតិខ្លួនឯងហើយ
ខ្ញុំក៏ចូលទៅក្នុងឯកសារផ្ទុកសៀវភៅយកមករៀន។
ខ្ញុំរៀនធ្វើលំហាត់ក្នុងមេរៀនដែលនឹងត្រូវរៀនគួរអង់គ្លេសនៅពេលល្ងាច។
ប្រហែល៥នាទីក្រោយមកមានអារម្មណ៍ថា ខ្ញុំអាចត្រៀមខ្លួនសម្រាប់មេរៀនពេលល្ងាចបានហើយ។
ខ្ញុំមិនចាំបាច់លួចម៉ោងណាមួយទៅអង្គុយមើលមេរៀនមុនទេ។ តាមពិតទៅ
ថ្ងៃខ្លះខ្ញុំបានត្រៀមមេរៀនពីផ្ទះមកស្រេច តែថ្ងៃខ្លះម៉ោងរៀនច្រើនពេក
ក៏យកមេរៀនម៉ោងគួរមកមើលនៅសាលាតែម្ដង ដើម្បីយកពេលគេងឳ្យគ្រប់៨ម៉ោង។
បើគេងមិនគ្រប់គ្រាន់ទេប្រាកដជាធ្លាក់សម្រស់
នារីៗលែងចាត់ទុកជានិមិត្តរូបរបស់ពួកគេជាមិនខាន ឯខួរក្បាលក៏ខ្សោយទៅតាមនោះដូចគ្នាដែរ។
ក្រោយពីការចេញលេងម៉ោងទីមួយបានបញ្ចប់ទៅ
ពួកខ្ញុំត្រូវចូលរៀនវិញតាមរយៈស្នូរជួងពូពេជ្របន្លឺឡើងសារជាថ្មី។
រឿងវាយជួងនេះពូពេជ្រច្បាស់លាស់ពេលវាលាណាស់។ ទោះបីគាត់ជាប់និយាយទូរស័ព្ទ
តែគាត់មិនដែលភ្លេចម៉ោងវាយជួងចេញនិងចូលទេ។ ខ្ញុំឃើញពូពេជ្រកាន់ញញួរសំណព្វចិត្តរបស់គាត់
ដោយដោតកាសស្ដាប់ចម្រៀងក្នុងត្រចៀកពេលដើរទៅវាយជួង។
មើលទៅពូពេជ្រទំនងជានិយាយទូរសព្ទច្រើនជាង មិនមែនស្ដាប់ចម្រៀងតាមកាសដោតត្រចៀកនោះទេ
ព្រោះមាត់គាត់កំពុងតែបង្ហើបម្ហបៗហាក់ដូចជាមនុស្សកំពុងនិយាយស្ដី។
គាត់ដើរតាំងៗទៅដល់ក្រោមដើមគគីរធំមួយនៅចំហៀងខាងស្ដាំអគារសាលា ដែលជាកន្លែងព្យួរជួងនឹងមែកគគីរនោះ។
បង្អង់មួយសន្ទុះ គាត់ដកកាសខាងស្ដាំចេញពីត្រចៀកគាត់ ហើយក៏យារញញួរវាយទៅលើជួងឮសូរ
ម៉ឺង...ម៉ឺង...។ ខ្ញុំទប់សំណើចនឹងគាត់មិនបាន បើគាត់មិនទាន់ផ្ដាច់ខ្សែទូរស័ព្ទម្ខាងទៀតទេ
តើសម្លេងជួងរំពងទីធ្លាវិទ្យាល័យទាំងមូល មិនធ្វើឳ្យអ្នកម្ខាងទៀតបែកក្រដាសត្រចៀកទៅហើយទេឬ? អូហ៎! ឬក៏គាត់ព្រមព្រៀងជាមួយម្ខាងទៀតហើយថា ឳ្យចេញឆ្ងាយពីទូរស័ព្ទរយៈចម្ងាយ៥០០ម៉ែត្រ
ព្រោះគាត់ត្រៀមវាយជួងហើយ? ប្លែកម្យ៉ាងរបស់ពូពេជ្រ។
រឿងនេះធ្វើឲ្យខ្ញុំនឹកឃើញកាលខ្ញុំនៅក្មេង។
ពេលនោះពួកខ្ញុំនាំគ្នាលេងបំផ្ទុះគ្រាប់រំសេវក្នុងត្រឡោក។ គ្រានោះខ្ញុំ
ជាមួយមិត្តភក្តិក្មេងៗប្រមាណជា៤ទៅ៥នាក់ទៀតបបួលគ្នាទៅទិញគ្រាប់រំសេវពីចិនម៉េង។
នៅពេលលេងពួកខ្ញុំក៏ដាក់ការព្រមព្រៀងគ្នាថាចូលទៅដុតផាវម្នាក់ម្ដង។
អ្នកដុតត្រូវតែប្រើឈើគូសដើម្បីគូស ហើយដុតកន្ទុយផាវនោះ នៅពេលដុតហើយត្រូវរត់ឳ្យលឿន
បើមិនទាន់ទេផាវប្រាកដជាផ្ទុះកម្លោចមុខយើងជាមិនខាន។ នៅពេលវេនខ្ញុំមកដល់
ខ្ញុំភ័យណាស់ តែក៏ហ៊ានណាស់ដែរ។ ខ្ញុំគូសឈើគូសនឹងចំហៀងប្រអប់
ហើយក៏ដុតកន្ទុយយកតែម្ដង។ ដុតតែ២វិនាទីទេ ខ្ញុំក៏រត់មកពួននៅក្រោយបាវ គ មីងនីយ៉ាងលឿន
ដោយមិនខ្វល់ថាផាវនោះឆេះដល់ផ្ទុះឬអត់? រត់លឿនពេកខ្ញុំក៏ជំពប់ជើងដួល ព្រោះទាក់នឹងដងចបកាប់មីងនី។ ខ្ញុំនឹកក្ដៅចិត្តឆេវ
គិតថា«ឆ្ងល់មីងនីណាស់
គ្មានកន្លែងដាក់របស់របរត្រឹមត្រូវទេអី បានជាមកដាក់តែផ្ដាសបែបនេះ?» ពេលនោះមុខខ្ញុំប្រលាក់ដីឳ្យទ្រលោម។
ដល់វេនសុធាមក។ ក្នុងចំណោមពួកខ្ញុំសុធាគឺជាក្មេងដែលតូចល្អិតជាងគេ។
ពេលនោះខ្ញុំមើលទៅសុធាដូចជាមិនភ័យខ្លាចអ្វីសោះ។ គេទាញយកឈើគូសមួយចេញពីប្រអប់ហើយគូសវា។
ពេលនោះខ្ញុំរវល់តែយកដៃទាំងពីរខ្ទប់ត្រចៀក ហើយបិទភ្នែកទៀតផង
ព្រោះល្បែងនេះគឺត្រូវតែប្រតិបត្តិបែបនេះហើយទើបសប្បាយ។ ខ្ញុំឮខ្សាវៗដូចជាក្មេងផ្សេងទៀតស្រែកឳ្យសុធារត់។
មិនបានប៉ុន្មានសម្លេងផាវផ្ទុះឮសូរផូង ខ្ញុំញញឹមបន្តិច តែពេលបើកភ្នែកមកស្រាប់តែភ្ញាក់នឹងសុធា។
មុខរបស់គេប្រែជាខ្មៅ ហើយចេញផ្សែងតាមជើងសក់ទៀត។
នេះខ្ញុំគិតថាបើសិនជាសង្សារពូពេជ្រមិនបានគេចទេ ប្រាកដជាភ្ញាក់នឹងសម្លេងជួង
ហើយស្រែករកព្រះផ្លូវកាត់មិនខាន។ ព្រះផ្លូវកាត់នោះគឺមិនមែន ពុទ្ធោ ទេ
តែជាពាក្យចំអាស់ដែលអ្នកភ្ញាក់បញ្ចេញមកអស់គ្មានសល់។
ថ្ងៃនេះខ្ញុំយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ណាស់
កាលពីម៉ោងមុនខ្ញុំមិនច្បាស់មេរៀនប្រវត្តិវិទ្យា។យើងបានរៀនពីមេរៀនសង្គ្រាមលោក
ខ្ញុំនៅឆ្ងល់ថាហេតុអីក៏សង្គ្រាមលោកលើកទីពីរនៅតែកើតឡើង? ព្រោះថាលទ្ធផលនៃសង្គ្រាមលោកលើកទី១
បានធ្វើឲ្យមនុស្សជាតិបាក់ស្បាតនឹងសង្គ្រាមទៅហើយ។ ចុះពួកអ្នកដឹកនាំក្នុងអតីតកាលទាំងនោះ
នៅតែបង្កើតសង្គ្រាមមកធ្វើអី? ឬក៏ពួកគាត់គិតថាដំបូងនៃការចាប់ផ្ដើមសង្គ្រាម
គ្រាន់តែតឹងសរសៃកដាក់គ្នាហើយក៏សាបទៅវិញ។
មែនហើយពួកគាត់ម្ដេចនឹងអាចទស្ស៍ទាយពីអនាគតបានទៅ។ ខ្ញុំមិនដឹងពីអនាគតខ្ញុំទេ
ពួកគាត់មិនដឹងពីអនាគតពួកគាត់ មនុស្សជាតិក៏មិនដឹងពីអនាគតរបស់ផែនដីមួយនេះដែរ។
គ្មាននរណាម្នាក់ដឹងថានឹងកើតមានសង្គ្រាមស្ទើរតែប្រល័យពូសាសន៍មនុស្សជាតិទូទាំងផែនដីឯណា!
តែថា! នៅពេលពួកគាត់បញ្ជារសង្គ្រាមតទល់នឹងប្រទេសផ្សេងៗ។ នៅពេលពួកគាត់បញ្ជាទ័ព
ទាំងជើងគោក ជើងទឹក ជើងអាកាស ធ្វើសង្គ្រាម វាតទី ពួកគាត់ប្រាកដជាដឹងពីការខូចខាតដែលនឹងកើតឡើង
ពីហានិភ័យដល់ផែនដីទាំងមូល ហេតុអីក៏ពួកគាត់នៅតែធ្វើទៀត? ពួកគាត់មាននឹកឃើញចំណុចនេះទេន៎? ខ្ញុំនៅតែឆ្ងល់
ឆ្ងល់តាំងតែពីពេលបញ្ចប់មេរៀនម្ល៉េះ តែមិនបានសួរគ្រូ។
ហើយនៅបន្តឆ្ងល់រហូតមកដល់ម៉ោងនេះ។ ហើយខ្ញុំក៏គិតដែរថា
តើមិត្តរួមថ្នាក់ខ្ញុំគេឆ្ងល់ដូចខ្ញុំដែរឬអត់? ឬក៏គេយល់ពីរឿងនេះហើយ? ឬក៏គេបានត្រឹមតែរៀនតាមមេរៀន ឆ្លើយតែសំណួរគ្រូដាក់ឳ្យ
មិនយកចិត្តទុកដាក់នឹងរឿងផ្សេងគ្មានបានការ? គិតចុះគិតឡើង ខ្ញុំក៏រកចម្លើយឃើញដោយខ្លួនឯង។ ព្រះអើយ!
ខ្ញុំក៏ឆ្លាតមិនចាញ់ រ័ត្ន ដែលជាសិស្សលេខ១ក្នុងថ្នាក់នោះដែរ។ ចម្លើយនោះគឺ
ព្រោះតែពួកគាត់កើតជាមនុស្សលោក មនុស្សលោកមាន លោភៈ ទោសៈ មោហៈ នៅក្នុងខ្លួន។
ព្រោះតែមូលហេតុទាំងបួននេះហើយ ដែលធ្វើឳ្យផែនដីស្រស់ស្អាតមួយនេះស្ទើរតែក្ស័យ។
ម៉ោងរៀន
ក៏ចេះតែរំលងទៅហើយវាបានធ្វើឲ្យខ្ញុំគិតថា ខ្លួនឯងមិនបានចំណាយពេលខ្ជះខ្ជាយទទេ។
ព្រោះខ្ញុំយកចិត្តទុកដាក់ណាស់មួយថ្ងៃនេះ។ ខ្ញុំក៏លួចសរសើរខ្លួនឯងថា «ចំជាពូកែប្រើប្រាស់ពេលវេលាមែន» ។ តែថាពេលខ្លះ ជីវិតយើងមិនមែនសុទ្ធតែអាចប្រព្រឹត្ត
ឬប្រើរយៈពេលមួយថ្ងៃ បានល្អប្រពៃរាល់ៗថ្ងៃនោះទេ។ នៅថ្ងៃខ្លះ
ខ្ញុំក៏បានចំណាយពេលវេលាយ៉ាងខ្ជះខ្ជាយផងដែរ។ ដូចកាលពីថ្ងៃអាទិត្យមុននោះ
ខ្ញុំចាំបានថា ខ្ញុំមិនចេះប្រើពេលវេលាឲ្យបានត្រឹមត្រូវសោះហើយ។
ជាទូទៅ ថ្ងៃអាទិត្យខ្ញុំមិនដាក់ម៉ោងរោទិ៍ទេ
គឺព្រោះថាមិនចង់ឳ្យអ្នកណារំខានដំណេក។ គេងឲ្យស្រួល
ហើយពេញលេញនៅថ្ងៃអាទិត្យជាសេចក្ដីសុខមួយដែលមនុស្សគ្រប់់រូបប្រាថ្នា។ ប៉ុន្តែដោយសារតែចង់ចំណាយពេលគេងនេះហើយ
ទើបធ្វើឳ្យកិច្ចការដែលរៀបចំត្រូវធ្វើនៅថ្ងៃអាទិត្យទាំងអស់ត្រូវអាក់ខាន។ តែថា! មិនគួរណារឿងហ្នឹងនៅតែកើតឡើងសោះ។
ឃើញថាខំចៀសណាស់ដែរ។ តែទោះជាខ្ញុំប្រឹងចៀសយ៉ាងណា ក៏ខ្ញុំនៅតែត្រូវការការគេង៨ម៉ោងដដែល។ អេហ៎!
តែថាហេតុអីក៏មួយរយៈនេះខ្ញុំគេងមិនសូវលក់សោះអ៊ីចឹង? ដូចជា៥ថ្ងៃហើយដែលខ្ញុំមានអារម្មណ៍ថាគេងមិនបាន៥ម៉ោងផង
ព្រោះតែគេងមិនលក់ហើយក៏រកការងារនេះនោះធ្វើទើបខ្ញុំមិនចាប់អារម្មណ៍។
ប្លែកណាស់! ខ្ញុំក៏គួរតែងងុយគេងខ្លះៗដែរ
តែនេះគ្មានសោះ។ ខ្ញុំចាំបានថាកាលពី៥ថ្ងៃមុនខ្ញុំនៅធ្វើលំហាត់គណិតរហូតដល់ម៉ោង៣រំលងអធ្រាត្រ
ព្រោះថាជក់នឹងលំហាត់ពេក។ តែខ្ញុំក៏សម្រេចចិត្តចូលគេងភ្លាមៗ ព្រោះមិនចង់នៅជ្រៅពេកខ្លាចភ្ញាក់មិនកើតនៅពេលព្រឹក។
បន្ទាប់ពីថ្ងៃនោះមក គឺ៤ថ្ងៃមុន
ខ្ញុំធ្វើលំហាត់រូបវិទ្យាដល់ម៉ោង...ប្រហែលជា១២អធ្រាត្រ ក៏សម្រេចចិត្តថាចូលគេងតាមហេតុផលដូចដើម។
តែខ្ញុំគេងមិនលក់ទាល់តែសោះ។ ខ្ញុំប្រើវិធីសូត្រមន្ត ហើយក៏ព្យាយាមបិទភ្នែក
តែមិនលក់ទេ។ ខ្ញុំក៏ព្យាយាមរាប់លេខតាមវិធីលោកខាងលិច ១ ២ ៣ ... រហូតដល់...ប៉ុណ្ណាទៅ? បើចាំមិនភ្លេចប្រហែលជា ១០០១ ហើយក៏ឈប់ត្រង់លេខ
១០០១ នេះឯង។ មិនមែនដោយសារតែជាអ្នកគាំទ្ររឿងអារ៉ាប់ ១០០១យប់នោះទេ
តែគឺព្រោះខ្ជិលរាប់តទៀត។ ខ្ញុំព្យាយាមរកមូលហេតុដែលធ្វើឲ្យខ្ញុំគេងមិនលក់
មកពីខ្ញុំញ៉ាំអីខុស? ការគិតរឿងញ៉ាំអីខុស! មានចំណីដែលញ៉ាំហើយធ្វើឳ្យគេងមិនលក់ដែរឬយ៉ាងណា? បើតាមតែដឹងមានតែចំណីញ៉ាំហើយធ្វើឳ្យឈឺពោះ
រាគរូស ឬពុល។ តែចំណីញ៉ាំហើយគេងមិនលក់នេះ មិនទាន់ជួបនៅឡើយទេ។
ឬក៏ខ្ញុំត្រូវជួបលើកនេះតែម្ដង? អ្ហេ៎ហ! មិនសមសោះ ឬក៏ខ្ញុំផឹកកាហ្វេ? មែនហើយខ្ញុំចាញ់ជាតិកាហ្វេ។ ឳ្យតែផឹកកាហ្វេលើកណា
ខ្ញុំតែងតែគេងមិនលក់រាល់លើក។
តែពេញមួយថ្ងៃនេះមិនទាន់បានជាតិកាហ្វេចូលខ្លួនសូម្បីតែបន្តិច។
ឬក៏វាគ្រាន់តែជាអាការៈធម្មតា? មែនហើយ! វាគួរតែជារឿងធម្មតា ខ្ញុំក៏សម្រេចចិត្តថាទៅធ្វើលំហាត់ត
ព្រោះបើយប់នេះគេងមិនលក់ក៏ល្អដែរ នឹងអាលបញ្ចប់លំហាត់ដែលនៅសល់។ ហើយយប់ស្អែកនឹងគេងឳ្យស្កប់ស្កល់តែម្ដង។
មកដល់៣ថ្ងៃមុន វាមិនដូចអ្វីដែលខ្ញុំគិតទុកថានឹងគេងឳ្យសប្បាយដៃនោះទេ។
មិនមែនមានន័យថាខ្ញុំមានបញ្ហាសុខភាព ឬរឿងរ៉ាវដែលរំខានដល់សេចក្ដីសុខនៃការគេងនោះទេ។
គឺខ្ញុំគេងមិនលក់នោះឯង។ តែនៅយប់នោះខ្ញុំដឹងខ្លួនថាបើគេងមិនលក់ក៏ទៅរកអ្វីធ្វើទៅទើបមិនសូវចាប់អារម្មណ៍ពីមូលហេតុនៃការមិនងងុយគេង។
រហូតដល់ព្រលឹមខ្ញុំក៏រៀបចំខ្លួនទៅរៀនធម្មតា។
ជីវិតវិទ្យាល័យមានតែប៉ុណ្ណឹងឯង នៅសាលាសឹងតែរាល់ថ្ងៃទៅហើយ។ ២ថ្ងៃមុន
ជាថ្ងៃដែលខ្ញុំកើតមានការក្ដៅក្រហាយជាអនេក។
ខ្ញុំអន្ទះអន្ទែងនៅមិនសុខទាល់តែសោះនៅលើគ្រែអស់រយៈពេល ៧ម៉ោង។ ៧ម៉ោង? នេះ៧ម៉ោងណា៎ដែលខ្ញុំគេងក្ដៅក្រហាយលើគ្រែរឿងគេងមិនលក់។
ព្យាយាមបិទភ្នែកយ៉ាងណាក៏វាមិនលក់ម្ដងសោះ។ ខ្ញុំសម្រេចចិត្តថាមិនក្រោកទៅធ្វើអីទេ
ត្រូវតែគេឳ្យលក់ ព្រោះមិនបានគេងមកច្រើនថ្ងៃហើយ។
មិនថាខ្ញុំព្យាយាមយ៉ាងណាខ្ញុំក៏នៅតែក្រោកពីគ្រែនៅម៉ោង៦កន្លះព្រឹកទៅរៀបចំខ្លួនទាំងមិនទាន់បានគេងទាល់តែសោះ។
មកទល់ពេលព្រឹកខ្ញុំអស់សេចក្ដីក្ដៅក្រហាយ
ក្លាយជាចម្ងល់និងសេចក្ដីព្រួយបារម្ភ។ ហេតុអីខ្ញុំគេងមិនលក់? ហើយហេតុអីខ្ញុំមិនមានអារម្មណ៍ថានឿយហត់អស់កម្លាំងទាំងដែលខ្ញុំមិនទាន់បានគេងសោះច្រើនយប់ទៅហើយ? ខ្ញុំនៅតែមានកម្លាំងដូចថ្ងៃធម្មតា
គឺដូចថ្ងៃដែលខ្ញុំគេងគ្រប់៨ម៉ោងធម្មតា។ នេះ! នេះខ្ញុំកើតអីឬ? ឬខ្ញុំមានជំងឺគេងមិនលក់? វាដូចជាមិនអាចកើតឡើងចំពោះក្មេងវិទ្យាល័យដូចខ្ញុំទេ
ព្រោះថារៀនពេញមួយថ្ងៃវាគួរតែហត់រហូតដល់គ្រាន់តែទម្លាក់ខ្លួនលើគ្រែក៏លក់បាត់ទៅហើយ។
តែនេះគ្មានទេ។
ដោយសារតែមិនមានបញ្ហារឿងអស់កម្លាំង
ឬនឿយហត់ទើបខ្ញុំមានកម្លាំងបន្ថែមចូលស្រាវជ្រាវឯកសារមួយចំនួនទាក់ទងនឹងជំងឺគេងមិនលក់នៅក្នុងបណ្ណាល័យ។
ខ្ញុំមកតែម្នាក់ឯងទេ គ្មានមិត្តណាម្នាក់មកជាមួយទេ។ ព្រោះអីដឹងទេ? យប់មិញលេងហ្គេមជ្រុលដាច់យប់
ទើបនាំគ្នាលង់លក់ក្នុងថ្នាក់រៀន។ ឯខ្ញុំ?
រកចុះរកឡើងអស់កន្លះម៉ោងនៅតែមិនឃើញ។ អ៊ុហ៎!
មិនអីទេខ្ញុំធ្វើឲ្យសៀវភៅជ្រុះខ្លួនឯង។ សៀវភៅស្អីគេនេះ ក្របឡើងចំណាស់
ដូចជាសៀវភៅដែលសេសសល់តាំងពីជំនាន់ពីដើម។ ចំណងជើង «ថាមពលពិសេសរបស់មនុស្សលោក» ហើយមកនៅត្រង់នេះដោយរបៀបណា? សៀវភៅចាស់យ៉ាងនេះនៅមានដែរឬ? តែថាចំណងជើងគួរឳ្យចាប់អារម្មណ៍គួរសម។ «ថាមពលពិសេសរបស់មនុស្ស»? និយាយពីអ្វីទៅ? ខ្ញុំបើកមើលមាតិការក៏ស្រាប់តែឃើញជំពូកបី «មនុស្សមានវេលា២៤ម៉ោងលើ២៤ម៉ោង»។ ខ្ញុំស្រាប់តែចាប់អារម្មណ៍ជំពូកនេះចម្លែក
ក៏បើកអានមើល។ «ជាប្រភេទមនុស្សដែលមានថាមពលពេញ២៤ម៉ោង មិនត្រូវការការគេង(មិនងងុយ)
មិនអស់កម្លាំង មិននឿយហត់។
អាចប្រើវេលាលើសមនុស្សធម្មតាក្នុងការធ្វើរឿងឬកិច្ចកម្មផ្សេងៗបាន»!!! ព្រះ!!! ព្រះជួយ!!!
នេះមានមនុស្សប្រភេទនេះពិតមែនឬ? ថាមពលពិសេស? នេះខ្ញុំមានថាមពលពិសេសនេះមែនទេ? មែនទេ? នេះបញ្ជាក់ថាខ្ញុំមានពេលលើសមិត្តភក្តិខ្ញុំដល់ទៅ ៨ម៉ោង។
ហើយវាក៏បញ្ជាក់ថាខ្ញុំអាចធ្វើកិច្ចការដែលខ្ញុំចង់ធ្វើដោយមិនព្រួយបារម្ភរឿងខ្លាចខ្ជះខ្ជាយពេលវេលាមែនទេ? ហើយខ្ញុំក៏មិនចាំបាច់ព្រួយបារម្ភរឿងខ្លាចធ្វើការងារជូនគ្រូមិនទាន់។
ព្រះ!!! នេះមានរឿងបែបនេះកើតឡើងចំពោះខ្ញុំមែនទេ? មែនហើយៗ នៅយប់នោះ!
យប់ដែលខ្ញុំធ្វើលំហាត់គណិតរហូតដល់ម៉ោង៣ទាបភ្លឺ ខ្ញុំចាំបាន។
គឺខ្ញុំបានលើកដៃបួងសួងថា«បើខ្ញុំមានវេលា២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងចំណាយវាឲ្យល្អបំផុត
ហើយខ្ញុំនឹងនៅធ្វើលំហាត់ដោយមិនខ្វល់រឿងគេង»។ ព្រះ!!! ខ្ញុំនឹកឃើញហើយ តើអ្នកទាំងអស់គ្នាដឹងទេថាវេលាទាបភ្លឺគឺជាពេលដែលមេឃងងឹតបំផុត។
កាលនៅក្មេងយាយខ្ញុំធ្លាប់ប្រាប់ថាព្រោះវាជាពេលដែលព្រះមករៀបចំលោកយើងនេះ
ថាលោកនឹងជួបរឿងអ្វីខ្លះក្នុងថ្ងៃថ្មី ហើយព្រះក៏រៀបចំជីវិតថ្ងៃថ្មីឳ្យមនុស្សលោកផងដែរ។
ខ្ញុំដើរមកថ្នាក់វិញទាំងអារម្មណ៍ភ័យអរតិចៗដោយមិនដឹងពីមូលហេតុនៃអាការៈនេះ
ជិតដល់ម៉ោងគ្រូចូលថ្នាក់ហើយ មិត្តខ្ញុំប៉ុន្មាននាក់នោះនៅតែក្រាបក្បាលលើតុនៅឡើយ
ទំនងងងុយគេងខ្លាំងណាស់ ឯខ្ញុំ! ឯខ្ញុំបែរជាមិនងងុយគេង ហើយក៏មិនចាំបាច់ខ្វល់រឿងគេង
ព្រោះ...ព្រោះខ្ញុំមានថាមពលពិសេស៕
No comments:
Post a Comment