J ប្លក់ដំបូងរបស់ខ្ញុំ
ខ្ញុំតែងតែស្រម៉ៃចង់បានប្លក់ផ្ទាល់ខ្លួនមួយតាំងតែពេលខ្ញុំរៀនថ្នាក់ទី១២មកម៉េ្លះ។ នៅពេលនោះខ្ញុំគ្រាន់តែដឹងថា ប្លក់ គឺជាទំព័រផ្ទាល់ខ្លួនមួយដែលយើងអាចសរសេរពីរឿងរ៉ាវដែលជាការសម្រេចជោគជ័យរបស់យើង ដើម្បីទទួលបានការចាប់អារម្មណ៍នៅពេលសម្ភាសការងារ(ព្រោះនឹងបង្ហាញប្លក់ទៅក្នុងប្រវត្តិរូប ឬ CV)។

J ខ្ញុំជានរណា?
- នាមប៉ាកកា
ខ្ញុំតែងតែគិតជារឿយៗទាក់ទងនឹងនាមប៉ាកកា ថាតើខ្ញុំគួរតែប្រើឈ្មោះពិត ឬប្រើនាមប៉ាកកា។ តាមពិតទៅមិនមែនមកពីខ្ញុំមិនចូលចិត្តឈ្មោះពិតខ្លួនឯងនោះទេ ប៉ុន្តែខ្ញុំគិតថាខ្ញុំចង់បាននាមប៉ាកកាណាដែលអាចសម្គាល់ខ្ញុំបានដោយមិនចាំបាច់ប្រើឈ្មោះពិត។ ពេលនៅកម្ពុជាខ្ញុំមិនទាន់បង្ខំខ្លួនឯងដែលត្រូវតែរកឈ្មោះប៉ាកកាមកដាក់សម្គាល់ខ្លួននោះទេ។ ព្រោះគិតថាមិនទាន់ដល់ពេលសមរម្យ។ តែមកដល់ពេលនេះ វាក៏ជាពេលវេលាសមរម្យដែលខ្ញុំគួរចូលប្រឡូកក្នុងរឿងអក្សរសិល្ប៍ឳ្យកាន់តែច្រើនជាមុន។ ដំបូងឡើងនាមប៉ាកការបស់ខ្ញុំបានមកពីសិស្សច្បងជនជាតិថៃម្នាក់ ដែលគាត់ដាក់ឳ្យស្របទៅនឹងនាមប៉ាកកាដែលអ្នកនិពន្ធថៃនិយមប្រើ។ នាមប៉ាកកាជាភាសាថៃនោះគឺ “หาดทรายประกายดาว” ក្រោយមកក៏ព្យាយាមរកនាមប៉ាកកាជាភាសាខ្មែរដែលមានអត្ថន័យដូចនឹងនាមភាសាថៃ។ នៅពេលរកដំបូង គឺរកមិនត្រូវចិត្តសោះ ប្ដូរពីនាមនេះទៅនាមនោះ ប្ដូរចុះប្ដូរឡើងនៅតែមិនពេញចិត្ត។ យប់នោះមានសិស្សច្បងខ្មែរ និងមិត្តរួមជំនាន់ម្នាក់ទៀតនៅនិយាយជាមួយរឿងនាម។ ចុងក្រោយក៏សម្រេចយក “ខ្សាច់សមុទ្រ” ដោយសំអាងលើហេតុផលយ៉ាងសមរម្យមួយចំនួន។ តាមពិតទៅនាមប៉ាកកាមួយចំនួនកើតឡើងតាំងពីតូចរបស់ម្ចាស់នាម រហូតដល់ធំបើម្ចាស់នាមនៅតែស្រលាញ់ពេញចិត្ត ក៏អាចយកវាមមកប្រើបាន។ មួយចំនួនទៀតកើតឡើងតាមរយៈការប្រទះជួប ឯមួយទៀតកើតឡើងតាមការស្វែងរកដូចខ្ញុំនេះជាដើម ប៉ុន្តែខ្ញុំក៏ស្រលាញ់ពេញចិត្តក៏ការទទួលដាក់ខ្លួនឯងតាមនាមប៉ាកកានេះដែរ។
- និស្ស័យផ្ទាល់ខ្លួន
ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់់នៅតាមទីជនបទ។ ពេលនៅផ្ទះខ្ញុំតែងតែជិះកង់ទៅលេងវាលស្រែនៅខាងក្រោយផ្ទះញឹកញាប់។ នៅទីនោះស្ងប់ស្ងាត់ល្អហើយខ្យល់អាកាសដែលបក់ទៅមកៗ វាបានបង្រៀនខ្ញុំពីភាពស្ងៀមស្ងាត់របស់ធម្មជាតិដល់ខ្ញុំទាំងខ្លួនខ្ញុំមិនដឹងខ្លួនសោះ។ ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់តែមិនមែនមានន័យថាខ្ញុំមិនចូលចិត្តនៅកន្លែងមនុស្សអ៊ូអរនោះទេ។ ខ្ញុំអាចស្វែងរកភាពស្ងប់ស្ងាត់ចេញពីខ្លួនឯងនៅក្នុងចំណោមមនុស្សអ៊ូអរ ព្រោះតែធម្មជាបានបង្រៀនខ្ញុំពីវិធីនេះយ៉ាងស្ងៀមស្ងាត់បំផុត។ ដូច្នេះខ្ញុំតែងតែមិនបដិសេធទេនៅពេលមិត្តភក្តិហៅទៅកន្លែងអ៊ូអរម្ដងៗ។ ខ្ញុំក៏ចូលចិត្តអង្គុយនៅមាត់ស្រះទឹកផងដែរ ព្រោះខ្យល់ដែលបក់ប៉ះ ឬបក់ចេញពីទឹកស្រះមកប៉ះនឹងខ្លួនខ្ញុំ បានព្យាបាលភាពសោកសៅ ឬអារម្មណ៍ក្រៀមក្រំរបស់ខ្ញុំឳ្យធូរស្បើយបានយ៉ាងប្រសើរ។ ក្រៅពីចូលចិត្តភាពស្ងប់ស្ងាត់របស់ធម្មជាតិហើយខ្ញុំក៏ជាអ្នកគាំទ្រសៀវភៅផងដែរ ខ្ញុំចាប់ផ្ដើមអានសៀវភៅច្រើនតាំងពីខ្ញុំរៀនថ្នាក់ទី១០ ប៉ុន្តែខ្ញុំដឹងខ្លួនថាជាមនុស្សចូលចិត្តសៀវភៅតាំងពីពេលនៅតូចៗ។ ឳ្យតែឃើញសៀវភៅម្ដងៗចូលចិត្តបើកអាន ពិនិត្យក្រប មើលតួអក្សរ តែដោយនៅតូចពេក មិនដឹងថាសៀវភៅបានមកពីណា ហើយក៏មិនដឹងទៅរកសៀវភៅអាននៅទីណា ជាពិសេសនោះគឺមិនដឹងរកលុយឯណាទៅទិញសៀវភៅ ព្រោះលុយម៉ាក់ទុកសម្រាប់ឳ្យចាយគឺតិចតួចពេក។ ក្រោយៗមកក៏ចេះសន្សំលុយដើម្បីទៅទិញកូនសៀវភៅចម្រៀងតូចៗយកមកអាន ហុហុហុ។ បើនិយាយរឿងរាប់អានមិត្តភក្តិវិញ ខ្ញុំប៉ិនប្រសប់ណាស់ ហើយក៏ឳ្យតម្លៃមិត្តភាពខ្លាំងណាស់ដែរ ប៉ុន្តែទាស់គ្រាន់តែសម្ដីខ្ញុំអាក្រក់បន្តិច។ តែមិនថ្វីទេ ព្រោះខ្ញុំក៏មានមិត្តភក្តិជិតស្និទ្ធប៉ុន្មាននាក់ដែលមាននិស្ស័យស្រដៀងគ្នា និងមានចំណង់ចំណូលចិត្តស្រដៀងៗគ្នា ហើយពួកគាត់អាចទទួលយកចរិតនិស្ស័យរបស់ខ្ញុំបាន។
- ក្ដីស្រម៉ៃនៅថ្ងៃអនាគត
ខ្ញុំមានបំណងប្រាថ្នាមួយសម្រាប់ថ្ងៃអនាគត គឺចង់ក្លាយជាអ្នកនិពន្ធអាជីពម្នាក់ និងមានគ្រឹះស្ថានបោះពុម្ភសៀវភៅផ្ទាល់ខ្លួន។ ខ្ញុំចង់បង្កើតសៀវភៅដែលមានគុណភាពសម្រាប់ប្រជាជនខ្មែរ ហើយគាំទ្ររាល់់ការសរសេរទាំងឡាយ មិនថាតែជាប្រលោមលោកនោះទេ តែអាចជាសៀវភៅសម្រាប់កុមារ ស្រៀវភៅសម្រាប់សិស្ស-និស្សិតសិក្សាស្រាវជ្រាវ សៀវភៅកំសាន្ត ឬចំណេះដឹងទូទៅផ្សេងៗទៀតដែលសព្វថ្ងៃនេះមិនសូវមានទេនៅក្នុងប្រទេសកម្ពុជាយើង។ នៅពេលកាន់តែធំ ហើយកាន់តែស្គាល់ប្រភេទសៀវភៅច្រើនទើបខ្ញុំដឹងថា ប្រទេសយើងពិតជាខ្វះប្រភេទសៀវភៅចំណេះទូទៅច្រើនមែនទែន។ រឿងនេះក៏ផ្សារភ្ជាប់ទៅនឹងកម្រិតនៃការយល់ដឹងរបស់ប្រជាជនយើងផងដែរ។ ខ្ញុំជឿថាអានច្រើនចេះច្រើន តែបើគ្មានសៀវភៅច្រើនប្រភេទសម្រាប់អានទេ យើងក៏មិនអាចចេះរឿងច្រើនបានដែរ។ ដូចនេះការយល់ដឹងរបស់យើងនៅកម្រិតទាបនៅឡើយ។
- ប្រវត្តិការសិក្សា
នៅពេលខ្ញុំចូលរៀនដំបូងគឺខ្ញុំមានអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។ ពេលនោះខ្ញុំមានរូបរាងតូចមែនទែនបើធៀបទៅនឹងបងប្អូនជីដូនមួយដែលទៅរៀនជាមួយគ្នា។ ដំបូងឡើយនៅពេលដែលចុះឈ្មោះចូលរៀនថ្នាក់ទី១ អ្នកគ្រូបន្ទុកថ្នាក់មិនអនុញ្ញាតិឳ្យខ្ញុំបានចុះឈ្មោះចូលរៀនទេ ព្រោះគាត់ឃើញតូចពេក ឳ្យទៅរៀននាំតែពិបាកដល់គាត់ក្នុងការមើលថែ។ តែខ្ញុំមិនសុខចិត្តទេ យំរំអុកសុំម៉ាក់់ទៅរៀនរាល់ថ្ងៃ ព្រោះពេលនោះជីដូនមួយនាំគ្នាចូលរៀនអស់ហើយ ហើយខ្ញុំនៅផ្ទះក៏គ្មានអ្នកលេងជាមួយដែរ។ ដោយសារម៉ាក់រវល់ក្នុងការលក់ដូរទើបអ៊ំស្រីរបស់ខ្ញុំជិះម៉ូតូឌុបខ្ញុំទៅដល់ផ្ទះអ្នកគ្រូ។ ពេលនោះអ្នកគ្រូឳ្យខ្ញុំយកដៃស្ដាំប៉ះត្រចៀកឆ្វេងដោយរំលងក្បាល ហើយគាត់ប្រាប់ថា “បើកូនធ្វើបាននោះបានន័យថាកូនគ្រប់អាយុចូលរៀន តែបើធ្វើមិនបានទេកូនចូលរៀនមិនទាន់បានទេ”។ ខ្ញុំក៏លួចយកដៃមកដាក់ខាងក្រោយក្បាលដើម្បីឳ្យប៉ះត្រចៀក។ ដោយឃើញខ្ញុំចង់ចូលរៀនពេកអ្នកគ្រូក៏សម្រេចចិត្តឳ្យខ្ញុំសាកចូលសិន បើខ្ញុំរៀនមិនទាន់ ឬរករឿងមកផ្ទះវិញអ្នកគ្រូនឹងឳ្យឈប់រៀនមិនខាន។ ក្រោយពេលចូលរៀនបានមួយអាទិត្យអ្នកគ្រូក៏មានពាក្យត្រឡប់មកប្រាប់ម៉ាក់ខ្ញុំថា ខ្ញុំរៀនទាន់គេ ហើយឆ្លាតទៀតផង គាត់នឹកស្មានមិនដល់សោះ។ ក្រោយមកខ្ញុំក៏បានបញ្ចប់ថ្នាក់ទី១ហើយចូលរៀនថ្នាក់ទី២ជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំ។ ពេលនៅរៀនខ្ញុំប្រឹងរៀនណាស់ ព្រោះតែនិស្ស័យចូលចិត្តរៀនសូត្រ ចូលចិត្តសៀវភៅ ធ្វើឳ្យខ្ញុំទទួលបានចំណាត់ថ្នាក់លេខមួយឬពីរមិនដែលខានឡើយ។ នៅក្នុងគ្រួសារ ប៉ាម៉ាក់មិនសូវឳ្យខ្ញុំធ្វើអ្វីផ្សេងក្រៅពីរៀនសូត្រទេ ព្រោះពួកគាត់ឳ្យតម្លៃការអប់រំណាស់ ដូច្នេះហើយទើបខ្ញុំមានឳកាសច្រើន។ មកដល់ថ្នាក់ទី៩ជាឆ្នាំដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ ឆ្នាំនោះផងដែរក៏ជាឆ្នាំដែលក្រសួងអប់រំធ្វើកំណែប្រព័ន្ធអប់រំទៅលើការប្រឡងសញ្ញាបត្រសំខាន់ៗទាំងពីរ គឺមបឋមភូមិ និងទុតិយភូមិ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលទទួលបានការផ្លាស់ប្តូរចំពេលដែលខ្ញុំប្រឡង ព្រោះខ្ញុំអាចប្រើសមត្ថភាពធ្វើសំណួរចម្លើយយ៉ាងពេញទំហឹង។ ឯលទ្ធផលដែលចេញមកក៏ល្អ។ បន្ទាប់ពីនោះមកខ្ញុំក៏ត្រូវបានប៉ាម៉ាក់បញ្ចូនឳ្យទៅរៀនត្រៀមប្រឡងចូលរៀននៅសាលាមួយក្នុងខេត្តកណ្ដាល។ បន្ទាប់ពីរៀនបានជិតមួយខែក៏ត្រូវប្រឡង ប្រឡងចប់សព្វគ្រប់អស់ដោយលទ្ធផលនោះគឺខ្ញុំបានលេខពីរក្នុងចំណោមសិស្សដែលសាលាជ្រើសឳ្យចូលរៀន។ តែជាអកុសលខ្ញុំមិនបានទៅរៀននៅទីនោះទេ តែបានបន្ដថ្នាក់វិទ្យាល័យនៅទីរួមស្រុកឯស្រុកកំណើតវិញ។ មិនថារៀននៅទីណាទេ ខ្ញុំនៅតែខំប្រឹងរៀនសូត្រពីមេរៀនក្នុងសាលា ហើយក៏រៀនស្វែងយល់ពីជីវិត ការដោះស្រាយបញ្ហាជីវិតផ្សេងៗ។ មកដល់ថ្នាក់ទី១២ខ្ញុំបានចូលរួមប្រកួតកម្មវិធី “សរសេរម៉ាសេរី ឬ Write On! Cambodia” ដែលរៀបចំដោយ Peace Corp Cambodia ពេលនោះរឿងខ្លីខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសហើយក៏បានទៅចូលរួមសិក្ខាសាលានៅភ្នំពេញផងដែរ។ បន្ទាប់ពីនោះខ្ញុំក៏ជាបេក្ខជនសិស្សពូកែលេខ១ទូទាំងខេត្តកំពង់ចាមផ្នែកអក្សរសិល្ប៍ខ្មែរផងដែរ។ រឿងរ៉ាវជោគជ័យទាំងនេះបានធ្វើឳ្យខ្ញុំស្គាល់ពីជីវិតកាន់តែច្រើន ហើយវាក៏បានបង្រៀនខ្ញុំពីរបៀបរស់នៅក្នុងសង្គម ហើយកាន់តែធ្វើឳ្យខ្ញុំចាស់ទុំក្នុងការគិតច្រើនជាងមុនផងដែរ។ បន្ទាប់ពីប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខ្ញុំក៏បានមកបន្តរៀននៅទីក្រុងភ្នំពេញ តែដោយបញ្ហាគ្រួសារនិងថវិកាខ្ញុំក៏បានឈប់រៀន ហើយចូលធ្វើការរយៈពេលមួយឆ្នាំ។ មកដល់ឆ្នាំនេះខ្ញុំបានជាប់អាហារូបករណ៍ព្រះរាជទានរបស់ម្ចាស់ក្សត្រិយសិរិនថនមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំនៅព្រះរាជាណាចក្រថៃ។
- ប្រវត្តិរូបសង្ខេប
h ជីវប្រវត្តិផ្ទាល់ខ្លួន
· ឈ្មោះ ៖ រំលី នាមត្រកូល កៅ (នាមប៉ាកកា ខ្សាច់សមុទ្រ-หาดทรายประกายดาว)
· ភេទ ៖ ប្រុស
· ថ្ងៃខែឆ្នាំកំណើត ៖ ០៤ កុម្ភៈ ២០០០
· ទីកន្លែងកំណើត ៖ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
· មុខរបរ ៖ និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គលឦសាន ប្រទេសថៃ។
· ទីកន្លែងបច្ចុប្បន្ន ៖ អន្តេវាសិកដ្ឋាននិស្សិត តាមបណ្ដោយផ្លូវសុរៈណារាយ សង្កាត់ណៃមឿង ខណ្ឌមឿង ខេត្តនគររាជសីមា ប្រទេសថៃ។
· ម្ដាយឈ្មោះ ៖ យ៉ា ស្មាស់ មុខរបរ៖ អ្នកលក់ដូរ
· បងប្អូន ៖ មានបងប្អូន៣នាក់ ជាកូនទី២ក្នុងគ្រួសារ
h ការសិក្សា
២០០៥-២០១១ ៖ សាលាបឋមសិក្សា ហ៊ុនសែន ព្រែកកក់
២០១១-២០១៤ ៖ សាលាអនុវិទ្យាល័យ ហ៊ុនសែន ព្រែករលួស
២០១៤-២០១៧ ៖ សាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែនស្ទឹងត្រង់
២០១៩-បច្ចុប្បន្ន ៖ សាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គលឦសាន ប្រទេសថៃ
h មុខរបរក្នុងក្ដីស្រម៉ៃ
អ្នកនិពន្ធ
អ្នករចនាក្រាហ្វិក
អត្ថបទដោយ៖ ខ្សាច់សមុទ្រ-หาดทรายประกายดาว
អត្ថបទដោយ៖ ខ្សាច់សមុទ្រ-หาดทรายประกายดาว
No comments:
Post a Comment