I Wake Up and We Became Strangers ភាគបញ្ចប់


«ដេត! មានរឿងអីទៀតហើយ?» ខ្ញុំក៏ផ្ដើមសំណួរបន្ទាប់ពីសម្រួលអារម្មណ៍ហត់ដែលលួចចេញពីផ្ទះមក
«នាងមិនត្រូវការខ្ញុំទៀតទេ» ដេតតបបែបមនុស្សស្រវឹងស្រា ហើយក៏ចង់យំផងដែរ
«គេយ៉ាងម៉េច? ហើយឈ្លោះគ្នារឿងអី?»
«គេមិនទទួលទូរស័ព្ទខ្ញុំទេ ហិហិហិ»
«គេអាចរវល់ក៏ថាបានណា៎!» ខ្ញុំព្យាយាមលួងលោមមនុស្សប្រុសដែលខ្លួនស្រលាញ់ នៅពេលដែលគាត់ឈ្លោះគ្នាជាមួយមិត្តស្រីគាត់
«អត់ទេ! គេទូរស័ព្ទមកខ្ញុំវិញ»
«អាហ៎! ហើយយ៉ាងម៉េចទៀត?»
«គេ! គេ! គេ......»
«គេយ៉ាងម៉េច?»
«គេសុំខ្ញុំបែកគ្នា ហិហិហិ»
ព្រះ! នេះដេតជួបរឿងនេះទៀតហើយមែនទេ? ហួសហេតុពេកហើយ នេះមួយរយៈដែលដេតទាក់ទងសុជាតា គឺពួកគេដូចជាស្អិតរមួតជាមួយគ្នាណាស់។ ឯសុជាតាក៏ស្រលាញ់់ដេតណាស់ដែរ ហេតុអីក៏គេមកសុំបែកគ្នាងាយៗបែបនេះ?

ខ្ញុំសុំដេតចេញមកក្រៅបន្តិច ដោយទុកឳ្យគេនៅយំដូចកូនក្មេងតែម្នាក់ឯង ហើយប្រថុយទូរស័ព្ទទៅសុជាតា។ ខ្ញុំដឹងថាខ្ញុំចូលដៃក្នុងរឿងពួគេ ប៉ុន្តែខ្ញុំក៏មិនអាចបណ្ដោយឳ្យដេតមកខូចចិត្តដោយសារតែពាក្យបែករបស់នាងបែបនេះនោះដែរ។
ខ្ញុំស្រាប់តែស្ងាត់មិនមានពាក្យអីតបទៅសុជាតាទៀតបន្ទាប់ពីនិយាយជាមួយនាងរួច។ ខ្ញុំស្ថិតនៅក្នុងសភាពដែលពិបាកពណ៌នា។ ខ្ញុំមិនច្បាស់ថាខ្ញុំត្រូវធ្វើអ្វីបន្តទៀត។

ខ្ញុំត្រឡប់មកតុដែលដេតកំពុងតែលើកកែវស្រាអក ហើយក៏ឆ្លេចសួរគេមួយសំណួរទាំងមិនបានត្រៀមចិត្តថាត្រូវសួរ
«ដេត បែកគ្នាជាមួយជាតាមែនទេ?» ខ្ញុំទាញកៅអីមកអង្គុយដូចដូចដើមវិញ
«អត់ទេ!» ល្អ! ដល់ពេលដែលខ្ញុំត្រូវស្ដាប់ការបកស្រាយរបស់មនុស្សប្រុសដែលខ្ញុំលួចស្រលាញ់មកជាយូរហើយដែរ។
«ដេតបែកគ្នាជាមួយជាតាយូរហើយមែនទេ? ដេតអាចប្រាប់ខ្ញុំបាន ដេតប្រហែលជាត្រូវការអ្នកនិយាយជាមួយ។ ខ្ញុំនៅទីនេះនិយាយជាមួយដេតបាន» ខ្ញុំនិយាយទាំងអារម្មណ៍អស់ពីខ្លួនរលីង ព្រោះដឹងថាអ្វីដែលខ្ញុំនឹងឮអាចនឹងធ្វើឳ្យខ្ញុំគាំងបាន
ខ្ញុំកំពុងតែស្ដាប់ដេតរៀបនិយាយដោយយកចិត្តទុកដាក់ ហើយក៏មិនភ្លេចត្រៀមចិត្តទទួលយករឿងដែលខ្ញុំមិនដឹងពីមុនមក ស្របពេលដែលម៉ាក់បានទូរស័ព្ទមកខ្ញុំចំនួន៧ដងទៅហើយ។ ខ្ញុំយកដៃដែលកំពុងតែញ័រតិចៗ ចុចបិទទូរសព្ទរបស់់ម៉ាក់។
«ខ្ញុំបែក...នឹងជាតាតាំងពី៤ខែមុន» ដេតអកស្រាអស់ពីកែវហើយទម្លាក់វាលើតុតិចៗ។ ខ្ញុំចាក់ស្រាឳ្យគេបន្ថែមព្រោះ ស្រាដែលគេកុម្ម៉ង់មកទុកលើតុនៅសល់ច្រើនទៀត
«ពេលនោះខ្ញុំលួចទាក់ទងក្មេងស្រីម្នាក់រៀននៅវិទ្យាល័យ ក្រោយមកជាតានាងដឹងរឿងហ្នឹង ទើបនាងសុំខ្ញុំបែកគ្នា» ល្អ! ដែលដេតផឹកប៉ះស្រានិយាយការពិតចេញ
«យើងក៏បែកគ្នា ហើយខ្ញុំក៏ទាក់ទងក្មេងស្រីនោះ បានមួយខែ។ ព្រោះតែនាងនៅក្មេងពេក ទើបនាងមិនចង់ទាក់ទងអ្នករៀនសាកលវិទ្យាល័យដូចខ្ញុំ នាងថានាងស្រលាញ់មនុស្សប្រុសរៀននៅវិទ្យាល័យជាង។ ហិហិហិ» ខ្ញុំស្ដាប់ដេតដោយអារម្មណ៍នឹងនរជាទីបំផុត សូម្បីតែសម្លេងយំរបស់គេក៏មិនបានធ្វើឳ្យចិត្តខ្ញុំពេលនេះរង្គើដែរ។ យំទៅដេត!
«ខ្ញុំខូចចិត្តណាស់មេត្តា ម៉េចក៏ខ្ញុំជួបតែរឿងបែបហ្នឹង? ហិហិហិ...»
«ចឹង! ដេតមកយំទីនេះព្រោះតែក្មេងស្រីម្នាក់នោះមែនទេ?» ខ្ញុំ!ខ្ញុំ!សួរដេតទាំងបេះដូចឈឺពឺតៗ ភាពខ្លោចផ្សាកំពុងតែវាយលុយបេះដូងដ៏បរិសុទ្ធរបស់ខ្ញុំយ៉ាងស្ងៀមស្ងាត់ពេលនេះ
«អត់ទេ!» អ៊ឹម! និយាយទៀតមកដេត។ ខ្ញុំដូចជាល្ងង់ណាស់។ ដេតជួយនិយាយឳ្យខ្ញុំឈប់ដើរតួជាស្រីល្ងង់ចាប់ពីយប់នេះទៅផង
«ខ្ញុំបានទាក់ទងនឹងមនុស្សស្រីម្នាក់ទៀត យើងជួបគ្នានៅក្រៅបានច្រើនដែរ។ មើលទៅគេដូចជាស្រលាញ់ខ្ញុំណាស់ មិននឹកស្មានថាគេមានសង្សាររួចទៅហើយសោះ។ គេយកខ្ញុំគ្រាន់តែបញ្ឈឺសង្សារគេប៉ុណ្ណោះ ព្រោះពេលនោះគេឈ្លោះគ្នា តែឥឡូវគេត្រូវគ្នាវិញហើយ គេក៏សុំខ្ញុំបែកគ្នា។ គេមិនចង់ឳ្យសង្សារបស់គេមានការយល់ច្រឡំតទៀត។»
«ជាហេតុធ្វើឳ្យដេតមកអង្គុយផឹកម្នាក់ឯងមែនទេ?»
«ហិហិហិ! ខ្ញុំឈឺចិត្តណាស់មេត្តា។ អារ័ត្នវាមិនមកកំដរខ្ញុំទេ! វារវល់តែជាមួយសង្សារថ្មីរបស់វាហ្នឹង» អូហ៎! បែបហ្នឹង!

អស់ហើយ ខ្ញុំគ្មានអ្វីត្រូវសួរដេតទៀតទេ។ ក្នុងខួរក្បាលខ្ញុំពេលនេះគឺទទេរស្អាត ខណៈពេលដែលបេះដូងខ្ញុំកំពុងឈឺពើត។ ខ្ញុំអង្គុយបញ្ច្រកស្រាដេត។ ទេ! គឺដេតខ្លួនឯងដែលកុម្ម៉ង់ស្រាជាច្រើនដបមក ខ្ញុំគ្រាន់តែចិត្តល្អអង្គុយចាក់ស្រាឳ្យគេផឹកឳ្យឆាប់អស់តែប៉ុណ្ណោះ។ ដេតស្រវឹងកាន់តែខ្លាំង ឯខ្ញុំក៏ស្រវឹងដែរ ខុសត្រង់ដេតស្រវឹងស្រា ខ្ញុំស្រវឹងអារម្មណ៍។
បន្ទាប់ពីផឹកស្រាអស់ខ្ញុំក៏យកកាបូបលុយគេទាញលុយមកគិត។ ខ្ញុំអាចចិត្តល្អអង្គុយចាក់ស្រាឳ្យគេផឹកមែន តែខ្ញុំមិនមែនជាអ្នកមានដែលអាចចំណាយលុយលើរឿងគ្មានបានការរបស់គេនោះដែរ។ ខ្ញុំឌុបគេទៅផ្ទះដោយឳ្យគេជិះឳបខ្ញុំពីក្រោយ។ ដេតមិនត្រឹមតែស្រវឹងខ្លាំងនោះទេ គេថែមទាំងក្អួតដាក់អាវក្រៅរបស់ខ្ញុំទៀតផង តែមិនអីទេដេត ខ្ញុំនឹងល្អដាក់លោកឳ្យចប់ចុងចប់ដើម។

ខ្ញុំយកគេមកដល់មុខផ្ទះរបស់គេ ដោយម៉ាក់គេចេញមកទទួលបន្ទាប់ពីខ្ញុំចុចកណ្ដឹងហៅ។ ខ្ញុំបានយកអាវដែលគេក្អួតដាក់ញាត់ចូលក្នុងកាតាបរបស់គេ។ ម៉ាក់គេសម្ដែងក្ដីត្រកអរមកកាន់ខ្ញុំដែលបានជូនកូនប្រុសរបស់គាត់មកផ្ទះ ព្រោះគាត់ព្យាយាមទាក់ទងដែរតែដេតបិទទូរស័ព្ទគាត់។

ខ្ញុំមកដល់ផ្ទះជាមួយនឹងអាវយឺតដៃខ្លីពណ៌សរបស់ខ្ញុំ ដែលមានក្លិនស្រា និងក្លិនក្អួតចង្អោរមកជាមួយ។ ខ្ញុំយកម៉ូតូទុក ហើយក៏ដើរចូលទៅក្នុងផ្ទះទាំងអារម្មណ៍ស្មើរធឹង។
«នាងទើបមកពីណា?» សម្លេងដ៏ខ្លាំងរបស់ម៉ាក់ធ្វើឳ្យខ្ញុំភ្ញាក់ព្រឺត។ នេះម៉ោង១២យប់ទៅហើយម៉ាក់និងប៉ាមិនទាន់ចូលសម្រាន្តទៀត។ ព្រះអើយ! រឿងធំហើយខ្ញុំ
«នាងថ្លើមធំណាស់នាងមេត្តា។ ខ្ញុំសួរម្ដេចនាងមិនឆ្លើយ?»
«អូន! បានហើយ»
«នាងចេញទៅក្រៅទាំង​យប់ ចូលផ្ទះវិញពាក់កណ្ដាអធ្រាត្រទាំងសភាពបែបនេះ សម្ដែងថាយ៉ាងម៉េច? នាងជួយនិយាយប្រាប់ខ្ញុំផងមើល» ម៉ាក់ក្រោកចេញពីសាឡុងមកឈរសម្លឹងមុខខ្ញុំ។ ខ្ញុំពេលនេះ គ្មានអារម្មណ៍នឹងខូចចិត្ត គ្មានអារម្មណ៍នឹងយំ ហើយក៏មិនឈឺនឹងសម្ដីម៉ាក់់ថាឳ្យដែរ។ ចិត្តខ្ញុំស្ពឹកហើយ
«ខ្ញុំទៅជូនមិត្តភក្តិទៅផ្ទះព្រោះម៉ូតូគេខូចតាមផ្លូវ» ខ្ញុំប្រមូលអស់ភាពក្លាហានមកនិយាយជាមួយម៉ាក់។ ទេ! គឺមកកុហកម៉ាក់។ តែ......
ផាំង!!!!!
អូយ!
«អូនប៉ុណ្ណឹងបានហើយ ឳ្យកូនគេឡើងទៅបន្ទប់ទៅ» ប៉ាស្ទុះមកចាប់ដៃម៉ាក់ ឯខ្ញុំបានត្រឹមយកដៃមកអង្អែលថ្ពាល់ឆ្វេងដែលម៉ាក់ទះយ៉ាងខ្លាំងអំបិញមិញ។
ព្រះអើយ! ឈឺណាស់!
«នាងនៅពោលពាក្យមុសាទាំងកណ្ដាលយប់បែបនេះមែនទេ? ខ្ញុំបានបង្រៀននាងឳ្យចេះពោលពាក្យមុសាឬយ៉ាងណា? ខ្លួននាងធំក្លិនស្រាឳ្យង៉ោង នាងបែរកុហកថាជួយជូនមិត្តទៅផ្ទះ? នាងគិតថាខ្ញុំល្ងង់ឬយ៉ាងណា?»
ខ្ញុំសុំទោសម៉ាក់...ខ្ញុំបានត្រឹមសុំទោសម៉ាក់ ទាំងមិនហ៊ាននិយាយពាក្យនេះចេញក្រៅនៅពេលនេះ...ទីនេះ...
«ខ្ញុំហត់នឹងនិយាយជាមួយនាងណាស់ នាងមេត្តា។ នេះខ្ញុំពិតជាចង់ដឹងណាស់ ថាហេតុអ្វីបាននាងថ្លើមធំហ៊ានល្មើសនឹងច្បាប់ក្នុងគ្រួសារនេះ? ហើយនាងនៅបន្តដល់ពេលណា?» ស្ដីហើយម៉ាក់ក៏ដើរចេញទៅ
«យ៉ាងម៉េចហើយកូន ឈឺខ្លាំងទេ?» ខ្ញុំស្រាប់តែស្រក់ទឹកភ្នែកមួយតំណក់បន្ទាប់ពីឮសំណួររបស់ប៉ា
«មើល! ឳ្យប៉ាមើលបន្តិចមើល» ប៉ាទាញថ្ពាល់ខាងឆ្វេងរបស់ខ្ញុំទៅមើល ឯខ្ញុំបានត្រឹមទឹកភ្នែករលីងរលោង ហិហិហិ...
«កូនអត់អីទេប៉ា! ឳ្យកូនសុំទោសផងដែលធ្វើឳ្យប៉ាត្រូវអត់ងងុយបែបនេះ។ កូនសុំទោស! ហិហិហិ.......» ទឹកភ្នែកដែលត្រៀមតែនឹងចេញក៏ចេញមកដោយមិនអាចឃាត់បាន ហើយខ្ញុំបានត្រឹម​ឈ្មុលមុខចូលក្នុងទ្រូងប៉ា ហើយយំខ្លាំងៗ

ឥឡូវនេះម៉ោង១និង៣០នាទីរំលងអធ្រាត្រ ម៉ោងនៅក្នុងបន្ទប់ដ៏ស្ងៀមស្ងាត់របស់ក្មេងស្រីឈ្មោះថា មេត្តា។ ហើយពេលនេះខ្ញុំសូមនិយាយរឿងក្នុងចិត្តឳ្យបានធូរស្បើយ៖
     ដេត? ហេតុអី? ហេតុអីក៏ជាខ្ញុំ? ហេតុអីក៏ជាខ្ញុំដែលត្រូវក្លាយជាមនុស្សស្រីរងគ្រោះព្រោះតែក្ដីស្រលាញ់ទៅលើលោក? ហេតុអីក៏ខ្ញុំមិនមែនជាមនុស្សស្រីដែលលោកគួរតែមានទំនាក់ទំនងជាមួយ? ខ្ញុំមិនល្អត្រង់ណា? ខ្ញុំតែងតែធ្វើល្អៗដាក់លោក ព្រោះខ្ញុំស្រលាញ់លោក។ រឿងហ្នឹងលោកក៏ដឹង ពេលនោះម្ដេចលោកចាំបាច់សម្ដែងធ្វើជាល្អដាក់ខ្ញុំបើលោកនៅតែមិនជ្រើសរើសយកខ្ញុំ? បន្ទាប់ពីខ្ញុំសារភាពហើយហេតុអីក៏លោកមិនអាចប្រាប់ខ្ញុំមួយម៉ាត់ថា យើងមិនអាចចាប់ផ្ដើមទំនាក់ទំនងលើសពីមិត្តភាព? ល្អដេត! ខ្ញុំតែងតែចិញ្ចឹមចិត្តស្រលាញ់ជូនលោកទោះជាដឹងថា លោកមិនជ្រើសយកខ្ញុំ ហើយលោកចាប់ផ្ដើមក្ដីស្រលាញ់ជាមួយជាតា។ ក្រោយនោះខ្ញុំពិតជាល្ងង់ណាស់ ដែលមិនដឹងថាលោកលួចក្បត់ជាតាទៅទាក់ទងក្មេងស្រីម្នាក់។ ខ្ញុំក៏បន្តល្ងង់ទៀតដែលមិនដឹងថាលោកបែកពីជាតាហើយ ទៅចាប់ផ្ដើមជាមួយក្មេងស្រីនោះ។ ខ្ញុំពិតជាមិនដឹងសោះថាលោកបន្តបែកគ្នាជាមួយនាង ហើយទៅទាក់ទងមនុស្សស្រីម្នាក់ទៀតដែលមិនមែនជាខ្ញុំ។ បន្ទាប់ពីបែកគ្នាពីនាង លោកគ្មាននរណានៅក្បែរសូម្បីតែមិត្តភក្តិជិតស្និទ្ធរបស់លោក។ គេរវល់ជាមួយសង្សារថ្មីរបស់គេមែនទេ? ហេតុអីមុននេះគេប្រាប់ខ្ញុំថាយាយគេឈឺមិនអាចមកកំដរលោកផឹកបាន? ហេតុអីក៏ជាខ្ញុំដែលត្រូវទទួលយកភាពឯការបស់លោកនៅពេលដែលអ្នកផ្សេងគេបោះបង់លោកចោល? ហេតុអីក៏មុននេះលោកផ្ញើសារទុក្ខសោកមកខ្ញុំ បើខ្ញុំមិនមែនជាមនុស្សស្រីសំខាន់ដែលលោកគួរស្រលាញ់? លោកនិយាយថាលោកដូចជាកង់សាគួររបស់គេ ចុះខ្ញុំវិញ មុននេះខ្ញុំក៏ជាកង់សាគួររបស់លោកដែរមែនទេ? មែនហើយដេត ខ្ញុំជាកង់សារគួរបស់លោកពិតមែន តែស្អែកនេះ ខ្ញុំមិនមែនទៀតទេ។ ខ្ញុំនឹងគេងឳ្យលក់ក្នុងពេលបន្តិចទៀត ក្រោយពីនោះ ខ្ញុំភ្ញាក់ពីគេង ហើយយើងបានក្លាយជាអ្នកដទៃ។ លាហើយដេតដែលនឹងក្លាយជាអ្នកដទៃនៅព្រឹកថ្ងៃស្អែក!

យើងកំពុងនៅក្នុងបន្ទប់ប្រជុំ ហើយខ្ញុំកំពុងតែទាញកៅអីអង្គុយចុះបន្ទាប់ពីមុននេះខ្ញុំបានក្រោកបង្ហាញពីគោលគំនិតទៅកាន់សមាជិកក្រុម។ ទាំងអស់គ្នាក៏បានទះដៃទទួលយកនូវគោលគំនិតរបស់ខ្ញុំ ឯលោកគ្រូគម្រោងសរសើរមិនដាច់ថាគំនិតខ្ញុំល្អ! តែថាមុននេះខ្ញុំរកកលតែនឹងដួលទេតើ? ម្ដេចក៏ពេលនេះខ្ញុំក្លាយជាមនុស្សថ្មីម្នាក់ដែលមានកម្លាំមាំមួន និងមានបញ្ញាខ្ពស់យ៉ាងដូច្នេះ? ហឹស! អរគុណមនុស្សម្នាក់ដែលឈរហៅឈ្មោះខ្ញុំនៅក្រៅបន្ទប់ប្រជុំមុននេះ គ្រាន់តែឃើញមុខគេភ្លាម កម្លាំងកម្ហែងដែលខ្ញុំបាត់ទៅមួយព្រឹកក៏ត្រឡប់មកវិញ ថែមទាំងទ្វេរដងទៀតផង។ ខ្ញុំទទួលបានគ្រប់យ៉ាងមកវិញ កម្លាំង ភាពស្រស់ស្រាយ ស្នាមញញឹម ភាពវាងវៃ។ ខ្ញុំដើរចេញពីគេទាំងធ្វើដូចជាមិនមានអ្វីកើតឡើងសោះ។ ឯគេបានត្រឹមអង្គុយធ្វើមុខស្លឺមើលមកខ្ញុំទាំងចម្លែកចិត្ត។

ដេត! ពិតហើយដែលថា ខ្ញុំភ្ញាក់ពីគេងហើយយើងក្លាយជាអ្នកដទៃ!  (ចប់)

សូរិន្ទ , ប្រទេសថៃ ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ម៉ោង ១១៖០៧ នាទីយប់

I Wake Up And We Became Strangers ភាគ២


យប់មិញមានរឿងអីកើតឡើង?
ខ្ញុំសួរខ្លួនឯងជាមួយនឹងសំណួរដ៏ល្ងីល្ងើមួយនេះ។ យប់មិញខ្ញុំធ្វើអ្វីខ្លះ? ខ្ញុំជួបអ្វីខ្លះ? ហេតុអីក៏ខ្ញុំភ្លេចលឿនម៉្លេះ? ហេតុអីខ្ញុំចាំបាច់សួរសំណួរនេះមកកាន់ខ្លួនឯងម្ដងទៀត? ទេ! ខ្ញុំត្រូវតែសួរសំណួរនេះ ដើម្បីរំឭកខ្លួនឯងរាល់ថ្ងៃថាខ្ញុំគួរនៅចំណុចណានៃសម្ព័ន្ធភាពមួយនេះ?

យប់មិញម្នាក់ចំពោះមុខខ្ញុំនេះបានផ្ញើសារមកខ្ញុំ។
ម៉ោង១០យប់ទៅហើយ ប៉ាម៉ាក់មិនទាន់ចូលសម្រាន្តទេ ឯខ្ញុំកំពុងនៅផ្ទះបាយចាក់ទឹកដោះគោ។ ខ្ញុំ ប៉ានិងម៉ាក់កំពុងតែអង្គុយនៅបន្ទប់ទទួលភ្ញៀវមើលទូរទស្សន៍ទាំងអស់គ្នា ស្រាប់តែដេតផ្ញើសារមកប្រាប់ថាកំពុងផឹកម្នាក់ឯងនៅផាប់ជិតផ្ទះខ្ញុំ។ នេះមានរឿងអីទៀតហើយមែនទេ?
«ហេយ, មកកំដរតិចបានអត់?»
«ហ្អាហ៎? កើតអីមែន?»
«ខូចចិត្ត!»
«អ្ហា៎! ហើយថីទៀតហើយ?»
«ជួយមកមើលផង។ ខ្ញុំស្រវឹងហើយ»
នេះគឺដេត ម្នាក់ដែលខ្ញុំលួចស្រលាញ់តាំងពីរៀនទី១២។ ដំបូងឡើយដេតប្តូរមកនៅភ្នំពេញពេលពួកយើងរៀនទី១២។ ខ្ញុំក៏បានក្លាយជាមិត្តនឹងគេ ហើយក៏បានលួចស្រលាញ់គេតាំងពីពេលនោះមកដែរ។ តែដេតមិនដឹងខ្លួនទេ។ ពេលចូលរៀនមហាវិទ្យាល័យ យើងចូលចិត្តការរចនាដូចគ្នា។ ដេតគេសម្រេចចិត្តថាចូលរៀនផ្នែកដេគ័រ ឯខ្ញុំទម្រាំសុំម៉ាក់បាន ត្រូវរកព័ត៌មានទាក់ទងនឹងជំនាញ អំណះអំណាងពីទេពកោសល្យដែលខ្ញុំមានទាក់ទងនឹងជំនាញ ហើយធ្វើការបកស្រាយប្រាប់ម៉ាក់ថាខ្ញុំពិតជាអាចទៅរួចជាមួយនឹងជំនាញនេះ។ គ្រានោះប៉ាបានត្រឹមអង្គុយមើលខ្ញុំធ្វើបទបង្ហាញជូនម៉ាក់ហើយញញឹមតែម្នាក់ឯងប៉ុណ្ណោះ ព្រោះប៉ាប្រាប់ថា គ្រប់យ៉ាងគឺប៉ាតាមម៉ាក់។ បន្ទាប់មកយើងក៏សម្រេចចិត្តរៀននៅមហាវិទ្យាសិល្បៈសូរ៉ាមជាមួយគ្នា។ ខ្ញុំនៅតែបន្តលួចស្រលាញ់ដេត ទាំងដឹងថាពេលនោះដេតមានសង្សាររួចទៅហើយ។ ខ្ញុំគិតថាបើដេតបែកពីសង្សារ ខ្ញុំនឹងប្រាប់គេថាខ្ញុំលួចស្រលាញ់គេយូរហើយ ពេលនោះដេតកំពុងតែខូចចិត្ត ហើយត្រូវបានខ្ញុំជាអ្នកក្បែរខ្លួនមើលថែទៀត គេប្រាកដជាងាកមកសម្លឹងខ្ញុំវិញមិនខាន។ មិនយូរប៉ុន្មានបន្ទាប់ពីចូលរៀនហើយ ដេតក៏បានបែកពីសង្សារគេមែន ហើយហេតុផលដែលដេតប្រាប់ខ្ញុំនោះគឺ ខាងស្រីមានគេចូលដណ្ដឹង ទើបគេសម្រេចចិត្តសុំបែកគ្នាជាមួយដេត។ ឮហេតុផលនោះហើយ កាន់តែធ្វើឳ្យខ្ញុំមានទំនុកចិត្តលើដេត។ ខ្ញុំគិតថាដេតជាមនុស្សប្រុសម្នាក់ដែលស្មោះស្ម័គ្រ នេះបើសិនខាងស្រីគេមិនដោះដៃទេ ខ្ញុំក៏គ្មានឳកាសដែរ។ មួយទៀតដេតប្រាប់ថាគេជាមួយខាងស្រីស្រលាញ់គ្នា៣ឆ្នាំហើយ រឿងនេះកាន់តែធ្វើឳ្យខ្ញុំមានទំនុកចិត្តលើដេតថែមទៀត។ ពេលនោះដេតខូចចិត្តខ្លាំងណាស់ ហើយខ្ញុំក៏សម្រេចចិត្តថាចូលក្បែរដេតឳ្យខ្លាំងជាងមុន។ តាមពិតទៅខ្ញុំពិតជាមិនហ៊ានសារភាពប្រាប់ដេតថាខ្ញុំលួចស្រលាញ់គេនោះទេ ព្រោះខ្ញុំមិនដែលចាប់ចិត្តស្រលាញ់នរណាម្នាក់កាលនៅរៀនឡើយ។ ខ្ញុំក៏មានការភ័យខ្លាចថាដេតអាចនឹងមានអារម្មណ៍មិនល្អបន្ទាប់ពីឮសម្ដីខ្ញុំ ព្រោះគេទុកខ្ញុំត្រឹមតែជាមិត្តធម្មតា។ ខ្ញុំខ្លាចថាទំនាក់ទំនងពួកយើងនឹងអាចប្រែពីមិត្តជិតស្និទ្ធទៅជាមិត្តធម្មតា ដែលត្រឹមតែឃើញមុខគ្នាហើយញញឹមបន្តិចរួចក៏ដើរចេញ។ តែខ្ញុំត្រូវតែក្លាហាន ហើយក៏ត្រៀមសម្រាប់គ្រប់យ៉ាង។ ខ្ញុំត្រៀមថា បើដេតបដិសេធខ្ញុំក៏ធ្វើធម្មតា ហើយនៅតែព្យាយាមបន្តទំនាក់ទំនងនេះឳ្យនៅដូចដើម រួចក៏កាត់ចិត្តពីដេតម្ដងបន្តិចៗ។
ថ្ងៃមួយខ្ញុំឆាតទៅដេតបន្ទាប់ពីឃើញគេផុស status ថា «លើលោកនេះ ខ្ញុំជាមនុស្សប្រុសដែលកំសត់ស្នេហ៍ជាងគេ!»។ ខ្ញុំសរសេរថា «កំខូចចិត្តអី!» ពេលនោះដេតក៏ឆាតមកបបួលខ្ញុំទៅហាងកាហ្វេ ខ្ញុំក៏ទទួលយល់ព្រមភ្លាម។ នៅហាងកាហ្វេមានតែយើងពីរនាក់ទេ ដេតមិនបានហៅមិត្តភក្តិគេមក ហើយខ្ញុំក៏មិនសូវមានមិត្ត។ យើងនិយាយគ្នាពីនេះពីនោះ ខ្ញុំចេះតែរកអីប្លែកៗ ឆ្កួតៗ ឡប់ៗ ដើម្បីឳ្យដេតសប្បាយចិត្ត។ ពេលនោះដេតសើចច្រើនណាស់ ស្នាមញញឹមរបស់គេធ្វើឳ្យខ្ញុំកាន់តែមានចិត្តក្លាហាក្នុងការសារភាពប្រាប់គេ។ មួយសន្ទុះក្រោយមកយើងក៏សម្រេចចិត្តចេញទៅផ្ទះវិញ។ ពេលកំពុងតែរៀបចំខ្លួននៅលើម៉ូតូខ្ញុំក៏ប្រាប់ដេតតិចៗ នៅក្បែរនោះថា «ដេត! ខ្ញុំស្រលាញ់ដេត!» ពេលនោះដេតនៅស្ងៀមមួយភ្លែត។ ខ្ញុំភ័យណាស់មិនដឹងថាត្រូវធ្វើអីបន្តទៀតទេ។ ខ្ញុំសម្រេចចិត្តថា ញញឹមដាក់គេហើយលើកដៃបាយបាយគេ។ ខ្ញុំធ្វើវាមែន តែក៏បន្ថែមថា ពេលដល់ផ្ទះជួយប្រាប់ផង។ ឃ្លានេះល្បីណាស់ចំពោះគូរស្នេហ៍ក្នុងសម័យនេះ​ ហើយត្រូវបានគេយកមកផុសព្រោងព្រាតក្នុងហ្វេសប៊ុក។ ខ្ញុំលួចសង្ឃឹមក្នុងចិត្តថាដេតនឹងផ្ញើសារប្រាប់បន្ទាប់ពីគេទៅដល់ផ្ទះ បើទោះបីជាខ្ញុំមិនបានទទួលចម្លើយអ្វីមួយពីគេមុននេះក៏ដោយ។

ពេលទៅដល់ផ្ទះមួយសន្ទុះខ្ញុំស្រាប់តែទទួលបានសាររបស់ដេតប្រាប់ថា មកដល់ហើយ! ខ្ញុំស្រាប់តែអរភើត។ ហើយរឹតតែមានសង្ឃឹមទៅទៀត។

បន្ទាប់ពីថ្ងៃនោះមកដេតហាក់ដូចជាយកចិត្តទុកដាក់ខ្ញុំខុសពីរាល់ដង ហើយពួកយើងក៏កាន់តែស្និតស្នាលជាងមុនដែរ។ ទង្វើរបស់គេធ្វើឳ្យខ្ញុំគិតថាគេក៏ស្រលាញ់ខ្ញុំវិញដែរ តែគេមិនទាន់បាននិយាយអីទាក់ទងនឹងទំនាក់ទំនងពួកយើងទេ។ ខ្ញុំនិងគេនៅតែបន្តទំនាក់ទំនងពាក់កណ្ដាលមិត្តនពាក់កណ្ដាលសង្សារបែបនេះ។ ប្រហែលជាមួយខែក្រោយមកខ្ញុំ ដឹងរឿងមួយពីដេត។ គេមានសង្សារថ្មី នាងឈ្មោះថាសុជាតារៀនផ្នែកគំនូរវិចិត្រកម្ម។ ពេលនោះខ្ញុំស្ទើរទប់កំហឹងខ្លួនឯងមិនបាន ឃើញដេតម្ដងៗ ចង់តែដាល់គេឳ្យបែកមុខបែកមាត់ នឹងអាលឳ្យសមមុខខ្លះ។ គេហួសហេតុណាស់ ទាំងដឹងហើយថាខ្ញុំលួចស្រលាញ់ ហេតុអីមិនមែនជាខ្ញុំដែលត្រូវក្លាយជាសង្សារបន្ទាប់របស់គេ? តែគិតៗទៅគេមិនបានខុសទេ គេមានសិទ្ធិក្នុងការរើសមនុស្សស្រីដែលគេពេញចិត្ត។ ខ្ញុំខូចចិត្តពិតមែន តែក៏ព្យាយាមធ្វើចិត្តបាន។ ដំបូងៗដេតមិនហ៊ាននិយាយរកខ្ញុំទេ ខ្ញុំឃើញមិនទំនងក៏ព្យាយាមរាក់ទាក់គេធម្មតាៗវិញ។ ព្រោះ! មិនចង់ឳ្យទំនាក់ទំនងដែលខំសាងមកជាង២ឆ្នាំត្រូវមកបញ្ចប់ព្រោះតែគេមិនស្រលាញ់ខ្ញុំវិញ។ ម្យ៉ាងខ្ញុំអាចមិនមែនក្លាយជាសង្សារនឹងគេ​ តែអាចក្លាយជាប្រពន្ធរបស់គេក៏ថាបាន។ ខ្ញុំព្យាយាមលួងខ្លួនឯងបែបនេះ ហើយខ្ញុំក៏បានធូរស្រាលឡើង។ ហើយខ្ញុំក៏បានសន្យានឹងខ្លួនឯងថា នឹងមិនធ្វើឳ្យមានបញ្ហារវាងទំនាក់ទំនងមួយនេះដែរ។ ខ្ញុំតែងតែនៅក្បែរគេពេលគេមានបញ្ហា ខ្ញុំតែងតែជួយលើកទឹកចិត្តគេពេលគេពិបាកចិត្តម្ដងៗ ទាំងអស់នេះធ្វើឳ្យខ្ញុំស្ងប់ចិត្តណាស់ហើយ យ៉ាងណាៗក៏ខ្ញុំបានដឹងពីសុខទុក្ខមនុស្សដែលខ្លួនស្រលាញ់ដែរ។
តែនៅយប់នេះ! យប់នេះដេតផ្ញើសាររកខ្ញុំ គេប្រាប់ថាគេកំពុងតែផឹកស្រាម្នាក់ឯងនៅក្នុងផាប់ក្បែរផ្ទះខ្ញុំ ហើយសុំឳ្យខ្ញុំចេញទៅជួប ព្រោះគេស្រវឹងមិនអាចជិះម៉ូតូទៅខ្លួនឯងបាន។
«ប៉ា! ម៉ាក់ទៅណាបាត់ហើយ?» ខ្ញុំសួរប៉ាបន្ទាប់ពីចេញពីផ្ទះបាយ ហើយមិនឃើញម៉ាក់នៅអង្គុយមើលទូរទស្សន៍ទៀត
«ម៉ាក់កូនចូលទៅយកឯកសារមកឳ្យប៉ាមើល។ ហើយកូនមានរឿងអីមែនទេ?» ខ្ញុំស្រាប់តែអរភើតព្រោះអាចលួចចេញទៅភ្លាមៗ បើម៉ាក់ទាន់ខ្ញុំយ៉ាប់មិនខាន
«ប៉ា! ខ្ញុំចេញទៅយកមិត្តភក្តិបន្តិច ឥឡូវនាងនៅក្រៅម្នាក់ឯង។ ខ្ញុំនឹងឆាប់ត្រឡប់មកឆាប់ៗណា៎ប៉ា!» ខ្ញុំក៏ប្រញាប់ប្រាប់ប៉ា បន្ទាប់ពីចូលទៅយកកូនសោរក្នុងបន្ទប់ ព្រោះខ្លាចម៉ាក់មកទាន់

(បន្ត...)

I Woke Up And We Became Stranger ​ភាគ១




«ចាប់ពីថ្ងៃនេះទៅ ហាមនាងចេញទៅណាជាមួយមិត្តភក្តិ។ ត្រូវចូលផ្ទះមុនម៉ោង៨យប់។ គ្មានលក្ខខណ្ឌអីដែលត្រូវអនុញ្ញាតឳ្យនាងធ្វើអ្វីតាមចិត្តទៀតនោះទេ។ បើនាងធ្វើមិនបាន ត្រៀមបង្វិចខោអាវចេញពីផ្ទះទៅ!»
ខ្ញុំទាញមួកសុវត្ថិភាពមកពាក់ ហើយក៏អូសម៉ូតូចេញក្រៅ ទាំងមិនហ៊ានងាកទៅមើលមុខម៉ាក់។  ខ្ញុំធ្វើមិនខ្វល់ពីសម្ដីម៉ាក់ តែចិត្តខ្ញុំដូចជាត្រូវនរណាម្នាក់កំពុងតែយកកាំបិតចុងមុតមកចាក់ ចាក់ហើយចាក់ទៀតមិនដកដៃសោះ។
ខ្ញុំជិះម៉ូតូបណ្ដើរយកដៃខ្ទប់ទ្រូងបណ្ដើរ ព្រោះវាស្រាប់តែឈឺពើតឡើង។ ខ្ញុំឈឺចាប់តែមិនស្រក់ទឹកភ្នែកទេ។ គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ រហូតធ្វើឳ្យម៉ាក់ខឹងដល់ថ្នាក់នេះ។ ម៉ាក់ខឹងណាស់ ខឹងរហូតដល់ប៉ាក្លាយជាស្ងាត់មាត់។
ខ្ញុំមកដល់សាលាជាមួយអារម្មណ៍ឈឺចាប់ដ៏ស្ងៀមស្ងាត់។ អារម្មណ៍នេះនឹងធឹង តែហេលហាល ស្ងៀមស្ងាត់តែឈឺចាប់។ គ្រប់គ្នានៅក្នុងថ្នាក់ កំពុងតែឆ្ងល់ជាមួយនឹងភាពសោះកក្រោះរបស់ខ្ញុំ។ ខ្ញុំក៏ចង់ប្រាប់ពួកគេ កុំឳ្យបារម្ភដែរ តែខ្ញុំធ្វើមិនបាន។ ខ្ញុំហាក់អស់កម្លាំងចម្លែក មិនអាចសូម្បីតែបញ្ចេញស្នាមញញឹមទៅកាន់ពួកគេ។
មេរៀនរំលងពីគ្រូមួយទៅគ្រូមួយ ឯខ្ញុំនៅតែបន្តស្ងៀមស្ងាត់ប្រៀបដូចជាផែនដីនឹងរលាយនៅថ្ងៃស្អែក។ នៅសុខៗស្រាប់តែមានមិត្តម្នាក់មកកេះដៃខ្ញុំ «ហេយ! ម៉េចហើយ?»។ ខ្ញុំងាកទៅមើលគេយឺតៗតាមបែបមនុស្សអស់កម្លាំង។ បន្ទាប់ពីឃើញមុខអ្នកសួរខ្ញុំក៏ប្រែជាស្ងៀមឈឹងម្ដងទៀត។ ខ្ញុំសម្លឹងមុខគេប្រហែលពីរនាទីជាមួយនឹងសភាពនឹងធឹងជាទីបំផុត។ ខ្ញុំគ្មានចម្លើយប្រាប់គេ ហើយគេក៏មិនហ៊ានសួរខ្ញុំទៀត។ ក្រសែភ្នែកគេបង្ហាញពីភាពទទួលកំហុស ព្រមទាំងសូមឳ្យខ្ញុំអភ័យទោស។ ប៉ុន្តែក្រសែភ្នែកខ្ញុំដែលសម្លឹងគេ បែរជាគ្មានប្រតិកម្មអ្វីបន្តិច។ វាប្រៀបដូចជាក្រសែភ្នែករបស់មនុស្សស្លាប់ ដែលកំពុងតែវង្វេងនៅកន្លែងណាមួយ ហើយរកវិធីចូលខ្លួនប្រាណវិញមិនបាន។
ម៉ោងប្រហែលជា១០ព្រឹក ម៉ោងដែលសិស្សក្នុងបន្ទប់ E04 ទាំងអស់ត្រូវចូលប្រជុំដើម្បីបែងចែកក្រុមធ្វើកិច្ចការរួមគ្នា។ ខ្ញុំដើរចេញពីបន្ទប់រៀន សំដៅទៅកាន់បន្ទប់ប្រជុំ។ ខ្លួនឯងកាន់សៀវភៅមួយក្បាលទុកសម្រាប់កត់ត្រា និងប៉ិចពណ៌ខៀវមួយដើម។ តែ...របស់ពីរនេះប្រៀបដូចជាដុំថ្មទម្ងន់រយតោនតោងខ្ញុំជាសម្ពាយអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ថាធ្ងន់រហូតលើកជើងដើរទៅមុខមិនចង់រួច។ «មេត្តា???» ខ្ញុំដើរជិតដល់បន្ទប់ប្រជុំ ហើយក៏ជិតសន្លប់នៅសរសរទីបីរាប់ពីសាលប្រជុំមកដែរ។ នរណាម្នាក់ហៅមេត្តា? «មេត្តា! មេត្តា!» នរណាម្នាក់កំពុងតែហៅមេត្តាហើយ ឯណាមេត្តា? អូហ៎! គឺខ្ញុំនេះឯងជាមាត្តា។ ខ្ញុំឈ្មោះថាមេត្តា ហើយនរណាម្នាក់កំពុងហៅឈ្មោះខ្ញុំ។ តែខ្ញុំគ្មានកម្លាំងនឹងងាកទៅរកគេទេ។ ខ្ញុំចង់ទម្លាក់ខ្លួនអង្គុយទីនេះ គេងទីនេះ! ទេ!ខ្ញុំចង់សន្លប់ទី


នេះ។ «មេត្តាចាំផង!»។ សម្រេចហើយ ខ្ញុំនឹងងាកទៅមើកអ្នកដែលហៅឈ្មោះខ្ញុំ ហើយឳ្យគេជួយយកភួយខ្នើយមកឳ្យខ្ញុំតែម្ដង។ ខ្ញុំងាកក្រោយយឺតប្រៀបដូចជាមនុស្សចាស់ងាកក្រោយដើម្បីឆ្លងផ្លូវ។ «មេត្តា! យប់មិញជិះទៅដល់ផ្ទះស្មានណា?» ខ្ញុំស្រាប់តែស្ងៀមទ្រឹង ដូចមានអ្វីមួយមកបញ្ឈប់សកម្មភាព បញ្ឈប់ការគិតបស់ខួរក្បាល។ ហើយ...បញ្ឈប់ចង្វាក់បេះដូង! ខ្ញុំប្រៀបដូចជារុក្ខជាតិមួយដើមដែលមកប្រជែងដុះនៅក្នុងអគារបស់បន្ទប់ប្រជុំ។ ខ្ញុំប្រៀបដូចជាមនុស្សយន្តមួយដែលមនុស្សពិតប្រាកដកំពុងតែស្ដីរក។ ភ្លាមៗ បន្ទាប់ពីធ្វើចិត្តបានប្រសើរបន្តិច ទឹកភ្នែកដែលចង់់តែចេញមកក្រៅតាំងពីពេលម៉ាក់ស្ដីឳ្យម៉្លេះ ក៏ដណ្ដើមច្រកទ្វារកែវភ្នែកទាំងគូររបស់ខ្ញុំដើម្បីចេញមកក្រៅ។ ចេញមកក្រៅឳ្យមនុស្សប្រុសចំពោះមុខខ្ញុំនេះ ដឹងពីភាពទន់ជ្រាយរបស់ខ្ញុំ ដឹងពីការខូចចិត្តរបស់ខ្ញុំ។ គឺម្នាក់នេះហើយ! ម្នាក់ចំពោះមុខខ្ញុំនេះ ដែលធ្វើឳ្យខ្ញុំក្លាយជាមនុស្សម្នាក់ផ្សេងទៀត ដែលខ្ញុំមិនដែលជួបពីមុន។ ខ្ញុំក្លាយជាមេត្តាម្នាក់ទៀត បន្ទាប់ពីរឿងរ៉ាវយប់មិញ។
(បន្ត...) 

ព្រោះ...ព្រោះខ្ញុំមានថាមពលពិសេស

ឆាកជីវិតមនុស្សប្រែប្រួលលឿនណាស់។ ឲ្យជាក់ស្ដែងទៅ យើងកំពុងតែរស់នៅក្នុងថ្ងៃនេះ ទាំងដែលម្សិលមិញកន្លងផុតពីជីវិតយើងទៅក្នុងរយៈពេលប៉ុន្មានម៉ោងប៉...