អំពីខ្ញុំ

J ប្លក់ដំបូងរបស់ខ្ញុំ
ខ្ញុំតែងតែស្រម៉ៃចង់បានប្លក់ផ្ទាល់ខ្លួនមួយតាំងតែពេលខ្ញុំរៀនថ្នាក់ទី១២មកម៉េ្លះ។ នៅពេលនោះខ្ញុំគ្រាន់តែដឹងថា ប្លក់ គឺជាទំព័រផ្ទាល់ខ្លួនមួយដែលយើងអាចសរសេរពីរឿងរ៉ាវដែលជាការសម្រេចជោគជ័យរបស់យើង ដើម្បីទទួលបានការចាប់អារម្មណ៍នៅពេលសម្ភាសការងារ(ព្រោះនឹងបង្ហាញប្លក់ទៅក្នុងប្រវត្តិរូប ឬ CV)។ 

ដោយសារនៅពេលនោះវិទ្យាល័យរបស់ខ្ញុំមានគ្រូស្ម័គ្រចិត្តម្នាក់មកពីអង្គការ Peace Corp ដែលមានបេសកកម្មបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យខ្ញុំចំនួន២ឆ្នាំ។ គាត់បានបង្ហាញពីប្លក់ផ្ទាល់ខ្លួនរបស់គាត់ និងបច្ចេកវិទ្យាមួយចំនួន ដែលវាធ្វើឳ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ហើយក៏មានក្ដីស្រម៉ៃថាថ្ងៃណាមួយក្នុងពេលឆាប់ៗ នឹងបង្កើតប្លក់ផ្ទាល់ខ្លួនដូចជាគាត់ដែរ។ ក្រោយមកខ្ញុំក៏ដឹងថាមិនមែនត្រឹមតែអាចសរសេរពីភាពសម្រេចជោគជ័យរបស់ខ្លួន​ឯងតែប៉ុណ្ណោះទេ នៅក្នុងប្លក់ថែមទាំងអាចសរសេរពីចំណេះដឹងទូទៅទាក់ទងនឹងដំណោះស្រាយជីវិត របៀបរបបនៃការរស់នៅក្នុងសង្គម ចំណេះដឹងទាក់ទងនឹងការដើរផ្លូវឆ្ងាយ ចំណេះដឹងទាក់ទងបច្ចេកវិទ្យា ការចម្អិនម្ហូប និងរឿងរ៉ាវផ្សេងៗទៀតជាច្រើន។ អ្វីដែលពិសេសនោះ យើងក៏អាចសរសេរជារឿងខ្លី ប្រលោមលោក កំណាព្យ ឬរឿងដែលទាក់ទងនឹងអក្សរសិល្ប៍ខ្មែរបានទៀតផង។ ខ្ញុំចាប់ផ្ដើមចូលមើលប្លក់របស់អ្នកនិពន្ធខ្មែរជាបន្តបន្ទាប់ ហើយវាក៏ធ្វើឳ្យខ្ញុំស្វែងយល់ពីប្លក់បានកាន់តែច្រើនផងដែរ។ ឥឡូវនេះខ្ញុំអាចកាន់ប្លក់ផ្ទាល់ខ្លួនស្របពេលដែលកំពុងបន្តការសិក្សានៅបរទេស។ រឿងការបង្កើតប្លក់ និងការប្រើប្រាស់នេះខ្ញុំពិតជាមិនច្បាស់១០០%ទេ ព្រោះមិនធ្លាប់រៀនផ្នែកបច្ចេកវិទ្យាកុំព្យូទ័រពីមុនមក តែក៏នៅមានសិស្សច្បងម្នាក់ដែលមកបន្ដការសិក្សាថ្នាក់អនុបណ្ឌិតជាមួយគ្នាជួយបង្រៀននិងបង្ហាញបន្ថែមទាក់ទងនឹងប្លក់។

J ខ្ញុំជានរណា?
  • នាមប៉ាកកា

ខ្ញុំតែងតែគិតជារឿយៗទាក់ទងនឹងនាមប៉ាកកា ថាតើខ្ញុំគួរតែប្រើឈ្មោះពិត ឬប្រើនាមប៉ាកកា។ តាមពិតទៅមិនមែនមកពីខ្ញុំមិនចូលចិត្តឈ្មោះពិតខ្លួនឯងនោះទេ ប៉ុន្តែខ្ញុំគិតថាខ្ញុំចង់បាននាមប៉ាកកាណាដែលអាចសម្គាល់ខ្ញុំបានដោយមិនចាំបាច់ប្រើឈ្មោះពិត។ ពេលនៅកម្ពុជាខ្ញុំមិនទាន់បង្ខំខ្លួនឯងដែលត្រូវតែរកឈ្មោះប៉ាកកាមកដាក់សម្គាល់ខ្លួននោះទេ។ ព្រោះគិតថាមិនទាន់ដល់ពេលសមរម្យ។ តែមកដល់ពេលនេះ វាក៏ជាពេលវេលាសមរម្យដែលខ្ញុំគួរចូលប្រឡូកក្នុងរឿងអក្សរសិល្ប៍ឳ្យកាន់តែច្រើនជាមុន។ ដំបូងឡើងនាមប៉ាកការបស់ខ្ញុំបានមកពីសិស្សច្បងជនជាតិថៃម្នាក់ ដែលគាត់ដាក់ឳ្យស្របទៅនឹងនាមប៉ាកកាដែលអ្នកនិពន្ធថៃនិយមប្រើ។ នាមប៉ាកកាជាភាសាថៃនោះគឺ หาดทรายประกายดาว” ក្រោយមកក៏ព្យាយាមរកនាមប៉ាកកាជាភាសាខ្មែរដែលមានអត្ថន័យដូចនឹងនាមភាសាថៃ។ នៅពេលរកដំបូង គឺរកមិនត្រូវចិត្តសោះ ប្ដូរពីនាមនេះទៅនាមនោះ ប្ដូរចុះប្ដូរឡើងនៅតែមិនពេញចិត្ត។ យប់នោះមានសិស្សច្បងខ្មែរ និងមិត្តរួមជំនាន់ម្នាក់ទៀតនៅនិយាយជាមួយរឿងនាម។ ចុងក្រោយក៏សម្រេចយក ខ្សាច់សមុទ្រ ដោយសំអាងលើហេតុផលយ៉ាងសមរម្យមួយចំនួន។ តាមពិតទៅនាមប៉ាកកាមួយចំនួនកើតឡើងតាំងពីតូចរបស់ម្ចាស់នាម រហូតដល់ធំបើម្ចាស់នាមនៅតែស្រលាញ់ពេញចិត្ត ក៏អាចយកវាមមកប្រើបាន។ មួយចំនួនទៀតកើតឡើងតាមរយៈការប្រទះជួប ឯមួយទៀតកើតឡើងតាមការស្វែងរកដូចខ្ញុំនេះជាដើម ប៉ុន្តែខ្ញុំក៏ស្រលាញ់ពេញចិត្តក៏ការទទួលដាក់ខ្លួនឯងតាមនាមប៉ាកកានេះដែរ។

  •  និស្ស័យផ្ទាល់ខ្លួន

ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់់នៅតាមទីជនបទ។ ពេលនៅផ្ទះខ្ញុំតែងតែជិះកង់ទៅលេងវាលស្រែនៅខាងក្រោយផ្ទះញឹកញាប់។ នៅទីនោះស្ងប់ស្ងាត់ល្អហើយខ្យល់អាកាសដែលបក់ទៅមកៗ វាបានបង្រៀនខ្ញុំពីភាពស្ងៀមស្ងាត់របស់ធម្មជាតិដល់ខ្ញុំទាំងខ្លួនខ្ញុំមិនដឹងខ្លួនសោះ។ ខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់តែមិនមែនមានន័យថាខ្ញុំមិនចូលចិត្តនៅកន្លែងមនុស្សអ៊ូអរនោះទេ។ ខ្ញុំអាចស្វែងរកភាពស្ងប់ស្ងាត់ចេញពីខ្លួនឯងនៅក្នុងចំណោមមនុស្សអ៊ូអរ ព្រោះតែធម្មជាបានបង្រៀនខ្ញុំពីវិធីនេះយ៉ាងស្ងៀមស្ងាត់បំផុត។ ដូច្នេះខ្ញុំតែងតែមិនបដិសេធទេនៅពេលមិត្តភក្តិហៅទៅកន្លែងអ៊ូអរម្ដងៗ។ ខ្ញុំក៏ចូលចិត្តអង្គុយនៅមាត់ស្រះទឹកផងដែរ ព្រោះខ្យល់ដែលបក់ប៉ះ ឬបក់ចេញពីទឹកស្រះមកប៉ះនឹងខ្លួនខ្ញុំ បានព្យាបាលភាពសោកសៅ ឬអារម្មណ៍ក្រៀមក្រំរបស់ខ្ញុំឳ្យធូរស្បើយបានយ៉ាងប្រសើរ។ ក្រៅពីចូលចិត្តភាពស្ងប់ស្ងាត់របស់ធម្មជាតិហើយខ្ញុំក៏ជាអ្នកគាំទ្រសៀវភៅផងដែរ ខ្ញុំចាប់ផ្ដើមអានសៀវភៅច្រើនតាំងពីខ្ញុំរៀនថ្នាក់ទី១០ ប៉ុន្តែខ្ញុំដឹងខ្លួនថាជាមនុស្សចូលចិត្តសៀវភៅតាំងពីពេលនៅតូចៗ។ ឳ្យតែឃើញសៀវភៅម្ដងៗចូលចិត្តបើកអាន ពិនិត្យក្រប មើលតួអក្សរ តែដោយនៅតូចពេក មិនដឹងថាសៀវភៅបានមកពីណា ហើយក៏មិនដឹងទៅរកសៀវភៅអាននៅទីណា ជាពិសេសនោះគឺមិនដឹងរកលុយឯណាទៅទិញសៀវភៅ ព្រោះលុយម៉ាក់ទុកសម្រាប់ឳ្យចាយគឺតិចតួចពេក។ ក្រោយៗមកក៏ចេះសន្សំលុយដើម្បីទៅទិញកូនសៀវភៅចម្រៀងតូចៗយកមកអាន ហុហុហុ។ បើនិយាយរឿងរាប់អានមិត្តភក្តិវិញ ខ្ញុំប៉ិនប្រសប់ណាស់ ហើយក៏ឳ្យតម្លៃមិត្តភាពខ្លាំងណាស់ដែរ ប៉ុន្តែទាស់គ្រាន់តែសម្ដីខ្ញុំអាក្រក់បន្តិច។ តែមិនថ្វីទេ ព្រោះខ្ញុំក៏មានមិត្តភក្តិជិតស្និទ្ធប៉ុន្មាននាក់ដែលមាននិស្ស័យស្រដៀងគ្នា និងមានចំណង់ចំណូលចិត្តស្រដៀងៗគ្នា​ ហើយពួកគាត់អាចទទួលយកចរិតនិស្ស័យរបស់ខ្ញុំបាន។
  • ក្ដីស្រម៉ៃនៅថ្ងៃអនាគត

ខ្ញុំមានបំណងប្រាថ្នាមួយសម្រាប់ថ្ងៃអនាគត គឺចង់ក្លាយជាអ្នកនិពន្ធអាជីពម្នាក់ និងមានគ្រឹះស្ថានបោះពុម្ភសៀវភៅផ្ទាល់ខ្លួន។ ខ្ញុំចង់បង្កើតសៀវភៅដែលមានគុណភាពសម្រាប់ប្រជាជនខ្មែរ ហើយគាំទ្ររាល់់ការសរសេរទាំងឡាយ មិនថាតែជាប្រលោមលោកនោះទេ តែអាចជាសៀវភៅសម្រាប់កុមារ ស្រៀវភៅសម្រាប់សិស្ស-និស្សិតសិក្សាស្រាវជ្រាវ សៀវភៅកំសាន្ត ឬចំណេះដឹងទូទៅផ្សេងៗទៀតដែលសព្វថ្ងៃនេះមិនសូវមានទេនៅក្នុងប្រទេសកម្ពុជាយើង។ នៅពេលកាន់តែធំ ហើយកាន់តែស្គាល់ប្រភេទសៀវភៅច្រើនទើបខ្ញុំដឹងថា ប្រទេសយើងពិតជាខ្វះប្រភេទសៀវភៅចំណេះទូទៅច្រើនមែនទែន។ រឿងនេះក៏ផ្សារភ្ជាប់ទៅនឹងកម្រិតនៃការយល់ដឹងរបស់ប្រជាជនយើងផងដែរ។ ខ្ញុំជឿថាអានច្រើនចេះច្រើន តែបើគ្មានសៀវភៅច្រើនប្រភេទសម្រាប់អានទេ យើងក៏មិនអាចចេះរឿងច្រើនបានដែរ។ ដូចនេះការយល់ដឹងរបស់យើងនៅកម្រិតទាបនៅឡើយ។
  • ប្រវត្តិការសិក្សា

នៅពេលខ្ញុំចូលរៀនដំបូងគឺខ្ញុំមានអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។ ពេលនោះខ្ញុំមានរូបរាងតូចមែនទែនបើធៀបទៅនឹងបងប្អូនជីដូនមួយដែលទៅរៀនជាមួយគ្នា។ ដំបូងឡើយនៅពេលដែលចុះឈ្មោះចូលរៀនថ្នាក់ទី១ អ្នកគ្រូបន្ទុកថ្នាក់មិនអនុញ្ញាតិឳ្យខ្ញុំបានចុះឈ្មោះចូលរៀនទេ ព្រោះគាត់ឃើញតូចពេក ឳ្យទៅរៀននាំតែពិបាកដល់គាត់ក្នុងការមើលថែ។ តែខ្ញុំមិនសុខចិត្តទេ យំរំអុកសុំម៉ាក់់ទៅរៀនរាល់ថ្ងៃ ព្រោះពេលនោះជីដូនមួយនាំគ្នាចូលរៀនអស់ហើយ ហើយខ្ញុំនៅផ្ទះក៏គ្មានអ្នកលេងជាមួយដែរ។ ដោយសារម៉ាក់រវល់ក្នុងការលក់ដូរទើបអ៊ំស្រីរបស់ខ្ញុំជិះម៉ូតូឌុបខ្ញុំទៅដល់ផ្ទះអ្នកគ្រូ។ ពេលនោះអ្នកគ្រូឳ្យខ្ញុំយកដៃស្ដាំប៉ះត្រចៀកឆ្វេងដោយរំលងក្បាល ហើយគាត់ប្រាប់ថា បើកូនធ្វើបាននោះបានន័យថាកូនគ្រប់អាយុចូលរៀន តែបើធ្វើមិនបានទេកូនចូលរៀនមិនទាន់បានទេ។ ខ្ញុំក៏លួចយកដៃមកដាក់ខាងក្រោយក្បាលដើម្បីឳ្យប៉ះត្រចៀក។ ដោយឃើញខ្ញុំចង់ចូលរៀនពេកអ្នកគ្រូក៏សម្រេចចិត្តឳ្យខ្ញុំសាកចូលសិន បើខ្ញុំរៀនមិនទាន់ ឬរករឿងមកផ្ទះវិញអ្នកគ្រូនឹងឳ្យឈប់រៀនមិនខាន។ ក្រោយពេលចូលរៀនបានមួយអាទិត្យអ្នកគ្រូក៏មានពាក្យត្រឡប់មកប្រាប់ម៉ាក់ខ្ញុំថា ខ្ញុំរៀនទាន់គេ ហើយឆ្លាតទៀតផង គាត់នឹកស្មានមិនដល់សោះ។ ក្រោយមកខ្ញុំក៏បានបញ្ចប់ថ្នាក់ទី១ហើយចូលរៀនថ្នាក់ទី២ជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំ។ ពេលនៅរៀនខ្ញុំប្រឹងរៀនណាស់ ព្រោះតែនិស្ស័យចូលចិត្តរៀនសូត្រ ចូលចិត្តសៀវភៅ ធ្វើឳ្យខ្ញុំទទួលបានចំណាត់ថ្នាក់លេខមួយឬពីរមិនដែលខានឡើយ។ នៅក្នុងគ្រួសារ ប៉ាម៉ាក់មិនសូវឳ្យខ្ញុំធ្វើអ្វីផ្សេងក្រៅពីរៀនសូត្រទេ ព្រោះពួកគាត់ឳ្យតម្លៃការអប់រំណាស់ ដូច្នេះហើយទើបខ្ញុំមានឳកាសច្រើន។ មកដល់ថ្នាក់ទី៩ជាឆ្នាំដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ ឆ្នាំនោះផងដែរក៏ជាឆ្នាំដែលក្រសួងអប់រំធ្វើកំណែប្រព័ន្ធអប់រំទៅលើការប្រឡងសញ្ញាបត្រសំខាន់ៗទាំងពីរ គឺមបឋមភូមិ និងទុតិយភូមិ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលទទួលបានការផ្លាស់ប្តូរចំពេលដែលខ្ញុំប្រឡង ព្រោះខ្ញុំអាចប្រើសមត្ថភាពធ្វើសំណួរចម្លើយយ៉ាងពេញទំហឹង។ ឯលទ្ធផលដែលចេញមកក៏ល្អ។ បន្ទាប់ពីនោះមកខ្ញុំក៏ត្រូវបានប៉ាម៉ាក់បញ្ចូនឳ្យទៅរៀនត្រៀមប្រឡងចូលរៀននៅសាលាមួយក្នុងខេត្តកណ្ដាល។ បន្ទាប់ពីរៀនបានជិតមួយខែក៏ត្រូវប្រឡង ប្រឡងចប់សព្វគ្រប់អស់ដោយលទ្ធផលនោះគឺខ្ញុំបានលេខពីរក្នុងចំណោមសិស្សដែលសាលាជ្រើសឳ្យចូលរៀន។ តែជាអកុសលខ្ញុំមិនបានទៅរៀននៅទីនោះទេ តែបានបន្ដថ្នាក់វិទ្យាល័យនៅទីរួមស្រុកឯស្រុកកំណើតវិញ។ មិនថារៀននៅទីណាទេ ខ្ញុំនៅតែខំប្រឹងរៀនសូត្រពីមេរៀនក្នុងសាលា ហើយក៏រៀនស្វែងយល់ពីជីវិត ការដោះស្រាយបញ្ហាជីវិតផ្សេងៗ។ មកដល់ថ្នាក់ទី១២ខ្ញុំបានចូលរួមប្រកួតកម្មវិធី សរសេរម៉ាសេរី ឬ Write On! Cambodia” ដែលរៀបចំដោយ Peace Corp Cambodia ពេលនោះរឿងខ្លីខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសហើយក៏បានទៅចូលរួមសិក្ខាសាលានៅភ្នំពេញផងដែរ។ បន្ទាប់ពីនោះខ្ញុំក៏ជាបេក្ខជនសិស្សពូកែលេខ១ទូទាំងខេត្តកំពង់ចាមផ្នែកអក្សរសិល្ប៍ខ្មែរផងដែរ។ រឿងរ៉ាវជោគជ័យទាំងនេះបានធ្វើឳ្យខ្ញុំស្គាល់ពីជីវិតកាន់តែច្រើន ហើយវាក៏បានបង្រៀនខ្ញុំពីរបៀបរស់នៅក្នុងសង្គម ហើយកាន់តែធ្វើឳ្យខ្ញុំចាស់ទុំក្នុងការគិតច្រើនជាងមុនផងដែរ។ បន្ទាប់ពីប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខ្ញុំក៏បានមកបន្តរៀននៅទីក្រុងភ្នំពេញ តែដោយបញ្ហាគ្រួសារនិងថវិកាខ្ញុំក៏បានឈប់រៀន ហើយចូលធ្វើការរយៈពេលមួយឆ្នាំ។ មកដល់ឆ្នាំនេះខ្ញុំបានជាប់អាហារូបករណ៍ព្រះរាជទានរបស់ម្ចាស់ក្សត្រិយសិរិនថនមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំនៅព្រះរាជាណាចក្រថៃ។
  • ប្រវត្តិរូបសង្ខេប

                 h ជីវប្រវត្តិផ្ទាល់ខ្លួន
·        ឈ្មោះ ៖ រំលី នាមត្រកូល កៅ (នាមប៉ាកកា ខ្សាច់សមុទ្រ-หาดทรายประกายดาว)
·        ភេទ ៖ ប្រុស
·        ថ្ងៃខែឆ្នាំកំណើត ៖ ០៤ កុម្ភៈ ២០០០
·        ទីកន្លែងកំណើត ៖ ភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
·        មុខរបរ ៖ និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គលឦសាន ប្រទេសថៃ។
·        ទីកន្លែងបច្ចុប្បន្ន ៖ អន្តេវាសិកដ្ឋាននិស្សិត តាមបណ្ដោយផ្លូវសុរៈណារាយ សង្កាត់ណៃមឿង ខណ្ឌមឿង ខេត្តនគររាជសីមា ប្រទេសថៃ។
·        ម្ដាយឈ្មោះ ៖ យ៉ា ស្មាស់ មុខរបរ៖ អ្នកលក់ដូរ
·        បងប្អូន ៖ មានបងប្អូន៣នាក់ ជាកូនទី២ក្នុងគ្រួសារ

h​ ការសិក្សា

២០០៥-២០១១ ៖ សាលាបឋមសិក្សា ហ៊ុនសែន ព្រែកកក់
២០១១-២០១៤ ៖ សាលាអនុវិទ្យាល័យ ហ៊ុនសែន ព្រែករលួស
២០១៤-២០១៧ ៖ សាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែនស្ទឹងត្រង់
២០១៩-បច្ចុប្បន្ន ៖ សាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គលឦសាន ប្រទេសថៃ
​ h មុខរបរក្នុងក្ដីស្រម៉ៃ

អ្នកនិពន្ធ
អ្នករចនាក្រាហ្វិក

អត្ថបទដោយ៖ ខ្សាច់សមុទ្រ-หาดทรายประกายดาว

ក្លាហាននិយាយរឿងក្នុងចិត្តចេញក្រៅ


នៅក្នុងជីវិតដ៏ស្មុគស្មាញមួយ ប្រាកដជាមានរឿងរ៉ាវជាច្រើនដែលកើតឡើង។ នៅក្នុងរឿងរ៉ាវទាំងនោះ ធ្វើឳ្យយើងអាចវាយតម្លៃខ្លួនឯង មនុស្សជុំវិញខ្លួន ក៏ដូចជាសង្គមផងដែរ។ ការវាយតម្លៃដ៏ច្រើនលើសលប់នេះនឹងធ្វើឳ្យភាពស្មុគស្មាញកើតកាន់តែច្រើននៅក្នុងខ្លួនយើង។ វាធ្វើឳ្យអារម្មណ៍របស់យើងកាន់តែមានភាពតានតឹងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ 



អារម្មណ៍តានតឹងដ៏ច្រើនលើសលប់នោះនឹងធ្វើឳ្យយើងលែងស្គាល់ខ្លួនឯងថាជានរណា? វាធ្វើឳ្យយើងវង្វេងទៅនឹងភាពស្មុគស្មាញមិនច្បាស់លាស់ ដែលជាហេតុអាចធ្វើឳ្យយើងឈានដល់ការបញ្ចប់ជីវិតខ្លួនឯង ព្រោះសំអាងលើហេតុផលថាជីវិតមួយនេះគ្មានន័យ រស់ទៀតក៏មិនដឹងដើម្បីអ្វី។ 

សាកស្រម៉ៃទៅមើលថាបើសិនជាបាននិយាយជាមួយនរណាម្នាក់់ដែលយើងទុកចិត្តពីបញ្ហាដែលកើតឡើង យើងនឹងមានអារម្មណ៍យ៉ាងណា? ការពិតទៅ នៅពេលមនុស្សម្នាក់យកបញ្ហាស្មុគស្មាញរបស់ខ្លួនទៅនិយាយឳ្យនរណាម្នាក់ស្ដាប់ដោយសុំធ្វើការពិភាក្សារកដំណោះស្រាយ នោះវានឹងធ្វើឳ្យអារម្មណ៍របស់គាត់ធូរស្បើយពីភាពតានតឹងមួយកម្រិត។ ក្នុងន័យនេះមិនមែនថាយើងត្រូវតែនិយាយគ្រប់រឿងដែលកើតឡើងលើយើងទៅប្រាប់អ្នកដទៃនោះទេ តែវាជាវិធីដ៏ឆ្លាតមួយក្នុងការជួយខ្លួនឯងចេញពីភាពតានតឹង។ យើងអាចយករឿងដែលសំខាន់ ឬស្មុគស្មាញខ្លាំងទៅពីភាក្សាជាមួយអ្នកដែលយើងទុកចិត្ត ប្រសើរជាងសន្សំភាពតានតឹងនៅក្នុងខ្លួន។ 
ការសន្សំភាពតានតឹងមិនមែនជាដំណោះស្រាយល្អនោះទេ។ ដូច្នេះគួរសាកនិយាយរឿងក្នុងចិត្តចេញដើម្បីឳ្យធូរស្បើយវាប្រសើរជាង។ ក្លាហានក្នុងការជួយខ្លួនឯងចេញពីភាពតានតឹង ក្លាហានក្នុងការដោះស្រាយបញ្ហា។

អត្ថបទដោយ៖ ខ្សាច់សមុទ្រ-หาดทรายประกายดาว

ព្រោះ...ព្រោះខ្ញុំមានថាមពលពិសេស

ឆាកជីវិតមនុស្សប្រែប្រួលលឿនណាស់។ ឲ្យជាក់ស្ដែងទៅ យើងកំពុងតែរស់នៅក្នុងថ្ងៃនេះ ទាំងដែលម្សិលមិញកន្លងផុតពីជីវិតយើងទៅក្នុងរយៈពេលប៉ុន្មានម៉ោងប៉...