ព្រោះ...ព្រោះខ្ញុំមានថាមពលពិសេស


ឆាកជីវិតមនុស្សប្រែប្រួលលឿនណាស់។ ឲ្យជាក់ស្ដែងទៅ យើងកំពុងតែរស់នៅក្នុងថ្ងៃនេះ ទាំងដែលម្សិលមិញកន្លងផុតពីជីវិតយើងទៅក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ចំណែកឯថ្ងៃស្អែករបស់យើង នឹងមករកយើងក្នុងរយៈពេល៥ឬ៦ម៉ោងទៀតនោះឯង។ នៅពេលថ្ងៃស្អែកមកដល់ យើងឈប់រស់នៅក្នុងថ្ងៃនេះទៀតហើយ។ ជីវិតយើងថ្ងៃនេះ ទង្វើយើងថ្ងៃនេះ កាយវិការយើងថ្ងៃនេះ ពាក្យសម្ដីយើងថ្ងៃនេះ ស្នាមញញឹមយើងថ្ងៃនេះ ទឹកភ្នែកយើងថ្ងៃនេះ នឹងចាកចេញពីយើងទៅហាក់មិនស្រណោះអ្វីសោះ។ វាចាកចេញទៅជាមួយនឹង ថ្ងៃ....ទី....ខែ....ឆ្នាំ.... របស់យើងថ្ងៃនេះ។ វាមិនស្ដាយយើងទេ ព្រោះវាគិតថាវាបានទុកឱកាសរយៈពេល២៤ម៉ោងនៅក្នុងថ្ងៃនេះឳ្យយើងប្រតិបត្តិខ្លួនរួចហើយ។ វាមិនមានតួនាទីណាមួយបញ្ជាឲ្យយើងធ្វើនេះ ធ្វើនោះ សម្រេចចិត្តបែបណា នោះទេ។ វាមាននាទីត្រឹមតែពាំនាំពេលវេលាដែលកំណត់ច្បាស់លាស់មកឲ្យយើងប្រើប្រាស់តែប៉ុណ្ណោះ។ ក្រៅពីនោះ ឆាកជីវិតយើង វិថីយើង ការសម្រេចចិត្តរបស់យើង ខ្លូនយើងជាអ្នកអនុវត្តទៅតាមវិធីដែលយើងស្រឡាញ់រាងៗខ្លួន។ រាល់ថ្ងៃរបស់ខ្ញុំ ខ្ញុំតែងតែសួរខ្លួនឯងថា តើថ្ងៃរបស់ខ្ញុំមួយនេះបានផ្លាស់ប្ដូរខ្ញុំយ៉ាងណា? បានធ្វើឲ្យខ្ញុំកែប្រែអ្វីខ្លះ? ខ្ញុំបានប្រើវាឲ្យសមរម្យឬទេ? រឹតតែចោទសួរខ្លួនឯងថា តើខ្ញុំតបស្នងបានអ្វីខ្លះទៅកាន់រយៈពេល២៤ម៉ោងដែលខ្ញុំទទួលបាននោះ? សំណួរទាំងអស់នេះអាចធ្វើឲ្យខ្ញុំដឹងថា ខ្ញុំបានប្រើប្រាស់រយៈពេលនេះយ៉ាងសមរម្យបំផុត។ ពិតមែន! ខ្ញុំមិនបានខ្ជះខ្ជាយវាទេ។

ថ្ងៃពុធមួយនោះ ខ្ញុំបានក្រោកពីគេងម៉ោង៦។ ប៉ុន្តែខ្ញុំមិនបានក្រោកពីគ្រែគេងថ្មើរនោះទេ។ ជាធម្មតាខ្ញុំគេងទ្រមក់ណាស់ ខ្ញុំតែងតែពន្យារពេល៥នាទីហើយ៥នាទីទៀត ព្រោះតែភាពមិនទាន់ស្កប់ស្កល់។ ពេលនោះខ្ញុំនិយាយខ្សឹបៗជាមួយខ្លួនឯងថា «សុំ៥នាទីទៀត» ហើយខ្ញុំក៏បិទភ្នែកគេងវិញទៅដោយទាញភួយមកគ្របមុខយ៉ាងជិត។ បន្ទាប់ពី៥នាទីនោះហាក់មានអ្វីម្យ៉ាងមកដាស់ធ្វើឲ្យខ្ញុំភ្ញាក់ឡើងវិញម្ដងទៀត។ ពេលខ្លះខ្ញុំក៏លួចក្បត់សន្យាខ្ញុំកាលពី៥នាទីមុន។ ពេលខ្លះក៏មានគំនិតមួយមកប្រាប់ខ្ញុំថា “គេកំពុងតែមកទារសន្យាហើយ គេកំពុងតែធ្វើឳ្យខ្ញុំគោរពសន្យាដែលខ្លួនបានសន្យាហើយ”។

គំនិតនោះបានធ្វឳ្យខ្ញុំសម្រេចចិត្តលើកជើងស្ដាំ ទម្លាក់វាចុះពីលើគ្រែ ហើយដាក់លើរនាបផ្ទះទាំងអារម្មណ៍ខ្ចិលច្រអូស។ បន្ទាប់ពីខ្ញុំចូលទៅសម្អាតខ្លួននៅក្នុងបន្ទប់ទឹកហើយ នាឡិកាប៉ោលធំ ដែលម៉ាក់ដាក់ព្យួរនៅនឹងសសរកណ្ដាលនោះ វាបានប្រាប់ខ្ញុំថាម៉ោង៦ជិតកន្លះហើយ។ ខ្ញុំក៏គិតឃើញថា “ខ្ញុំចំណាយពេលសម្អាតខ្លួនក៏មិនតិចនាទីដែរ។ ចំជាចំណាយពេលឥតប្រយោជន៍មែន!” ។

បន្ទាប់នោះ ខ្ញុំក៏រៀបចំស្លៀកពាក់ទៅសាលា។ ខ្ញុំមិនចាំបាច់រៀបចំអ្វីច្រើននោះទេ គ្រាន់តែស្លៀកពាក់ តែងខ្លួនឲឳ្យស្អាតសាកសមជា និមិត្តរូប(អាយដល)របស់នារីៗទៅបានហើយ។ សម្ពាធ(កាតាប) ខ្ញុំបានរៀបចំសៀវភៅសម្រាប់រៀនតាំងពីយប់។ ស្នាមញញឹមមួយបានលេចឡើងលើផ្ទៃមុខរបស់ខ្ញុំ “ខ្ញុំក៏ចេះសន្សំសំចៃពេលវេលាដែរ។ ចំជាឆ្លាតមែន!”។ ខ្ញុំចេញពីបន្ទប់ បន្ទាប់ពីរៀបចំរួចរាល់ ដោយមិនភ្លេចរបស់សំខាន់នោះគឺទូរស័ព្ទ កាសសៀតត្រចៀក ដែលរបស់នេះគ្រាន់នឹងអាចធ្វើឲ្យខ្ញុំចំណាយពេលខ្ជះខ្ជាយបានខ្លះ។ តែពេលខ្លះវាក៏មានប្រយោជន៍ដែរ។ ខ្ញុំក៏មិនភ្លេចទាញយកសៀវភៅចំណេះដឹងទូទៅទុកអានពេលទំនេរគ្រាន់នឹងបានភ្លឺស្វាងខ្លះ។ ចេញពីបន្ទប់របស់ខ្ញុំ ក៏បង្ហួសទៅផ្ទះបាយបន្តច ដើម្បីយកអាហារ និងលុយដែលម៉ាក់ទុកឲ្យមុនគាត់ចេញទៅធ្វើការ។ ចេញពីនោះមកខ្ញុំក៏ក្រឡេកភ្នែកមើលទៅអាប៉ោលៗដែលព្យួរនៅសសរកណ្ដាលបន្តិច។ ពេលនោះម៉ោង៦និង៣៥នាទីល្មមនឹងសល់១៥នាទីជិះម៉ូតូទំនើបរបស់ខ្ញុំទៅសាលា ហើយសល់ពេលបន្តិចបន្តួចដើរទៅបន្ទប់រៀន ព្រោះសាលាកំណត់ឳ្យសិស្សចុះមកគោរពទង់ជាតិនៅម៉ោង ៧:០៥ នាទី។

ដោយសារតែអគារវិទ្យាល័យដែលខ្ញុំរៀនមានបីជាន់ ហើយបន្ទប់រៀនគឺនៅជាន់ទីបីនោះឯង ទើបការដើរតាមជណ្ដើរដ៏ទូលាយរបស់សាលា ធ្វើឳ្យខ្ញុំធុញមិនស្ទើរ។ ខ្ញុំបានគិតឃើញថា “ម្ដេចក៏សាលាមិនធ្វើជណ្ដើរយន្តមួយទៅ? បែរជាឳ្យសិស្សរាប់ពាន់អ្នកចំណាយពេលឥតប្រយោជន៍ឡើងអាផ្លេក(ជណ្ដើរ)ទៅវិញ ហើយថែមទាំងហត់ទៀត។ ទម្រាំតែដល់បន្ទប់រៀន សិស្សម្នាក់ៗស្ទើរតែធ្លាក់អណ្ដាតដូចសុនខទៅហើយ។”

ក្រោយពីនោះ ខ្ញុំបានចូលរៀនតាមកាលវិភាគដែលកំណត់សម្រាប់ថ្ងៃពុធ។ រៀនពេញមួយម៉ោងនៅពេលព្រឹក ចេញលេងម៉ោងទីមួយបានប្រាប់ឡើងតាមរយៈស្នូរជួង ដែលវាយដោយពូពេជ្រ។ ពូពេជ្រនេះបើតាមខ្ញុំដឹង គាត់ជាបុរសមានមន្តស្នេហ៍ណាស់។ មិត្តភក្តិប្រុសៗខ្ញុំចេះតែលួចច្រណែនគាត់ជានិច្ច។ នៅពេលឃើញមុខពូពេជ្រម្ដងៗ អាវណ្ណតែងនិយាយថា «អញឆ្ងល់ដល់ហើយ! ពូពេជ្រមុខឡើងដូចក្រុងរាពណ៍ តែស្រីតាមឡើងញឹក។ ឯអញ!មុខឡើងដូចព្រះរាម តែមិនមានស្រីណាតាមស្រឡាញ់សោះ។ មិនថាទេស្រីសួគ៌មកពីឋានលើ សូម្បីតែនាងសីតាដែលជាគូរនឹងអញ កើតឬស្លាប់ហើយក៏មិនដឹងផង។» ខ្ញុំតបទៅវាវិញថា «ឯងទៅខ្វល់អី គាត់ចំណាយពេលវេលារបស់គាត់ទៅលើរឿងតាមចែចង់ស្រីៗ គាត់សម្បូរស្រីស្រឡាញ់សាកសមនឹងការប្រឹងប្រែងរបស់គាត់់ហើយ។ ឯឯងគិតពីចំណាយពេលប្រឹងប្រែងរៀនសូត្រទៅ វាគង់នឹងប្រឡងជាប់ដូចគ្នាទេ។ កុំទៅចំណាយពេលឥតប្រយោជន៍ដូចគាត់នោះ តិចដល់ពេលស្ដាយក្រោយ អាងរកពុទ្ធោ។»

ពេលចុះមកដល់កុងទីនខ្ញុំក៏ហៅនំប៉័ងប្រហិតពូគី។ ពូគីនេះគាត់ស្មោះនឹងប្រពន្ធគាត់ខ្លាំងណាស់ ខ្លាំងរហូតដល់ក្លាយជាខ្ញុំបម្រើប្រពន្ធខ្លួនឯងហើយ។ គាត់ជាអ្នកលក់បំប៉័ងប្រហិតប្រចាំតូបលេខ ៦ខ តែរាល់ថ្ងៃគេឃើញតែពូគីម្នាក់គត់ដែលរវល់ញាប់ដៃញាប់ជើងចៀននំប៉័ងឳ្យសិស្សរាប់រយនាក់ពេលចេញលេងម្ដងៗ។ ថ្ងៃខ្លះសិស្សច្រើនពេកពូគីចៀនមិនទាន់ មិនដឹងថានំប៉័ងដាក់ជីរជារបស់សិស្សម្នាក់ណាម្នាក់ណីទេ។ អ្នកខ្លះហៅនំប៉័ងដាក់់ទឹកសៀង គាត់បែរជាយកនំប៉័ងដាក់ទឹកម្ទេសឳ្យទៅវិញ។ ថ្ងៃខ្លះទៀតគាត់ចៀនមិនទាន់ឲ្យក្មេងៗទី៧ ពួកនោះរអ៊ូង៉ូវៗហើយក៏ដើរចេញបាត់។ ពេលពូគីចៀនហើយក៏បាត់អ្នកទិញល្មម។ ក្មេងដទៃទៀតតែងតែបង្អាប់គាត់ថា “នំប៉័ងបាត់ម្ចាស់ហើយពូ”។

ប្ដីរវល់ដល់ងងឹតមុខយ៉ាងនេះហើយ មិនឃើញមីងណែតប្រពន្ធពូគីអើតមុខមកជួយសោះ។ ថ្ងៃមួយនោះខ្ញុំទៅផ្សារជាមួយមិត្តភក្តិឯទៀត ដើរៗទៅស្រាប់តែឃើញមីងណែតអង្គុយឳ្យអ្នកសាឡនលាបក្រចកជើងឳ្យយ៉ាងរំភើយទៅវិញ ហាក់ដូចជាមិនខ្វល់អីសោះ។ អាវណ្ណមិត្តភក្តិខ្ញុំឃើញហើយគ្រវីក្បាលចោលមួយ ហើយបោះសម្ដីថា «មើលមីងណែតចុះ! ធ្វើខ្លួនដូចមិនជំពាក់នរណាមួយរៀល អាណិតតែពូគី។ ឈប់ពីលក់ទៅដល់ផ្ទះដាំបាយធ្វើម្ហូបឳ្យប្រពន្ធឆីទៀត។ ចំជាគួរឲ្យអាសូរមែន!» ខ្ញុំហួសចិត្តដែរ អាវណ្ណវាតាមទៅមើលពូគីបម្រើប្រពន្ធដល់ផ្ទះទៀត។ សើចហើយខ្ញុំក៏តបទៅវាវិញថា «ឯងគិតចឹងត្រូវហើយ ពូគីគាត់ពេញចិត្តនឹងធ្វើ ព្រោះគាត់បានចំណាយពេលមួយថ្ងៃរបស់គាត់យ៉ាងមានតម្លៃបំផុត គាត់មិនដែលចំណាយពេលឥតប្រយោជន៍ដូចប្រពន្ធគាត់ទេ។ ឯកម្រៃដែលគាត់រកបានក៏សាកសមទៅនឹងការចំណាយពេលពេញមួយថ្ងៃរបស់គាត់ដែរ។ អាណិតតែមីងណែតទៅវិញទេ ដែលចំណាយពេលមួយថ្ងៃសម្រាប់ខ្លួនឯងយ៉ាងខ្ជីខ្ជាបំផុត។ ឯងចាំទៅ!ឆាកជីវិតគាត់ក៏អត់ន័យទៅតាមហ្នឹងដែរ។»

បន្ទាប់ពីហៅនំប៉័ងរួច ខ្ញុំនិងមិត្តភក្តិក៏ទៅអង្គុយនៅតុខាងក្រោយចាំនំប៉័ង។ គ្រប់គ្នាដកយកទូរស័ព្ទពីហោប៉ៅខោមកចុចលេងរៀងៗខ្លួន។ គ្រប់គ្នាប្រើប្រាស់កម្មវិធីទូរសព្ទទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ អ្នកខ្លះបើក Messenger Facebook, Instagram, YouTube, Game។ ខ្ញុំក៏ដូចពួកគេដែរ។ ឳ្យខុសគ្នាយ៉ាងដូចម្ដេចកើត បើបែបនោះមែន មិនមែនអាចដើរជាមួយគ្នាបានរាល់ថ្ងៃទេ។ តែក៏មានចំណុចដែលពួកយើងអាចបំពេញគ្នាទៅវិញទៅមកដែរ មនុស្សាមិនមែនជាទេវតាឯណា! តែងមានចំណុចខ្វះចន្លោះចៀសមិនផុតទេ។ ខ្ញុំបើកហ្វេសប៊ុក អូសចុះអូសឡើង ក៏ឃើញរូបមីងណែតបង្ហោះក្នុងគណនីរបស់គាត់។ ខ្ញុំភ្ញាក់ឳ្យក្រញ៉ាង នឹកគិតថា “យីអើ! មីងណែតគាត់ទៅហូបការពីណាទាំងព្រឹកព្រលឹមបែបនេះ? រូបដែលបង្ហោះនោះច្បាស់ណាស់ ទាំងការតុបតែងមុខ ផាត់មុខ ធ្វើម៉ូតសក់ ពាក់គ្រឿងអលង្ការ ជាពិសេសនោះគឺរ៉ូបសម័យពណ៌ស៊ីលៀបរបស់គាត់តម្ដង ដែលបញ្ជាក់ប្រាប់ខួរក្បាលខ្ញុំយ៉ាងច្បាស់ថា គាត់ប្រាកដជាទៅចូលរួមពិធីមង្គលការហើយ។ នៅពេលឃើញខ្ញុំធ្វើមុខស្លើ អាវណ្ណក៏ឆក់យកទូរសព្ទរបស់ខ្ញុំទៅមើល។ បន្ទាប់មកក៏ឮវាឧទានខ្លាំងៗថា ‌‌«ចំ! មីងណែតស្អាតម៉្លេះ!គ្រប់គ្នាក៏នាំគ្នាមើលរូបមីងណែតនៅក្នុងទូរស័ព្ទខ្ញុំ ពេលនោះខ្ញុំឃើញពូគីងាកមកតុខ្ញុំញឹកញាប់ ហើយធ្វើភ្នែកឡង់ៗ ព្រោះប្រហែលគាត់ឮថាមីងណែតប្រពន្ធគាត់ស្អាតហើយ។ ខ្ញុំទាយទុកក្នុងចិត្តថា “ពូគីក៏ចង់មកតុខ្ញុំដើម្បីមើលរូបប្រពន្ធគាត់ដែរ តែជាប់ដៃចៀននំប៉័ង ទើបបានត្រឹមតែធ្វើភ្នែកឡង់ៗដូច្នោះ” ក្រោយពីនោះពូគីលែងមានសតិក្នុងការចៀននំប៉័ង ធ្វើឳ្យនំប៉័ងខ្លះខ្លោច ឯប្រហិតខ្លះក៏ខ្លោចទៅទៀត។ ប្រហែលគាត់គិតទៅមីងណែតហើយ បានជាគ្មានអារម្មណ៍ធ្វើការយ៉ាងនេះ។ ឃើញបែបនោះខ្ញុំក៏ធ្វើជាសញ្ញាប្រាប់់មិត្តភក្តិឳ្យស្ងាត់បន្តិច ព្រោះកុំឲ្យពូគីបាត់ការតាំងចិត្តធ្វើការ ខាតពេលវេលារបស់គាត់។ ក្រោយពីមិត្តភក្តិនៅតុខ្ញុំស្ងាត់បានមួយសន្ទុះធំ ខ្ញុំក៏តបបែបខ្សឹបទៅវណ្ណវិញថា «ស្អាតនោះគឺស្អាតហើយ! តែយើងឆ្ងល់ថាគាត់តែងខ្លួនទៅហូបការពីណាទាំងព្រឹកព្រលឹមបែបនេះ? ហើយគាត់ណា៎ពូកែតែងខ្លួនទៀត រើសរ៉ូបពណ៌ស៊ីលៀបសមនឹងថ្ងៃពុធដែលប្រពៃណីគេស្លៀកពណ៌ស៊ីលៀបនៅថ្ងៃពុធនេះ»។ និយាយហើយពូគីយកនំប៉័ងមកឳ្យល្មម តែគួរឳ្យហួសចិត្តណាស់ដែរសម្រាប់អាវណ្ណ គឺអ្វីដែលវាបានហៅ(កុម៉្មង់) គឺមិនបានដូចចិត្តទេ ព្រោះតែពូគីបាត់បងសតិកក្នុងការចៀននំប៉័ងហ្នឹងឯង។ ខ្ញុំខ្សឹបប្រាប់វាថា «ហ្នឹងហើយ! មាត់មិនមានគម្រប។ សម្លេងឮឲ្យដល់តូប ក តូប ខ ។ មិនចេះគិតថាអាចប៉ះពាល់អារម្មណ៍អ្នកដទៃសោះ។»

ហូបនំប៉័ងបណ្ដើរ ពួកគេលេងទូរស័ព្ទបណ្ដើរ។ ភ្លាមៗនោះស្រាប់តែមានគំនិតមួយទៀតហើយផុសមកក្នុងខួរក្បាលរបស់ខ្ញុំ “ហូបបាយ តែមិនដឹងរសជាតិបាយ។ ហូបនំប៉័ង តែមិនដឹងថានំប៉័ងឆ្ងាញ់ឬអត់? ព្រោះតែដៃច្រកនំប៉័ងក្នុងមាត់ ឯភ្នែកនិងរសជាតិអារម្មណ៍នៅឯទូរស័ព្ទឯណោះ។ ពិតជាខ្ជះខ្ជាយមែន! ធ្វើបែបនេះហូបនំប៉័ងមួយប៉ុន្មាននាទីទើបអស់? ខាតពេលទទេរ!»។ ខ្ញុំឈប់សម្លឹងមើលពួកគេ ហើយមកប្រឹងហូបនំប៉័ងឳ្យឆាប់អស់វិញ។ ទីបំផុតខ្ញុំហូបអស់មុនពួកគេមែន។ ហូបហើយក៏យកទូរស័ព្ទមកលេងវិញ។ ខ្ញុំប្លែកខុសពីគេត្រង់ខ្ញុំជាមនុស្សដែលមានឧយោជភ្លាមៗ ខ្ញុំតែងតែគិតឃើញអ្វីប្លែកៗដែលអាចជួយខ្លួនឯង និងអ្នកដទៃក្នុងការអភិវឌ្ឍខ្លួនបាន។ ខ្ញុំនឹកឃើញគំនិតមួយ ហើយក៏និយាយក្នុងចិត្តខ្លួនឯងថា “ហេតុអីក៏ខ្ញុំមិនយកពេលលេងទូរស័ព្ទនេះ មករៀនអង់គ្លេសតាមសៀវភៅដែលខ្ញុំបានទាញមកទុកក្នុងទូរស័ព្ទទៅ? ឯសៀវភៅអង់គ្លេសដែលខ្ញុំទាញតាមគេហទំព័រទុកក៏មានច្រើន ទាំងប្រភេទអំណាន ប្រភេទបង្រៀនសរសេរ ប្រភេទវេយ្យាករណ៍ វីឌីអូស្ដាប់ ម្ដេចក៏យកពេលនេះទៅចំណាយលើរឿងមិនសូវបានការទៅវិញ? ចំជាចំណាយពេលឥតប្រយោជន៍មែន!”។ ដាស់សតិខ្លួនឯងហើយ ខ្ញុំក៏ចូលទៅក្នុងឯកសារផ្ទុកសៀវភៅយកមករៀន។ ខ្ញុំរៀនធ្វើលំហាត់ក្នុងមេរៀនដែលនឹងត្រូវរៀនគួរអង់គ្លេសនៅពេលល្ងាច។ ប្រហែល៥នាទីក្រោយមកមានអារម្មណ៍ថា ខ្ញុំអាចត្រៀមខ្លួនសម្រាប់មេរៀនពេលល្ងាចបានហើយ។ ខ្ញុំមិនចាំបាច់លួចម៉ោងណាមួយទៅអង្គុយមើលមេរៀនមុនទេ។ តាមពិតទៅ ថ្ងៃខ្លះខ្ញុំបានត្រៀមមេរៀនពីផ្ទះមកស្រេច តែថ្ងៃខ្លះម៉ោងរៀនច្រើនពេក ក៏យកមេរៀនម៉ោងគួរមកមើលនៅសាលាតែម្ដង ដើម្បីយកពេលគេងឳ្យគ្រប់៨ម៉ោង។ បើគេងមិនគ្រប់គ្រាន់ទេប្រាកដជាធ្លាក់សម្រស់ នារីៗលែងចាត់ទុកជានិមិត្តរូបរបស់ពួកគេជាមិនខាន ឯខួរក្បាលក៏ខ្សោយទៅតាមនោះដូចគ្នាដែរ។

ក្រោយពីការចេញលេងម៉ោងទីមួយបានបញ្ចប់ទៅ ពួកខ្ញុំត្រូវចូលរៀនវិញតាមរយៈស្នូរជួងពូពេជ្របន្លឺឡើងសារជាថ្មី។ រឿងវាយជួងនេះពូពេជ្រច្បាស់លាស់ពេលវាលាណាស់។ ទោះបីគាត់ជាប់និយាយទូរស័ព្ទ តែគាត់មិនដែលភ្លេចម៉ោងវាយជួងចេញនិងចូលទេ។ ខ្ញុំឃើញពូពេជ្រកាន់ញញួរសំណព្វចិត្តរបស់គាត់ ដោយដោតកាសស្ដាប់ចម្រៀងក្នុងត្រចៀកពេលដើរទៅវាយជួង។ មើលទៅពូពេជ្រទំនងជានិយាយទូរសព្ទច្រើនជាង មិនមែនស្ដាប់ចម្រៀងតាមកាសដោតត្រចៀកនោះទេ ព្រោះមាត់គាត់កំពុងតែបង្ហើបម្ហបៗហាក់ដូចជាមនុស្សកំពុងនិយាយស្ដី។ គាត់ដើរតាំងៗទៅដល់ក្រោមដើមគគីរធំមួយនៅចំហៀងខាងស្ដាំអគារសាលា ដែលជាកន្លែងព្យួរជួងនឹងមែកគគីរនោះ។ បង្អង់មួយសន្ទុះ គាត់ដកកាសខាងស្ដាំចេញពីត្រចៀកគាត់ ហើយក៏យារញញួរវាយទៅលើជួងឮសូរ ម៉ឺង...ម៉ឺង...។ ខ្ញុំទប់សំណើចនឹងគាត់មិនបាន បើគាត់មិនទាន់ផ្ដាច់ខ្សែទូរស័ព្ទម្ខាងទៀតទេ តើសម្លេងជួងរំពងទីធ្លាវិទ្យាល័យទាំងមូល មិនធ្វើឳ្យអ្នកម្ខាងទៀតបែកក្រដាសត្រចៀកទៅហើយទេឬ? អូហ៎! ឬក៏គាត់ព្រមព្រៀងជាមួយម្ខាងទៀតហើយថា ឳ្យចេញឆ្ងាយពីទូរស័ព្ទរយៈចម្ងាយ៥០០ម៉ែត្រ ព្រោះគាត់ត្រៀមវាយជួងហើយ? ប្លែកម្យ៉ាងរបស់ពូពេជ្រ។

រឿងនេះធ្វើឲ្យខ្ញុំនឹកឃើញកាលខ្ញុំនៅក្មេង។ ពេលនោះពួកខ្ញុំនាំគ្នាលេងបំផ្ទុះគ្រាប់រំសេវក្នុងត្រឡោក។ គ្រានោះខ្ញុំ ជាមួយមិត្តភក្តិក្មេងៗប្រមាណជា៤ទៅ៥នាក់ទៀតបបួលគ្នាទៅទិញគ្រាប់រំសេវពីចិនម៉េង។ នៅពេលលេងពួកខ្ញុំក៏ដាក់ការព្រមព្រៀងគ្នាថាចូលទៅដុតផាវម្នាក់ម្ដង។ អ្នកដុតត្រូវតែប្រើឈើគូសដើម្បីគូស ហើយដុតកន្ទុយផាវនោះ នៅពេលដុតហើយត្រូវរត់ឳ្យលឿន បើមិនទាន់ទេផាវប្រាកដជាផ្ទុះកម្លោចមុខយើងជាមិនខាន។ នៅពេលវេនខ្ញុំមកដល់ ខ្ញុំភ័យណាស់ តែក៏ហ៊ានណាស់ដែរ។ ខ្ញុំគូសឈើគូសនឹងចំហៀងប្រអប់ ហើយក៏ដុតកន្ទុយយកតែម្ដង។ ដុតតែ២វិនាទីទេ ខ្ញុំក៏រត់មកពួននៅក្រោយបាវ គ មីងនីយ៉ាងលឿន ដោយមិនខ្វល់ថាផាវនោះឆេះដល់ផ្ទុះឬអត់? រត់លឿនពេកខ្ញុំក៏ជំពប់ជើងដួល ព្រោះទាក់នឹងដងចបកាប់មីងនី។ ខ្ញុំនឹកក្ដៅចិត្តឆេវ គិតថា«ឆ្ងល់មីងនីណាស់ គ្មានកន្លែងដាក់របស់របរត្រឹមត្រូវទេអី បានជាមកដាក់តែផ្ដាសបែបនេះពេលនោះមុខខ្ញុំប្រលាក់ដីឳ្យទ្រលោម។ ដល់វេនសុធាមក។ ក្នុងចំណោមពួកខ្ញុំសុធាគឺជាក្មេងដែលតូចល្អិតជាងគេ។ ពេលនោះខ្ញុំមើលទៅសុធាដូចជាមិនភ័យខ្លាចអ្វីសោះ។ គេទាញយកឈើគូសមួយចេញពីប្រអប់ហើយគូសវា។ ពេលនោះខ្ញុំរវល់តែយកដៃទាំងពីរខ្ទប់ត្រចៀក ហើយបិទភ្នែកទៀតផង ព្រោះល្បែងនេះគឺត្រូវតែប្រតិបត្តិបែបនេះហើយទើបសប្បាយ។ ខ្ញុំឮខ្សាវៗដូចជាក្មេងផ្សេងទៀតស្រែកឳ្យសុធារត់។ មិនបានប៉ុន្មានសម្លេងផាវផ្ទុះឮសូរផូង ខ្ញុំញញឹមបន្តិច តែពេលបើកភ្នែកមកស្រាប់តែភ្ញាក់នឹងសុធា។ មុខរបស់គេប្រែជាខ្មៅ ហើយចេញផ្សែងតាមជើងសក់ទៀត។ នេះខ្ញុំគិតថាបើសិនជាសង្សារពូពេជ្រមិនបានគេចទេ ប្រាកដជាភ្ញាក់នឹងសម្លេងជួង ហើយស្រែករកព្រះផ្លូវកាត់មិនខាន។ ព្រះផ្លូវកាត់នោះគឺមិនមែន ពុទ្ធោ ទេ តែជាពាក្យចំអាស់ដែលអ្នកភ្ញាក់បញ្ចេញមកអស់គ្មានសល់។

ថ្ងៃនេះខ្ញុំយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ណាស់ កាលពីម៉ោងមុនខ្ញុំមិនច្បាស់មេរៀនប្រវត្តិវិទ្យា។យើងបានរៀនពីមេរៀនសង្គ្រាមលោក ខ្ញុំនៅឆ្ងល់ថាហេតុអីក៏សង្គ្រាមលោកលើកទីពីរនៅតែកើតឡើង? ព្រោះថាលទ្ធផលនៃសង្គ្រាមលោកលើកទី១ បានធ្វើឲ្យមនុស្សជាតិបាក់ស្បាតនឹងសង្គ្រាមទៅហើយ។ ចុះពួកអ្នកដឹកនាំក្នុងអតីតកាលទាំងនោះ នៅតែបង្កើតសង្គ្រាមមកធ្វើអី? ឬក៏ពួកគាត់គិតថាដំបូងនៃការចាប់ផ្ដើមសង្គ្រាម គ្រាន់តែតឹងសរសៃកដាក់គ្នាហើយក៏សាបទៅវិញ។ មែនហើយពួកគាត់ម្ដេចនឹងអាចទស្ស៍ទាយពីអនាគតបានទៅ។ ខ្ញុំមិនដឹងពីអនាគតខ្ញុំទេ ពួកគាត់មិនដឹងពីអនាគតពួកគាត់ មនុស្សជាតិក៏មិនដឹងពីអនាគតរបស់ផែនដីមួយនេះដែរ។ គ្មាននរណាម្នាក់ដឹងថានឹងកើតមានសង្គ្រាមស្ទើរតែប្រល័យពូសាសន៍មនុស្សជាតិទូទាំងផែនដីឯណា! តែថា! នៅពេលពួកគាត់បញ្ជារសង្គ្រាមតទល់នឹងប្រទេសផ្សេងៗ។ នៅពេលពួកគាត់បញ្ជាទ័ព ទាំងជើងគោក ជើងទឹក ជើងអាកាស ធ្វើសង្គ្រាម វាតទី ពួកគាត់ប្រាកដជាដឹងពីការខូចខាតដែលនឹងកើតឡើង ពីហានិភ័យដល់ផែនដីទាំងមូល ហេតុអីក៏ពួកគាត់នៅតែធ្វើទៀត? ពួកគាត់មាននឹកឃើញចំណុចនេះទេន៎? ខ្ញុំនៅតែឆ្ងល់ ឆ្ងល់តាំងតែពីពេលបញ្ចប់មេរៀនម្ល៉េះ តែមិនបានសួរគ្រូ។ ហើយនៅបន្តឆ្ងល់រហូតមកដល់ម៉ោងនេះ។ ហើយខ្ញុំក៏គិតដែរថា តើមិត្តរួមថ្នាក់ខ្ញុំគេឆ្ងល់ដូចខ្ញុំដែរឬអត់? ឬក៏គេយល់ពីរឿងនេះហើយ? ឬក៏គេបានត្រឹមតែរៀនតាមមេរៀន ឆ្លើយតែសំណួរគ្រូដាក់ឳ្យ មិនយកចិត្តទុកដាក់នឹងរឿងផ្សេងគ្មានបានការ? គិតចុះគិតឡើង ខ្ញុំក៏រកចម្លើយឃើញដោយខ្លួនឯង។ ព្រះអើយ! ខ្ញុំក៏ឆ្លាតមិនចាញ់ រ័ត្ន ដែលជាសិស្សលេខ១ក្នុងថ្នាក់នោះដែរ។ ចម្លើយនោះគឺ ព្រោះតែពួកគាត់កើតជាមនុស្សលោក មនុស្សលោកមាន លោភៈ ទោសៈ មោហៈ នៅក្នុងខ្លួន។ ព្រោះតែមូលហេតុទាំងបួននេះហើយ ដែលធ្វើឳ្យផែនដីស្រស់ស្អាតមួយនេះស្ទើរតែក្ស័យ។

ម៉ោងរៀន ក៏ចេះតែរំលងទៅហើយវាបានធ្វើឲ្យខ្ញុំគិតថា ខ្លួនឯងមិនបានចំណាយពេលខ្ជះខ្ជាយទទេ។ ព្រោះខ្ញុំយកចិត្តទុកដាក់ណាស់មួយថ្ងៃនេះ។ ខ្ញុំក៏លួចសរសើរខ្លួនឯងថា «ចំជាពូកែប្រើប្រាស់ពេលវេលាមែន» តែថាពេលខ្លះ ជីវិតយើងមិនមែនសុទ្ធតែអាចប្រព្រឹត្ត ឬប្រើរយៈពេលមួយថ្ងៃ បានល្អប្រពៃរាល់ៗថ្ងៃនោះទេ។ នៅថ្ងៃខ្លះ ខ្ញុំក៏បានចំណាយពេលវេលាយ៉ាងខ្ជះខ្ជាយផងដែរ។ ដូចកាលពីថ្ងៃអាទិត្យមុននោះ ខ្ញុំចាំបានថា ខ្ញុំមិនចេះប្រើពេលវេលាឲ្យបានត្រឹមត្រូវសោះហើយ។

ជាទូទៅ ថ្ងៃអាទិត្យខ្ញុំមិនដាក់ម៉ោងរោទិ៍ទេ គឺព្រោះថាមិនចង់ឳ្យអ្នកណារំខានដំណេក។ គេងឲ្យស្រួល ហើយពេញលេញនៅថ្ងៃអាទិត្យជាសេចក្ដីសុខមួយដែលមនុស្សគ្រប់់រូបប្រាថ្នា។ ប៉ុន្តែដោយសារតែចង់ចំណាយពេលគេងនេះហើយ ទើបធ្វើឳ្យកិច្ចការដែលរៀបចំត្រូវធ្វើនៅថ្ងៃអាទិត្យទាំងអស់ត្រូវអាក់ខាន។ តែថា! មិនគួរណារឿងហ្នឹងនៅតែកើតឡើងសោះ។ ឃើញថាខំចៀសណាស់ដែរ។ តែទោះជាខ្ញុំប្រឹងចៀសយ៉ាងណា ក៏ខ្ញុំនៅតែត្រូវការការគេង៨ម៉ោងដដែល។ អេហ៎! តែថាហេតុអីក៏មួយរយៈនេះខ្ញុំគេងមិនសូវលក់សោះអ៊ីចឹង? ដូចជា៥ថ្ងៃហើយដែលខ្ញុំមានអារម្មណ៍ថាគេងមិនបាន៥ម៉ោងផង ព្រោះតែគេងមិនលក់ហើយក៏រកការងារនេះនោះធ្វើទើបខ្ញុំមិនចាប់អារម្មណ៍។

ប្លែកណាស់! ខ្ញុំក៏គួរតែងងុយគេងខ្លះៗដែរ តែនេះគ្មានសោះ។ ខ្ញុំចាំបានថាកាលពី៥ថ្ងៃមុនខ្ញុំនៅធ្វើលំហាត់គណិតរហូតដល់ម៉ោង៣រំលងអធ្រាត្រ ព្រោះថាជក់នឹងលំហាត់ពេក។ តែខ្ញុំក៏សម្រេចចិត្តចូលគេងភ្លាមៗ ព្រោះមិនចង់នៅជ្រៅពេកខ្លាចភ្ញាក់មិនកើតនៅពេលព្រឹក។ បន្ទាប់ពីថ្ងៃនោះមក គឺ៤ថ្ងៃមុន ខ្ញុំធ្វើលំហាត់រូបវិទ្យាដល់ម៉ោង...ប្រហែលជា១២អធ្រាត្រ ក៏សម្រេចចិត្តថាចូលគេងតាមហេតុផលដូចដើម។ តែខ្ញុំគេងមិនលក់ទាល់តែសោះ។ ខ្ញុំប្រើវិធីសូត្រមន្ត ហើយក៏ព្យាយាមបិទភ្នែក តែមិនលក់ទេ។ ខ្ញុំក៏ព្យាយាមរាប់លេខតាមវិធីលោកខាងលិច ១ ២ ៣ ... រហូតដល់...ប៉ុណ្ណាទៅ? បើចាំមិនភ្លេចប្រហែលជា ១០០១ ហើយក៏ឈប់ត្រង់លេខ ១០០១ នេះឯង។ មិនមែនដោយសារតែជាអ្នកគាំទ្ររឿងអារ៉ាប់ ១០០១យប់នោះទេ តែគឺព្រោះខ្ជិលរាប់តទៀត។ ខ្ញុំព្យាយាមរកមូលហេតុដែលធ្វើឲ្យខ្ញុំគេងមិនលក់ មកពីខ្ញុំញ៉ាំអីខុស? ការគិតរឿងញ៉ាំអីខុស! មានចំណីដែលញ៉ាំហើយធ្វើឳ្យគេងមិនលក់ដែរឬយ៉ាងណា? បើតាមតែដឹងមានតែចំណីញ៉ាំហើយធ្វើឳ្យឈឺពោះ រាគរូស ឬពុល។ តែចំណីញ៉ាំហើយគេងមិនលក់នេះ មិនទាន់ជួបនៅឡើយទេ។ ឬក៏ខ្ញុំត្រូវជួបលើកនេះតែម្ដង? អ្ហេ៎ហ! មិនសមសោះ ឬក៏ខ្ញុំផឹកកាហ្វេ? មែនហើយខ្ញុំចាញ់ជាតិកាហ្វេ។ ឳ្យតែផឹកកាហ្វេលើកណា ខ្ញុំតែងតែគេងមិនលក់រាល់លើក។ តែពេញមួយថ្ងៃនេះមិនទាន់បានជាតិកាហ្វេចូលខ្លួនសូម្បីតែបន្តិច។ ឬក៏វាគ្រាន់តែជាអាការៈធម្មតា? មែនហើយ! វាគួរតែជារឿងធម្មតា ខ្ញុំក៏សម្រេចចិត្តថាទៅធ្វើលំហាត់ត ព្រោះបើយប់នេះគេងមិនលក់ក៏ល្អដែរ នឹងអាលបញ្ចប់លំហាត់ដែលនៅសល់។ ហើយយប់ស្អែកនឹងគេងឳ្យស្កប់ស្កល់តែម្ដង។

មកដល់៣ថ្ងៃមុន វាមិនដូចអ្វីដែលខ្ញុំគិតទុកថានឹងគេងឳ្យសប្បាយដៃនោះទេ។ មិនមែនមានន័យថាខ្ញុំមានបញ្ហាសុខភាព ឬរឿងរ៉ាវដែលរំខានដល់សេចក្ដីសុខនៃការគេងនោះទេ។ គឺខ្ញុំគេងមិនលក់នោះឯង។ តែនៅយប់នោះខ្ញុំដឹងខ្លួនថាបើគេងមិនលក់ក៏ទៅរកអ្វីធ្វើទៅទើបមិនសូវចាប់អារម្មណ៍ពីមូលហេតុនៃការមិនងងុយគេង។ រហូតដល់ព្រលឹមខ្ញុំក៏រៀបចំខ្លួនទៅរៀនធម្មតា។

ជីវិតវិទ្យាល័យមានតែប៉ុណ្ណឹងឯង នៅសាលាសឹងតែរាល់ថ្ងៃទៅហើយ។ ២ថ្ងៃមុន ជាថ្ងៃដែលខ្ញុំកើតមានការក្ដៅក្រហាយជាអនេក។ ខ្ញុំអន្ទះអន្ទែងនៅមិនសុខទាល់តែសោះនៅលើគ្រែអស់រយៈពេល ៧ម៉ោង។ ៧ម៉ោង? នេះ៧ម៉ោងណា៎ដែលខ្ញុំគេងក្ដៅក្រហាយលើគ្រែរឿងគេងមិនលក់។ ព្យាយាមបិទភ្នែកយ៉ាងណាក៏វាមិនលក់ម្ដងសោះ។ ខ្ញុំសម្រេចចិត្តថាមិនក្រោកទៅធ្វើអីទេ ត្រូវតែគេឳ្យលក់ ព្រោះមិនបានគេងមកច្រើនថ្ងៃហើយ។ មិនថាខ្ញុំព្យាយាមយ៉ាងណាខ្ញុំក៏នៅតែក្រោកពីគ្រែនៅម៉ោង៦កន្លះព្រឹកទៅរៀបចំខ្លួនទាំងមិនទាន់បានគេងទាល់តែសោះ។

មកទល់ពេលព្រឹកខ្ញុំអស់សេចក្ដីក្ដៅក្រហាយ ក្លាយជាចម្ងល់និងសេចក្ដីព្រួយបារម្ភ។ ហេតុអីខ្ញុំគេងមិនលក់? ហើយហេតុអីខ្ញុំមិនមានអារម្មណ៍ថានឿយហត់អស់កម្លាំងទាំងដែលខ្ញុំមិនទាន់បានគេងសោះច្រើនយប់ទៅហើយ? ខ្ញុំនៅតែមានកម្លាំងដូចថ្ងៃធម្មតា គឺដូចថ្ងៃដែលខ្ញុំគេងគ្រប់៨ម៉ោងធម្មតា។ នេះ! នេះខ្ញុំកើតអីឬ? ឬខ្ញុំមានជំងឺគេងមិនលក់? វាដូចជាមិនអាចកើតឡើងចំពោះក្មេងវិទ្យាល័យដូចខ្ញុំទេ ព្រោះថារៀនពេញមួយថ្ងៃវាគួរតែហត់រហូតដល់គ្រាន់តែទម្លាក់ខ្លួនលើគ្រែក៏លក់បាត់ទៅហើយ។ តែនេះគ្មានទេ។

ដោយសារតែមិនមានបញ្ហារឿងអស់កម្លាំង ឬនឿយហត់ទើបខ្ញុំមានកម្លាំងបន្ថែមចូលស្រាវជ្រាវឯកសារមួយចំនួនទាក់ទងនឹងជំងឺគេងមិនលក់នៅក្នុងបណ្ណាល័យ។ ខ្ញុំមកតែម្នាក់ឯងទេ គ្មានមិត្តណាម្នាក់មកជាមួយទេ។ ព្រោះអីដឹងទេ? យប់មិញលេងហ្គេមជ្រុលដាច់យប់ ទើបនាំគ្នាលង់លក់ក្នុងថ្នាក់រៀន។ ឯខ្ញុំ?

រកចុះរកឡើងអស់កន្លះម៉ោងនៅតែមិនឃើញ។ អ៊ុហ៎! មិនអីទេខ្ញុំធ្វើឲ្យសៀវភៅជ្រុះខ្លួនឯង។ សៀវភៅស្អីគេនេះ ក្របឡើងចំណាស់ ដូចជាសៀវភៅដែលសេសសល់តាំងពីជំនាន់ពីដើម។ ចំណងជើង «ថាមពលពិសេសរបស់មនុស្សលោក» ហើយមកនៅត្រង់នេះដោយរបៀបណា? សៀវភៅចាស់យ៉ាងនេះនៅមានដែរឬ? តែថាចំណងជើងគួរឳ្យចាប់អារម្មណ៍គួរសម។ «ថាមពលពិសេសរបស់មនុស្ស»? និយាយពីអ្វីទៅ? ខ្ញុំបើកមើលមាតិការក៏ស្រាប់តែឃើញជំពូកបី «មនុស្សមានវេលា២៤ម៉ោងលើ២៤ម៉ោង»។ ខ្ញុំស្រាប់តែចាប់អារម្មណ៍ជំពូកនេះចម្លែក ក៏បើកអានមើល។ «ជាប្រភេទមនុស្សដែលមានថាមពលពេញ២៤ម៉ោង មិនត្រូវការការគេង(មិនងងុយ) មិនអស់កម្លាំង មិននឿយហត់។ អាចប្រើវេលាលើសមនុស្សធម្មតាក្នុងការធ្វើរឿងឬកិច្ចកម្មផ្សេងៗបាន»!!! ព្រះ!!! ព្រះជួយ!!! នេះមានមនុស្សប្រភេទនេះពិតមែនឬ? ថាមពលពិសេស? នេះខ្ញុំមានថាមពលពិសេសនេះមែនទេ? មែនទេ? នេះបញ្ជាក់ថាខ្ញុំមានពេលលើសមិត្តភក្តិខ្ញុំដល់ទៅ ៨ម៉ោង។ ហើយវាក៏បញ្ជាក់ថាខ្ញុំអាចធ្វើកិច្ចការដែលខ្ញុំចង់ធ្វើដោយមិនព្រួយបារម្ភរឿងខ្លាចខ្ជះខ្ជាយពេលវេលាមែនទេ? ហើយខ្ញុំក៏មិនចាំបាច់ព្រួយបារម្ភរឿងខ្លាចធ្វើការងារជូនគ្រូមិនទាន់។ ព្រះ!!! នេះមានរឿងបែបនេះកើតឡើងចំពោះខ្ញុំមែនទេ? មែនហើយៗ នៅយប់នោះ! យប់ដែលខ្ញុំធ្វើលំហាត់គណិតរហូតដល់ម៉ោង៣ទាបភ្លឺ ខ្ញុំចាំបាន។ គឺខ្ញុំបានលើកដៃបួងសួងថា«បើខ្ញុំមានវេលា២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងចំណាយវាឲ្យល្អបំផុត ហើយខ្ញុំនឹងនៅធ្វើលំហាត់ដោយមិនខ្វល់រឿងគេង»។ ព្រះ!!! ខ្ញុំនឹកឃើញហើយ តើអ្នកទាំងអស់គ្នាដឹងទេថាវេលាទាបភ្លឺគឺជាពេលដែលមេឃងងឹតបំផុត។ កាលនៅក្មេងយាយខ្ញុំធ្លាប់ប្រាប់ថាព្រោះវាជាពេលដែលព្រះមករៀបចំលោកយើងនេះ ថាលោកនឹងជួបរឿងអ្វីខ្លះក្នុងថ្ងៃថ្មី ហើយព្រះក៏រៀបចំជីវិតថ្ងៃថ្មីឳ្យមនុស្សលោកផងដែរ។

ខ្ញុំដើរមកថ្នាក់វិញទាំងអារម្មណ៍ភ័យអរតិចៗដោយមិនដឹងពីមូលហេតុនៃអាការៈនេះ ជិតដល់ម៉ោងគ្រូចូលថ្នាក់ហើយ មិត្តខ្ញុំប៉ុន្មាននាក់នោះនៅតែក្រាបក្បាលលើតុនៅឡើយ ទំនងងងុយគេងខ្លាំងណាស់ ឯខ្ញុំ! ឯខ្ញុំបែរជាមិនងងុយគេង ហើយក៏មិនចាំបាច់ខ្វល់រឿងគេង ព្រោះ...ព្រោះខ្ញុំមានថាមពលពិសេស៕

My Ambulance รักฉุดใจนายฉุกเฉิน សង្ខេបរឿងនិងតួអង្គ


សង្ខេបរឿង

ថានតាវ៉ាន់ (ម៉ៃដាវីកា) ជានារីម្នាក់ដែលបានលះបង់ជីវិតរបស់គាត់ទៅឱ្យវេជ្ជបណ្ឌិតប៉េង (សាន់នី ស៊ូវ៉ាន់មេថានុន) ជាគ្រូពេទ្យសង្គ្រោះបន្ទាន់ឈាមត្រជាក់ដែលទាក់ទងគ្នាអស់រយៈពេល ១៥ ឆ្នាំ។ ពួកគេជាគូស្នេហ៍មានកម្លាំងពិសេស ដែលអាចទម្លុះមករកគ្នាបាន។ គ្រាន់តែថានតាវ៉ាន់ហៅឈ្មោះប៉េង គ្រូពេទ្យប៉េងក៏អាចមករកនាងយ៉ាងរហ័សទាន់ចិត្ត ប្រៀបដូចជាគ្រូពេទ្យសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួនរបស់នាង។


ពួកគេទាំងពីរនាក់តែងតែជឿថាកម្លាំងពិសេសនេះកើតចេញពី“ សេចក្ដីស្រលាញ់” រហូតដល់ថ្ងៃមួយកំលោះឈ្មោះ ឆ្លាម (ស្កាយវ៉ង់រ៉ាវី) ជានិស្សិតពេទ្យឆ្នាំទី៦ដែលស្ថិតនៅក្រោមការមើលថែពីវេជ្ជបណ្ឌិតប៉េង អាចទម្លុះទៅរកថានតាវ៉ាន់បានម្នាក់ទៀត! ជំនឿរបស់ពួកគេបានចាប់ផ្តើមផ្លាស់ប្តូរ។ 


តើអ្វីទៅជាមូលហេតុនៃកម្លាំងពិសេស?!


នៅពេលដែលថានតាវ៉ាន់កាន់តែចូលទៅស្វែងរកការពិត។ នាងក៏កាន់តែចូលទៅក្បែរឆ្លាម។ រហូតកាន់តែលួចមានចិត្តផ្ដេសផ្ដាស់លើវេជ្ជបណ្ឌិតវ័យក្មេងគួរឱ្យស្រឡាញ់! ឯភាគីប៉េងវិញក៏មានស្រីស្រស់បះមី (តានើងកាន់យ៉ាវី) អ្នកប្រណាំងវ័យក្មេងដែលក្លាយមកជាអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ ហើយសង្ឃឹមថានឹងប្រើភាពស្និទ្ធស្នាលដើម្បីយកឈ្នះចិត្តរបស់វេជ្ជបណ្ឌិតប៉េង។ បណ្តាលឱ្យទំនាក់ទំនងស្នេហារបស់ប៉េងទៅនិងថានតាវ៉ាន់កាន់តែរង្គោះរង្គើ។


“ហើយតើអ្នកទាំងពីរនឹងបន្តមានចិត្តឱ្យគ្នា? ឬមាននរណាម្នាក់ដកចិត្តចេញពីស្នេហាមួយនេះ? »។

មកជួបរឿងរ៉ាវស្នេហារញ៉េរញ៉ៃ ជាមួយបេសកកម្មរបស់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ដែលត្រូវជួបជាមួយថៃ (បេង ធិតិ) បុរសវ័យក្មេងអាថ៌កំបាំងម្នាក់ដែលបានបាត់បង់ប្អូនស្រីនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នាំរឿងរ៉ាវជីវិតមកប្រថុយគ្រោះថ្នាក់ដែលក្រុមគ្រូពេទ្យត្រូវតែប្រឈមមុខ។


តួអង្គក្នុងរឿង

ថានតាវ៉ាន់: ម៉ៃ ដាវីកា  នារីស្រស់ស្អាតនិងស្មោះត្រង់បំផុត ក្នុងជីវិតនេះសាកល្បងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតែក៏មិនចូលចិត្តធ្វើអ្វីទាំងអស់ ក្រៅពី...ចង់មានគ្រួសារកក់ក្តៅ។ ឥឡូវនេះការងាររបស់នាងគឺជាអ្នកជំនាញ “ ថែរក្សាមិត្តប្រុសរបស់ខ្លួន!” នាងបានលះបង់ជីវិតរបស់នាងដើម្បីថែរក្សាលោកវេជ្ជបណ្ឌិតប៉េងមិត្តប្រុសតែម្នាក់គត់របស់នាងដែលបានទាក់ទងជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំមកហើយ។



អាជីពថែរក្សាមិត្តប្រុស: ជាវិជ្ជាជីវៈមួយដែលតែងតាំងដោយខ្លួនឯងនៅពេលដែលមានអារម្មណ៍ថាស្រឡាញ់មិត្តប្រុសរបស់ខ្លួនខ្លាំងបំផុតហើយមិនអាចឈប់ស្រលាញ់បាន។ ហើយចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីថែរក្សាគាត់ឱ្យបានល្អបំផុត។ មុខរបរនេះមានមុខងារសំខាន់ៗដូចជា ការយកចិត្តទុកដាក់ថែរក្សាជាពិសេស ការញ៉ាំគឺត្រូវតែជាអ្វីម្ហូបដែលគាត់ចូលចិត្តតែប៉ុណ្ណោះ។ ការគេងត្រូវការខ្នើយនិងភួយដែលទន់និងមានភាពងាយស្រួលបំផុត។ រួមទាំងការថែរក្សាភាពស្អាតក្នុងបន្ទប់ដែលគាត់នៅ។ ហើយការរើសពណ៌សម្រាប់បន្ទប់ត្រូវតែជាពណ៌ភ្លឺសម្រាប់ជំនួយអារម្មណ៍នៅពេលស្ត្រេសនិងហត់នឿយពីការងារជាដើម។ អ្វីដែលសំខាន់គឺត្រូវរក្សាស្នេហាឱ្យនៅភ្លឺជានិច្ច។ មិនថាបេះដូងឈប់ដើរឬយ៉ាងណាក៏ដោយ!

ប៉េង: សាន់នី ស៊ូវ៉ាន់មេថានុន វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់ឈាមត្រជាក់ ដែលបានឧទ្ទិសជីវិតរបស់គាត់ទៅជាវេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់ធ្វើការប្រឆាំងនឹងពេលវេលា។ ទ្រឹស្ដីប្រចាំតួរបស់គាត់គឺ"យឺតមួយវិនាទីអាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាន" រហូតដល់បណ្តាលឱ្យពេលខ្លះថានតាវ៉ាន់ឈឺចាប់ដែលប៉េងមិនមានពេលវេលាសម្រាប់ស្នេហាទាល់តែសោះ។


RESIDENT (វេជ្ជបណ្ឌិតស្នាក់នៅមន្ទីរពេទ្យ) ទម្រាំក្លាយជា Resident ម្នាក់ត្រូវឆ្លងកាត់ការសិក្សា “បណ្ឌិតវេជ្ជសាស្ត្រ” ក្នុងវគ្គសិក្សា ៦ ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សាត្រូវបន្តវគ្គ Internship ឬវគ្គហាត់ការ រយៈពេលមួយឆ្នាំ និងរៀនជាពេទ្យអាហារូបករណ៍ រយៈពេល ២ ឆ្នាំទៀត។ បន្ទាប់ពីនោះនៅពេលដែលគ្រូពេទ្យចាប់អារម្មណ៍លើមុខជំនាញជាក់លាក់មួយ ពួកគេអាចជ្រើសរើសទៅសិក្សានៅកន្លែងជាក់លាក់នោះគឺ Resident នេះឯង។ បន្ថែមពីលើការត្រួតពិនិត្យអ្នកជំងឺក្រោមការត្រួតពិនិត្យរបស់សាស្ត្រាចារ្យវេជ្ជសាស្ត្រ Resident ក៏ត្រូវតែជាអ្នកប្រឹក្សានិងទទួលខុសត្រូវចំពោះការថែទាំនិស្សិតពេទ្យផងដែរ។


ឆ្លាម: ស្កាយ វ៉ង់រ៉ាវីណាធីថន និស្សិតពេទ្យឆ្នាំទី ៦ (Extern) ជាមនុស្សដែលឆ្គាំឆ្គងបំផុតដែលស្ថិតនៅក្រោមការមើលថែពីវេជ្ជបណ្ឌិតប៉េង។ មានក្តីសុបិន្តក្លាយជាវេជ្ជបណ្ឌិតល្អ។ ប៉ុន្តែតែងតែបង្កើតបញ្ហាឱ្យវេជ្ជបណ្ឌិតប៉េងឈឺក្បាលជាប្រចាំ។ ធ្វើឱ្យសង្សាររបស់ប៉េង ថានតាវ៉ាន់ស្អប់មុខឆ្លាមយ៉ាងខ្លាំង!


EXTERN (និស្សិតពេទ្យឆ្នាំទី ៦) និស្សិតពេទ្យដែលសិក្សានៅឆ្នាំសិក្សាចុងក្រោយនៃការបង្រៀនផ្នែកវេជ្ជសាស្រ្តបឋមត្រូវបានគេហៅថា “វេជ្ជបណ្ឌិត” ពីព្រោះពួកគេត្រូវធ្វើការហ្វឹកហាត់ជាមួយអ្នកជំងឺពិតៗ។ ត្រូវតែធ្វើដូចវេជ្ជបណ្ឌិតគ្រប់រូប។ ប៉ុន្តែនឹងមិនអាចធ្វើការបង្គាប់បញ្ជាដោយផ្ទាល់បានទេ។ ត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សាស្រ្តាចារ្យពេទ្យ។ ដែលជាគ្រូពេទ្យស្នាក់នៅមន្ទីរពេទ្យ ឬគ្រូពេទ្យអាហារូបករណ៍យ៉ាងតឹងរឹង។



បះមី: តានើង កាន់យ៉ាវី អ្នកប្រណាំងវ័យក្មេងដែលប្តូរទៅអីអឹមធី (EMT) ទទួលខុសត្រូវចំពោះការបើកបររថយន្តសង្គ្រោះបន្ទាន់សង្ឃឹមថានឹងយកឈ្នះបេះដូងរបស់វេជ្ជបណ្ឌិតប៉េងដែលនាងចូលចិត្ត បើទោះបីជាគាត់មានមិត្តស្រីរួចហើយក្ដី។ ប៉ុន្តែបះមីនឹងប្រយុទ្ធ! នាងប្រកាន់ខ្ជាប់នូវបាវចនាមួយ "នេះមិនមែនហៅថាការដណ្ដើមទេប៉ុន្តែជាការប្រកួតប្រជែង" ។




EMT (Emergency Medical Technician) (អ្នកបច្ចេកទេសវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់) បុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ ត្រូវបានគេស្គាល់ថាជា EMT ដែលអាចធ្វើការសង្គ្រោះបឋម ហើយអាចបើកបររថយន្តសង្គ្រោះបន្ទាន់ នៅពេលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ត្រូវធ្វើការប្រគៀកប្រកិតនឹងពេលវេលា។ មួយវិនាទីអាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាន។ កាតព្វកិច្ចបើកបររថយន្តសង្គ្រោះបន្ទាន់ប្រៀបទៅនឹងអ្នកដែលគ្រប់គ្រងឆាកជីវិតរបស់អ្នកជំងឺ ក្នុងការបញ្ជូនពីកន្លែងគ្រោះថ្នាក់ឱ្យដល់មន្ទីរពេទ្យ។


ថៃ: បេង ធិតិ មហាយោធរ័ក កំលោះសង្ហារគួរឱ្យស្រឡាញ់ដែលបាត់បង់ប្អូនស្រីតែម្នាក់គត់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយ។ ធ្វើឱ្យគាត់មានអារម្មណ៍ឯកកោនិងឈឺចាប់ជាមួយនឹងការបាត់បង់នេះ។ រហូតដល់គិតធ្វើអ្វីមួយដើម្បីប្អូនស្រីជាទីស្រឡាញ់។


ត៎ោ: បិវគីន ភុតធីភុងអ័តសរ័តនកុន និស្សិតពេទ្យឆ្នាំទី ៦ (Extern) កំលោះវ័យក្មេងម្នាក់ដែលធ្វើខ្លួនអ្នកលេងជាមិត្តជិតស្និទ្ធរបស់ឆ្លាម។ ចូលចិត្តធ្វើឱ្យមនុស្សគ្រប់គ្នាសើចសប្បាយ។ ហើយត្រៀមខ្លួនដើម្បីក្លាយជាវេជ្ជបណ្ឌិតល្អនាពេលអនាគត។


វ៉ាន: ប៉ន ផុនវិតកេតប្រះផាកន និស្សិតពេទ្យឆ្នាំទី ៦ (Extern) កំលោះវ័យក្មេងជាមិត្តជិតស្និទ្ធបស់ឆ្លាម។ មកជាមួយស្នាមញញឹមដ៏ស្រស់ស្រាយធ្វើអោយគិលានុបដ្ឋាយិកាត័កសិស្សច្បងលង់ស្រលាញ់។


ត័កៈ ប៉ុកគី ប៉ះវីនុតផេងណាខន គិលានុបដ្ឋាយិកាសិស្សច្បងនៅក្នុងផ្នែកសង្គរោះបន្ទាន់ជាមនុស្សកំប្លុកកំប្លែង ជាជំនួយការដ៏ល្អសម្រាប់វេជ្ជបណ្ឌិតប៉េង។ ហើយចាប់ផ្តើមមានស្នេហាជាលើកដំបូងក្នុងជីវិតដោយលួចស្រលាញ់វេជ្ជបណ្ឌិតវ៉ាន។ កំលោះសង្ហារនៅក្នុងនាយកដ្ឋានសង្គ្រោះបន្ទាន់។


Nurse (គិលានុប្បដ្ឋាយិកា) ធ្វើរោគវិនិច្ឆ័យនិងព្យាបាល។ គិលានុបដ្ឋាយិកាគឺជាមិត្តរួមក្រុមរបស់វេជ្ជបណ្ឌិត។ ដែលនឹងមានកាតព្វកិច្ចមើលថែទាំនិងស្តារនីតិសម្បទាអ្នកជំងឺតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។ នៅក្នុងនាយកដ្ឋានសង្គ្រោះបន្ទាន់នេះ សង្កត់ធ្ងន់លើការថែទាំយ៉ាងបន្ទាន់ដើម្បីធានាបាននូវការរស់រានមានជីវិតហើយត្រូវតែប្រកួតប្រជែងជាមួយនឹងពេលវេលា។ គិលានុបដ្ឋាយិកាត្រូវតែមានភាពរុះរាន់ មុតស្រួចនិងរហ័សរហួន។



ឡេកៈ ថបថេប ណាផាន់ថនឆោកឈិនដាឆៃ អ្នកបើករថយន្តសង្គ្រោះបន្ទាន់នៅក្រុមរបស់បងមានជំនាញប៉ិនប្រសប់និងបង្កើតសំណើចដល់ក្រុមវេជ្ជបណ្ឌិត។



ថិវខោ:  ភីភី គីរិតអាំនួយដេតកន មុខរាងពងក្រពើក្មេងជាងគេ ជាប្អូនប្រុសរបស់ថានតាវ៉ាន់ ជាអ្នកប្រឹក្សាស្នេហាដល់បងស្រីរបស់ខ្លួនហើយក្នុងពេលតែមួយនោះត្រៀមខ្លួនការពារបងស្រីគ្រប់ស្ថានភាព។


ណងឃីម: ម៉ាឆិដា សុតធីគុនផានិត ប្អូនស្រីជាទីស្រឡាញ់របស់ថៃ គឺជាក្មេងស្រីដែលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ព្យាយាមជួយសង្គ្រោះជីវិតនាងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍។ ទោះបីជានាងបានស្លាប់នៅទីបញ្ចប់ក៏ដោយ ប៉ុន្តែណងឃីមនៅតែស្ថិតនៅក្នុងការចងចាំដ៏ឈឺចាប់របស់បងប្រុសនិងក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់។


ស្វាយ ឬ ខៀវ



ខ្ញុំស្រលាញ់ពណ៌ខៀវ។ តាំងពីធំដឹងក្ដីមកពណ៌ខៀវគឺជាជម្រើសទី១នៅពេលមាននរណាម្នាក់សួរអំពីពណ៌។ 

ខ្ញុំមានអារម្មណ៍ថានិស្ស័យរបស់ខ្ញុំត្រូវនឹងពណ៌ខៀវច្រើនជាងពណ៌ផ្សេងទៀត។ ប៉ុន្តែនៅពេលទិញរបស់ប្រើសប្រាស់ផ្សេងៗ ភាគច្រើនគឺមិនមែនជាពណ៌ខៀវទេ តែជាពណ៌ប្រផះឬ ពណ៌អាចម៍សេះ អិអិអិ។ ខ្ញុំមានអារម្មណ៍ថាពណ៌ខៀវជាពណ៌ដែលក្លាសិក មើលហើយមានអារម្មណ៍ថាថ្លៃថ្នូរនិងមានឧត្តមភាពខ្ពស់។ 


ដែលអំណះអំណាងទាំងនេះប្រហែលជាត្រូវនឹងនិស្ស័យរបស់ខ្ញុំច្រើន។ ប៉ុន្តែពណ៌ខៀវដែលខ្ញុំចូលចិត្តមកគ្រប់ពេលគ្រប់វេលាអស់រយៈពេលជាច្រើនឆ្នាំធ្វើឳ្យខ្ញុំមានអារម្មណ៍ថាសោកសៅ។ ខ្ញុំភាគច្រើនរស់នៅជាមួយអារម្មណ៍សោកសៅ ហើយក៏ចូលចិត្តពណ៌សោកសៅ។ មិត្តខ្ញុំម្នាក់បានប្រាប់ថាគាត់ចង់ប្ដូរមកយកពណ៌លឿងជាពណ៌តំណាងវិញ ព្រោះតែហេតុផលនេះឯង។ ដល់ពេលមកប្រទេសថៃ រឿងនេះផ្លាស់ផ្ដូរបន្តិចម្ដងៗ។ ខ្ញុំជានិស្សិតដែលទទួលអាហារូបករណ៍របស់ម្ចាស់ក្សត្រីយ៍សិរិនថនមកសិក្សានៅប្រទេសថៃ នៅពេលចូលកាន់តែជ្រៅពីរឿងអាហារូបករណ៍ ពីរឿងប្រទេសថៃ ក៏បានដឹងថាពណ៌ស្វាយជាពណ៌តំណាងរបស់ទ្រង់។ 

វាធ្វើឳ្យខ្ញុំចាប់ផ្ដើមគិតថាតើខ្ញុំគួរតែផ្លាស់ប្ដូរដូចមិត្តខ្ញុំឬទេ? ក្រោយមកទៀតក៏មានមិត្តភក្តិជនជាតិថៃប្រាប់ថា ពណ៌ស្វាយ? មើលទៅដូចសោកសៅៗ។ ខ្ញុំក៏សម្រេចចិត្តថាមិនថ្វីទេ បើពណ៌ស្វាយអាចក្លាយជាពណ៌សំណព្វជំនួសពណ៌ខៀវបានវានឹងធ្វើឳ្យយើងមានអារម្មណ៍បែបនេះដោយខ្លួនឯង។ ហើយបើពណ៌ខៀវ និងពណ៌ស្វាយជាពណ៌ដែលសោកសៅដូចគ្នា ម្ដេចមិនអាចយកពណ៌ស្វាយមកជំនួសពណ៌ខៀវបាន? យូរទៅក៏មានអារម្មណ៍ថាអាចនៅជាមួយពណ៌ស្វាយបាន ទើបសម្រេចថាពណ៌ស្វាយគឺជាពណ៌សំណព្វតទៅនេះ អិអិអិ...។ ឥឡូវនេះខ្ញុំនៅក្នុងធីមពណ៌ស្វាយ នរណាខ្លះធីមពណ៌ស្វាយ?


សុំដេក៤៨ម៉ោង... ប្រកាច់សំងំដេកចឹង តិចភ្លៀងលិចកូរ៉ាតមិនដឹងខ្លួន?



ថ្ងៃនេះមកនិយាយពីអារម្មណ៍ ភ្លៀងធ្លាក់រយៈពេលយូរបំផុតនៅកូរ៉ាតតាំងពីខ្ញុំបានមកដល់ទីនេះ។ អារម្មណ៍មួយទៀតនោះគឺ ស្នើសុំដេករយៈពេល៤៨ម៉ោង ហុហុហុ។
អារម្មណ៍ភ្នែកខ្មៅក្រឡង់ៗ





នេះជារសៀលថ្ងៃសុក្រ ដែលខ្ញុំនៅតែមានអារម្មណ៍ថាជាពេលព្រឹកថ្ងៃសុក្រនៅឡើយ​ បន្ទាប់ពីចំណាយពេលមួយយប់ទល់ភ្លឺធ្វើការរួមជាមួយមិត្តរួមមុខជំនាញ។

គឺថា...នៅប៉ុន្មានថ្ងៃខាងមុខនេះសាកលវិទ្យាល័យមានកិច្ចកម្មធំមួយនោះគឺ កីឡាពណ៌ ដែលតម្រូវឳ្យសិស្សតាមមុខជំនាញនីមួយៗចូលរួមកិច្ចកម្មនេះតាមរយៈការសម្ដែង (ហើយមានអីទៀត...? ហាហាហា) ចឹងប៉ុណ្ណឹងសិនចុះ ចាំប្រាប់ទៀតពេលក្រោយ បើទំនេរ។ ដូច្នេះហើយខ្ញុំ និងមិត្តរួមមុខជំនាញក៏នាំគ្នាលាបព័ណ៌ស្គរដែលទុកសម្រាប់វាយឬទូងជាភ្លេងរបស់សកលវិទ្យាល័យនៅក្នុងពិធី។ សួរថាហេតុអ្វីបានជាពួកយើងត្រូវចំណាយពេលមួយយប់ទល់ភ្លឺធ្វើការងារមួយនេះ? គឺពួកយើងត្រូវបញ្ជូនការងារនេះឳ្យសិស្សច្បងត្រួតពិនិត្យនៅថ្ងៃសុក្រនេះឯង។ ប៉ុន្មានថ្ងៃមុនជាថ្ងៃប្រឡងពាក់កណ្ដាលឆមាស(ត្រីមាស)​ រវល់ណាស់ ហុហុហុ! ទើបល្ងាចថ្ងៃព្រហស្បត្តិ៍នេះជាពេលវេលាសមរម្យបំផុតក្នុងការធ្វើការរហូតដល់...ដាច់យប់!

ពេលកំពុងចាប់ផ្ដើមធ្វើខ្ញុំក៏ស្វះស្វែងដៃជើងជួយមិត្តភក្តិ ខណៈពេលនោះមានមិត្តម្នាក់បានថតរូបខ្ញុំ ឃើញហើយខ្ញុំក៏ស្ទុះទៅមើលទើបឃើញថាទេ! មិនសូវស្អាតទេ! ក៏នឹកឃើញថា អេ៎ហ! ថតម្ដងទៀត! យកឳ្យល្អជាងនេះ បែបស្ទាវៗ ហុហុហុ។ ក៏បានរូបមួយដែលខ្ញុំបានផុសនៅក្នុងគណនីអ៊ីនស្តាក្រាម និងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំ ជាមួយនឹងឃ្លាភ្ជាប់រូបថា «ទុកចិត្តចុះ ខ្ញុំយំលែងចេញហើយ... #ទេពច្យុតក្លែងក្លាយ» ដែលជាឃ្លាខ្លីនៅក្នុងស្នៀតសៀវភៅ ទេពច្យុតក្លែងក្លាយ របស់អ្នកនិពន្ធ ធឿន វុទ្ធី
8: 20 PM Product Design Building


តោះ! ចូលរឿងធ្វើការៗ ហាហាហ។ បន្ទាប់ពីធ្វើការបានបន្តិចភ្លៀងក៏ចាប់ផ្ដើមធ្លាក់រលឹមរលុយមក។ អារម្មណ៍ធ្វើការដាច់យប់ជាមួយនឹងខ្យល់ត្រសៀកៗរបស់កូរ៉ាតប្រទេសថៃ ធ្វើឳ្យខ្ញុំនឹងដល់កម្ពុជាដែនដីសុវណ្ណភូមិជាពន់ពេក នឹកខែររងានៅកម្ពុជា នឹងភ្លៀងរបស់ស្ទឹងត្រង់ កំពង់ចាម តែ...ខ្ញុំត្រូវធ្វើការ! ត្រូវធ្វើការ! រវល់តែអណ្តែតហ្នឹងងងុយគេងធ្វើអីលែងកើតឥឡូវហើយ!

អូខេ! ធ្វើការហើយក៏ចប់ហើយ! ហាហាហា! ម៉ោង៦ព្រឹកល្មម យើងក៏សម្រេចថារៀបចំរបស់ ហើយត្រឡប់មកអគារស្នាក់នៅ។ ព្រឹកនេះខ្ញុំមានរៀនម៉ោង៨ព្រឹក គ្រាន់តែមកដល់អគារស្នាក់នៅភ្លាមខ្ញុំក៏ប្រះខ្លួនដេកលើពូករបស់បងប្រុសអនុបណ្ឌិត (ព្រោះគាត់លួចយកកន្លែងគេងរបស់ខ្ញុំសោយសុខបាត់ទៅហើយ។ សង្ស័យបេតីកន្លែងគេងរបស់ខ្ញុំហើយមើលទៅ?)។ ក្នុងចិត្តគិតថាគេងបន្តិចដាក់ម៉ោងរោទិ៍ស្រួលបួល នឹងបានក្រោកមករៀនទាន់ពេល មានឯណា! ម៉ែ! ក្រោកមកម៉ោង៩ ភ្លៀងរលឹមស្រេចៗ និយាយជាមួយមិត្តភក្តិចុះឡើងៗ ក៏សម្រេចថា​ អូខេ! ខ្ញុំដេកវិញ!

ភ្ញាក់មកម្ដងទៀតគឺម៉ោង១២ថ្ងៃត្រង់ហើយ ត្រឡប់មកបន្ទប់ មកកន្លែងគេងផ្ទាល់ខ្លួន ហើយឆ្លៀតសោយសុខជាមួយការគេងបន្ថែមទៀតព្រោះថា​ ម៉ោងដែលត្រូវរៀនពេលថ្ងៃហ្នឹង លោកគ្រូឡាញមកប្រាប់ថា ណូក្លាស!

បន្ទាប់ពីសម្រេចចិត្តស្រួលបួលសម្រួលភ្នែកដែលខ្មៅក្រឡង់ៗ និងឈឺតិចៗហើយ ក៏ទៅមូជទឹក។ នឹកមមៃរកអីស៊ី។ ហាហាហា! ក៏សម្រេចចិត្តថាញ៉ាំមីកំប៉ុង ព្រោះភ្លៀងនៅបន្តធ្លាក់នៅឡើយ។ ក៏បានវីឌីអូខ្លីផុសក្នុងស្តូរីផ្សព្វផ្សាយពាណិជ្ជកម្មមី។ អារម្មណ៍ញ៉ាំមីកំប៉ុងក្ដៅៗ ជាមួយប្រហិតចៀនក្ដៅៗ និងតែច្រជាក់របស់ថៃ ក្នុងសកម្មភាពកំពុងអានប្រលោមលោកដែលមិត្តផ្ញើឳ្យកាលពីយប់មិញ...ល្អហួសថ្លែង​! ក៏កើតតណ្ហាជាមួយនឹងឲកាសបែបនេះ «សុំដេក៤៨ម៉ោង» តែថា រវល់តែសោយសុខអ៊ីចឹងតិចភ្លៀងលិចកូរ៉ាតអត់ដឹងខ្លួនទៅ បើភ្លៀងធ្លា្កក់អត់ទាន់ដាច់ផង!
ពាណិជ្ជកម្មមីពេលភ្លៀងធ្លាក់


I Wake Up and We Became Strangers ភាគបញ្ចប់


«ដេត! មានរឿងអីទៀតហើយ?» ខ្ញុំក៏ផ្ដើមសំណួរបន្ទាប់ពីសម្រួលអារម្មណ៍ហត់ដែលលួចចេញពីផ្ទះមក
«នាងមិនត្រូវការខ្ញុំទៀតទេ» ដេតតបបែបមនុស្សស្រវឹងស្រា ហើយក៏ចង់យំផងដែរ
«គេយ៉ាងម៉េច? ហើយឈ្លោះគ្នារឿងអី?»
«គេមិនទទួលទូរស័ព្ទខ្ញុំទេ ហិហិហិ»
«គេអាចរវល់ក៏ថាបានណា៎!» ខ្ញុំព្យាយាមលួងលោមមនុស្សប្រុសដែលខ្លួនស្រលាញ់ នៅពេលដែលគាត់ឈ្លោះគ្នាជាមួយមិត្តស្រីគាត់
«អត់ទេ! គេទូរស័ព្ទមកខ្ញុំវិញ»
«អាហ៎! ហើយយ៉ាងម៉េចទៀត?»
«គេ! គេ! គេ......»
«គេយ៉ាងម៉េច?»
«គេសុំខ្ញុំបែកគ្នា ហិហិហិ»
ព្រះ! នេះដេតជួបរឿងនេះទៀតហើយមែនទេ? ហួសហេតុពេកហើយ នេះមួយរយៈដែលដេតទាក់ទងសុជាតា គឺពួកគេដូចជាស្អិតរមួតជាមួយគ្នាណាស់។ ឯសុជាតាក៏ស្រលាញ់់ដេតណាស់ដែរ ហេតុអីក៏គេមកសុំបែកគ្នាងាយៗបែបនេះ?

ខ្ញុំសុំដេតចេញមកក្រៅបន្តិច ដោយទុកឳ្យគេនៅយំដូចកូនក្មេងតែម្នាក់ឯង ហើយប្រថុយទូរស័ព្ទទៅសុជាតា។ ខ្ញុំដឹងថាខ្ញុំចូលដៃក្នុងរឿងពួគេ ប៉ុន្តែខ្ញុំក៏មិនអាចបណ្ដោយឳ្យដេតមកខូចចិត្តដោយសារតែពាក្យបែករបស់នាងបែបនេះនោះដែរ។
ខ្ញុំស្រាប់តែស្ងាត់មិនមានពាក្យអីតបទៅសុជាតាទៀតបន្ទាប់ពីនិយាយជាមួយនាងរួច។ ខ្ញុំស្ថិតនៅក្នុងសភាពដែលពិបាកពណ៌នា។ ខ្ញុំមិនច្បាស់ថាខ្ញុំត្រូវធ្វើអ្វីបន្តទៀត។

ខ្ញុំត្រឡប់មកតុដែលដេតកំពុងតែលើកកែវស្រាអក ហើយក៏ឆ្លេចសួរគេមួយសំណួរទាំងមិនបានត្រៀមចិត្តថាត្រូវសួរ
«ដេត បែកគ្នាជាមួយជាតាមែនទេ?» ខ្ញុំទាញកៅអីមកអង្គុយដូចដូចដើមវិញ
«អត់ទេ!» ល្អ! ដល់ពេលដែលខ្ញុំត្រូវស្ដាប់ការបកស្រាយរបស់មនុស្សប្រុសដែលខ្ញុំលួចស្រលាញ់មកជាយូរហើយដែរ។
«ដេតបែកគ្នាជាមួយជាតាយូរហើយមែនទេ? ដេតអាចប្រាប់ខ្ញុំបាន ដេតប្រហែលជាត្រូវការអ្នកនិយាយជាមួយ។ ខ្ញុំនៅទីនេះនិយាយជាមួយដេតបាន» ខ្ញុំនិយាយទាំងអារម្មណ៍អស់ពីខ្លួនរលីង ព្រោះដឹងថាអ្វីដែលខ្ញុំនឹងឮអាចនឹងធ្វើឳ្យខ្ញុំគាំងបាន
ខ្ញុំកំពុងតែស្ដាប់ដេតរៀបនិយាយដោយយកចិត្តទុកដាក់ ហើយក៏មិនភ្លេចត្រៀមចិត្តទទួលយករឿងដែលខ្ញុំមិនដឹងពីមុនមក ស្របពេលដែលម៉ាក់បានទូរស័ព្ទមកខ្ញុំចំនួន៧ដងទៅហើយ។ ខ្ញុំយកដៃដែលកំពុងតែញ័រតិចៗ ចុចបិទទូរសព្ទរបស់់ម៉ាក់។
«ខ្ញុំបែក...នឹងជាតាតាំងពី៤ខែមុន» ដេតអកស្រាអស់ពីកែវហើយទម្លាក់វាលើតុតិចៗ។ ខ្ញុំចាក់ស្រាឳ្យគេបន្ថែមព្រោះ ស្រាដែលគេកុម្ម៉ង់មកទុកលើតុនៅសល់ច្រើនទៀត
«ពេលនោះខ្ញុំលួចទាក់ទងក្មេងស្រីម្នាក់រៀននៅវិទ្យាល័យ ក្រោយមកជាតានាងដឹងរឿងហ្នឹង ទើបនាងសុំខ្ញុំបែកគ្នា» ល្អ! ដែលដេតផឹកប៉ះស្រានិយាយការពិតចេញ
«យើងក៏បែកគ្នា ហើយខ្ញុំក៏ទាក់ទងក្មេងស្រីនោះ បានមួយខែ។ ព្រោះតែនាងនៅក្មេងពេក ទើបនាងមិនចង់ទាក់ទងអ្នករៀនសាកលវិទ្យាល័យដូចខ្ញុំ នាងថានាងស្រលាញ់មនុស្សប្រុសរៀននៅវិទ្យាល័យជាង។ ហិហិហិ» ខ្ញុំស្ដាប់ដេតដោយអារម្មណ៍នឹងនរជាទីបំផុត សូម្បីតែសម្លេងយំរបស់គេក៏មិនបានធ្វើឳ្យចិត្តខ្ញុំពេលនេះរង្គើដែរ។ យំទៅដេត!
«ខ្ញុំខូចចិត្តណាស់មេត្តា ម៉េចក៏ខ្ញុំជួបតែរឿងបែបហ្នឹង? ហិហិហិ...»
«ចឹង! ដេតមកយំទីនេះព្រោះតែក្មេងស្រីម្នាក់នោះមែនទេ?» ខ្ញុំ!ខ្ញុំ!សួរដេតទាំងបេះដូចឈឺពឺតៗ ភាពខ្លោចផ្សាកំពុងតែវាយលុយបេះដូងដ៏បរិសុទ្ធរបស់ខ្ញុំយ៉ាងស្ងៀមស្ងាត់ពេលនេះ
«អត់ទេ!» អ៊ឹម! និយាយទៀតមកដេត។ ខ្ញុំដូចជាល្ងង់ណាស់។ ដេតជួយនិយាយឳ្យខ្ញុំឈប់ដើរតួជាស្រីល្ងង់ចាប់ពីយប់នេះទៅផង
«ខ្ញុំបានទាក់ទងនឹងមនុស្សស្រីម្នាក់ទៀត យើងជួបគ្នានៅក្រៅបានច្រើនដែរ។ មើលទៅគេដូចជាស្រលាញ់ខ្ញុំណាស់ មិននឹកស្មានថាគេមានសង្សាររួចទៅហើយសោះ។ គេយកខ្ញុំគ្រាន់តែបញ្ឈឺសង្សារគេប៉ុណ្ណោះ ព្រោះពេលនោះគេឈ្លោះគ្នា តែឥឡូវគេត្រូវគ្នាវិញហើយ គេក៏សុំខ្ញុំបែកគ្នា។ គេមិនចង់ឳ្យសង្សារបស់គេមានការយល់ច្រឡំតទៀត។»
«ជាហេតុធ្វើឳ្យដេតមកអង្គុយផឹកម្នាក់ឯងមែនទេ?»
«ហិហិហិ! ខ្ញុំឈឺចិត្តណាស់មេត្តា។ អារ័ត្នវាមិនមកកំដរខ្ញុំទេ! វារវល់តែជាមួយសង្សារថ្មីរបស់វាហ្នឹង» អូហ៎! បែបហ្នឹង!

អស់ហើយ ខ្ញុំគ្មានអ្វីត្រូវសួរដេតទៀតទេ។ ក្នុងខួរក្បាលខ្ញុំពេលនេះគឺទទេរស្អាត ខណៈពេលដែលបេះដូងខ្ញុំកំពុងឈឺពើត។ ខ្ញុំអង្គុយបញ្ច្រកស្រាដេត។ ទេ! គឺដេតខ្លួនឯងដែលកុម្ម៉ង់ស្រាជាច្រើនដបមក ខ្ញុំគ្រាន់តែចិត្តល្អអង្គុយចាក់ស្រាឳ្យគេផឹកឳ្យឆាប់អស់តែប៉ុណ្ណោះ។ ដេតស្រវឹងកាន់តែខ្លាំង ឯខ្ញុំក៏ស្រវឹងដែរ ខុសត្រង់ដេតស្រវឹងស្រា ខ្ញុំស្រវឹងអារម្មណ៍។
បន្ទាប់ពីផឹកស្រាអស់ខ្ញុំក៏យកកាបូបលុយគេទាញលុយមកគិត។ ខ្ញុំអាចចិត្តល្អអង្គុយចាក់ស្រាឳ្យគេផឹកមែន តែខ្ញុំមិនមែនជាអ្នកមានដែលអាចចំណាយលុយលើរឿងគ្មានបានការរបស់គេនោះដែរ។ ខ្ញុំឌុបគេទៅផ្ទះដោយឳ្យគេជិះឳបខ្ញុំពីក្រោយ។ ដេតមិនត្រឹមតែស្រវឹងខ្លាំងនោះទេ គេថែមទាំងក្អួតដាក់អាវក្រៅរបស់ខ្ញុំទៀតផង តែមិនអីទេដេត ខ្ញុំនឹងល្អដាក់លោកឳ្យចប់ចុងចប់ដើម។

ខ្ញុំយកគេមកដល់មុខផ្ទះរបស់គេ ដោយម៉ាក់គេចេញមកទទួលបន្ទាប់ពីខ្ញុំចុចកណ្ដឹងហៅ។ ខ្ញុំបានយកអាវដែលគេក្អួតដាក់ញាត់ចូលក្នុងកាតាបរបស់គេ។ ម៉ាក់គេសម្ដែងក្ដីត្រកអរមកកាន់ខ្ញុំដែលបានជូនកូនប្រុសរបស់គាត់មកផ្ទះ ព្រោះគាត់ព្យាយាមទាក់ទងដែរតែដេតបិទទូរស័ព្ទគាត់។

ខ្ញុំមកដល់ផ្ទះជាមួយនឹងអាវយឺតដៃខ្លីពណ៌សរបស់ខ្ញុំ ដែលមានក្លិនស្រា និងក្លិនក្អួតចង្អោរមកជាមួយ។ ខ្ញុំយកម៉ូតូទុក ហើយក៏ដើរចូលទៅក្នុងផ្ទះទាំងអារម្មណ៍ស្មើរធឹង។
«នាងទើបមកពីណា?» សម្លេងដ៏ខ្លាំងរបស់ម៉ាក់ធ្វើឳ្យខ្ញុំភ្ញាក់ព្រឺត។ នេះម៉ោង១២យប់ទៅហើយម៉ាក់និងប៉ាមិនទាន់ចូលសម្រាន្តទៀត។ ព្រះអើយ! រឿងធំហើយខ្ញុំ
«នាងថ្លើមធំណាស់នាងមេត្តា។ ខ្ញុំសួរម្ដេចនាងមិនឆ្លើយ?»
«អូន! បានហើយ»
«នាងចេញទៅក្រៅទាំង​យប់ ចូលផ្ទះវិញពាក់កណ្ដាអធ្រាត្រទាំងសភាពបែបនេះ សម្ដែងថាយ៉ាងម៉េច? នាងជួយនិយាយប្រាប់ខ្ញុំផងមើល» ម៉ាក់ក្រោកចេញពីសាឡុងមកឈរសម្លឹងមុខខ្ញុំ។ ខ្ញុំពេលនេះ គ្មានអារម្មណ៍នឹងខូចចិត្ត គ្មានអារម្មណ៍នឹងយំ ហើយក៏មិនឈឺនឹងសម្ដីម៉ាក់់ថាឳ្យដែរ។ ចិត្តខ្ញុំស្ពឹកហើយ
«ខ្ញុំទៅជូនមិត្តភក្តិទៅផ្ទះព្រោះម៉ូតូគេខូចតាមផ្លូវ» ខ្ញុំប្រមូលអស់ភាពក្លាហានមកនិយាយជាមួយម៉ាក់។ ទេ! គឺមកកុហកម៉ាក់។ តែ......
ផាំង!!!!!
អូយ!
«អូនប៉ុណ្ណឹងបានហើយ ឳ្យកូនគេឡើងទៅបន្ទប់ទៅ» ប៉ាស្ទុះមកចាប់ដៃម៉ាក់ ឯខ្ញុំបានត្រឹមយកដៃមកអង្អែលថ្ពាល់ឆ្វេងដែលម៉ាក់ទះយ៉ាងខ្លាំងអំបិញមិញ។
ព្រះអើយ! ឈឺណាស់!
«នាងនៅពោលពាក្យមុសាទាំងកណ្ដាលយប់បែបនេះមែនទេ? ខ្ញុំបានបង្រៀននាងឳ្យចេះពោលពាក្យមុសាឬយ៉ាងណា? ខ្លួននាងធំក្លិនស្រាឳ្យង៉ោង នាងបែរកុហកថាជួយជូនមិត្តទៅផ្ទះ? នាងគិតថាខ្ញុំល្ងង់ឬយ៉ាងណា?»
ខ្ញុំសុំទោសម៉ាក់...ខ្ញុំបានត្រឹមសុំទោសម៉ាក់ ទាំងមិនហ៊ាននិយាយពាក្យនេះចេញក្រៅនៅពេលនេះ...ទីនេះ...
«ខ្ញុំហត់នឹងនិយាយជាមួយនាងណាស់ នាងមេត្តា។ នេះខ្ញុំពិតជាចង់ដឹងណាស់ ថាហេតុអ្វីបាននាងថ្លើមធំហ៊ានល្មើសនឹងច្បាប់ក្នុងគ្រួសារនេះ? ហើយនាងនៅបន្តដល់ពេលណា?» ស្ដីហើយម៉ាក់ក៏ដើរចេញទៅ
«យ៉ាងម៉េចហើយកូន ឈឺខ្លាំងទេ?» ខ្ញុំស្រាប់តែស្រក់ទឹកភ្នែកមួយតំណក់បន្ទាប់ពីឮសំណួររបស់ប៉ា
«មើល! ឳ្យប៉ាមើលបន្តិចមើល» ប៉ាទាញថ្ពាល់ខាងឆ្វេងរបស់ខ្ញុំទៅមើល ឯខ្ញុំបានត្រឹមទឹកភ្នែករលីងរលោង ហិហិហិ...
«កូនអត់អីទេប៉ា! ឳ្យកូនសុំទោសផងដែលធ្វើឳ្យប៉ាត្រូវអត់ងងុយបែបនេះ។ កូនសុំទោស! ហិហិហិ.......» ទឹកភ្នែកដែលត្រៀមតែនឹងចេញក៏ចេញមកដោយមិនអាចឃាត់បាន ហើយខ្ញុំបានត្រឹម​ឈ្មុលមុខចូលក្នុងទ្រូងប៉ា ហើយយំខ្លាំងៗ

ឥឡូវនេះម៉ោង១និង៣០នាទីរំលងអធ្រាត្រ ម៉ោងនៅក្នុងបន្ទប់ដ៏ស្ងៀមស្ងាត់របស់ក្មេងស្រីឈ្មោះថា មេត្តា។ ហើយពេលនេះខ្ញុំសូមនិយាយរឿងក្នុងចិត្តឳ្យបានធូរស្បើយ៖
     ដេត? ហេតុអី? ហេតុអីក៏ជាខ្ញុំ? ហេតុអីក៏ជាខ្ញុំដែលត្រូវក្លាយជាមនុស្សស្រីរងគ្រោះព្រោះតែក្ដីស្រលាញ់ទៅលើលោក? ហេតុអីក៏ខ្ញុំមិនមែនជាមនុស្សស្រីដែលលោកគួរតែមានទំនាក់ទំនងជាមួយ? ខ្ញុំមិនល្អត្រង់ណា? ខ្ញុំតែងតែធ្វើល្អៗដាក់លោក ព្រោះខ្ញុំស្រលាញ់លោក។ រឿងហ្នឹងលោកក៏ដឹង ពេលនោះម្ដេចលោកចាំបាច់សម្ដែងធ្វើជាល្អដាក់ខ្ញុំបើលោកនៅតែមិនជ្រើសរើសយកខ្ញុំ? បន្ទាប់ពីខ្ញុំសារភាពហើយហេតុអីក៏លោកមិនអាចប្រាប់ខ្ញុំមួយម៉ាត់ថា យើងមិនអាចចាប់ផ្ដើមទំនាក់ទំនងលើសពីមិត្តភាព? ល្អដេត! ខ្ញុំតែងតែចិញ្ចឹមចិត្តស្រលាញ់ជូនលោកទោះជាដឹងថា លោកមិនជ្រើសយកខ្ញុំ ហើយលោកចាប់ផ្ដើមក្ដីស្រលាញ់ជាមួយជាតា។ ក្រោយនោះខ្ញុំពិតជាល្ងង់ណាស់ ដែលមិនដឹងថាលោកលួចក្បត់ជាតាទៅទាក់ទងក្មេងស្រីម្នាក់។ ខ្ញុំក៏បន្តល្ងង់ទៀតដែលមិនដឹងថាលោកបែកពីជាតាហើយ ទៅចាប់ផ្ដើមជាមួយក្មេងស្រីនោះ។ ខ្ញុំពិតជាមិនដឹងសោះថាលោកបន្តបែកគ្នាជាមួយនាង ហើយទៅទាក់ទងមនុស្សស្រីម្នាក់ទៀតដែលមិនមែនជាខ្ញុំ។ បន្ទាប់ពីបែកគ្នាពីនាង លោកគ្មាននរណានៅក្បែរសូម្បីតែមិត្តភក្តិជិតស្និទ្ធរបស់លោក។ គេរវល់ជាមួយសង្សារថ្មីរបស់គេមែនទេ? ហេតុអីមុននេះគេប្រាប់ខ្ញុំថាយាយគេឈឺមិនអាចមកកំដរលោកផឹកបាន? ហេតុអីក៏ជាខ្ញុំដែលត្រូវទទួលយកភាពឯការបស់លោកនៅពេលដែលអ្នកផ្សេងគេបោះបង់លោកចោល? ហេតុអីក៏មុននេះលោកផ្ញើសារទុក្ខសោកមកខ្ញុំ បើខ្ញុំមិនមែនជាមនុស្សស្រីសំខាន់ដែលលោកគួរស្រលាញ់? លោកនិយាយថាលោកដូចជាកង់សាគួររបស់គេ ចុះខ្ញុំវិញ មុននេះខ្ញុំក៏ជាកង់សាគួររបស់លោកដែរមែនទេ? មែនហើយដេត ខ្ញុំជាកង់សារគួរបស់លោកពិតមែន តែស្អែកនេះ ខ្ញុំមិនមែនទៀតទេ។ ខ្ញុំនឹងគេងឳ្យលក់ក្នុងពេលបន្តិចទៀត ក្រោយពីនោះ ខ្ញុំភ្ញាក់ពីគេង ហើយយើងបានក្លាយជាអ្នកដទៃ។ លាហើយដេតដែលនឹងក្លាយជាអ្នកដទៃនៅព្រឹកថ្ងៃស្អែក!

យើងកំពុងនៅក្នុងបន្ទប់ប្រជុំ ហើយខ្ញុំកំពុងតែទាញកៅអីអង្គុយចុះបន្ទាប់ពីមុននេះខ្ញុំបានក្រោកបង្ហាញពីគោលគំនិតទៅកាន់សមាជិកក្រុម។ ទាំងអស់គ្នាក៏បានទះដៃទទួលយកនូវគោលគំនិតរបស់ខ្ញុំ ឯលោកគ្រូគម្រោងសរសើរមិនដាច់ថាគំនិតខ្ញុំល្អ! តែថាមុននេះខ្ញុំរកកលតែនឹងដួលទេតើ? ម្ដេចក៏ពេលនេះខ្ញុំក្លាយជាមនុស្សថ្មីម្នាក់ដែលមានកម្លាំមាំមួន និងមានបញ្ញាខ្ពស់យ៉ាងដូច្នេះ? ហឹស! អរគុណមនុស្សម្នាក់ដែលឈរហៅឈ្មោះខ្ញុំនៅក្រៅបន្ទប់ប្រជុំមុននេះ គ្រាន់តែឃើញមុខគេភ្លាម កម្លាំងកម្ហែងដែលខ្ញុំបាត់ទៅមួយព្រឹកក៏ត្រឡប់មកវិញ ថែមទាំងទ្វេរដងទៀតផង។ ខ្ញុំទទួលបានគ្រប់យ៉ាងមកវិញ កម្លាំង ភាពស្រស់ស្រាយ ស្នាមញញឹម ភាពវាងវៃ។ ខ្ញុំដើរចេញពីគេទាំងធ្វើដូចជាមិនមានអ្វីកើតឡើងសោះ។ ឯគេបានត្រឹមអង្គុយធ្វើមុខស្លឺមើលមកខ្ញុំទាំងចម្លែកចិត្ត។

ដេត! ពិតហើយដែលថា ខ្ញុំភ្ញាក់ពីគេងហើយយើងក្លាយជាអ្នកដទៃ!  (ចប់)

សូរិន្ទ , ប្រទេសថៃ ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ ម៉ោង ១១៖០៧ នាទីយប់

ព្រោះ...ព្រោះខ្ញុំមានថាមពលពិសេស

ឆាកជីវិតមនុស្សប្រែប្រួលលឿនណាស់។ ឲ្យជាក់ស្ដែងទៅ យើងកំពុងតែរស់នៅក្នុងថ្ងៃនេះ ទាំងដែលម្សិលមិញកន្លងផុតពីជីវិតយើងទៅក្នុងរយៈពេលប៉ុន្មានម៉ោងប៉...